ការបៀមមេដៃជាទម្លាប់ញឹកញាប់មួយដែលកើតឡើងលើក្មេងតូចៗភាគច្រើន។ ដូច្នេះនៅពេលដល់ចំណុចមួយគ្រប់គ្រាន់ អ្នកនឹងប្រើវិធីគ្រប់បែបយ៉ាងដើម្បីបញ្ឈប់គេកុំឲ្យធ្វើបែបនេះទៀត ព្រោះវាជាទម្លាប់មួយមិនល្អឡើយបើសិនជានៅតែបន្តដល់គេធំទៀត។
ទារកមានទម្លាប់ពីធម្មជាតិ និងរ៉េផ្លិចជញ្ជក់ ដែលជាហេតុអាចធ្វើឲ្យពួកគេចេះតែយកមេដៃ ឬម្រាមណាផ្សេងទៀតដាក់ចូលមាត់ ហើយពេលខ្លះរឿងនេះក៏កើតឡើងតាំងពីគេមិនទាន់កើតម្លេះ។ ដោយសារតែការជញ្ជក់មេដៃអាចធ្វើឲ្យទារកមានអារម្មណ៍ថាមានសន្តិសុខក្នុងចិត្ត ក្មេងខ្លះអាចនឹងបង្កើតជាទម្លាប់ជញ្ជក់មេដៃនៅពេលពួកគេត្រូវការគេង។
ក្មេងជាច្រើននឹងឈប់ជញ្ជក់មេដៃដោយខ្លួនឯងក្នុងពេលវេលាមួយដែលគេធំបន្តិច ជាពិសេសនៅចន្លោះអាយុ ២ ទៅ៤ឆ្នាំ។ សម្រាប់ក្មេងធំៗដែលបន្តជញ្ជក់មេដៃទៀត ការដាក់សម្ពាធលើពួកគេក្នុងសាលារៀន ច្រើនតែបញ្ចប់ទម្លាប់នេះបានដោយខ្លួនឯងដែរ។
ចូរចាំថា ទោះបីវាក្មេងដែលឈប់ជញ្ជក់មេដៃហើយក៏ហើយ តែរឿងនេះនៅតែកើតមានទៀតនោះ វាអាចជាសញ្ញាបញ្ជាក់ថា ពួកគេកំពុងតែស្ត្រេស ឬមានភាពតក់ស្លុតចំពោះរឿងអ្វីមួយហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ការជញ្ជក់មេដៃយូរពេកក៏មិនល្អចំពោះក្មេងដែរ ព្រោះវាអាចធ្វើឲ្យរំខានដល់ការដុះធ្មេញរបស់ពួកគេបាន៕