ជំងឺរលាកថ្លើមប្រភេទ C គឺជាការបង្ករោគដោយវីរុសមួយប្រភេទដែលធ្វើឲ្យថ្លើមរលាក ហើយពេលខ្លះអាចវិវត្តទៅជាការខូចថ្លើមធ្ងន់ធ្ងរទៀតក៏មានដែរ។ ជំងឺនេះឆ្លងតាមរយៈឈាម។
ការបង្ករោគដោយសារវីរុសរលាកថ្លើមប្រភេទ C រយៈពេលយូរ វានឹងធ្វើឲ្យមានជំងឺរលាកថ្លើមប្រភេទ C លក្ខណៈរ៉ាំរ៉ៃ។ ជំងឺនេះច្រើនតែមានលក្ខណៈស្ងៀមស្ងាត់រយៈពេលច្រើនឆ្នាំ រហូតដល់ថ្លើមខូចគ្រប់គ្រាន់ ទើបបង្កជារោគសញ្ញាតែម្តងទៅ។ រោគសញ្ញាទាំងនោះមានដូចជា៖
- ងាយនឹងហូរឈាម
- ងាយនឹងជាំស្បែក
- អស់កម្លាំង
- មិនឃ្លានអាហារ
- ស្បែក និងភ្នែកទៅជាលឿង
- ទឹកនោមខាប់
- រមាស់ស្បែក
- កើតទាចទឹក
- ហើមជើង
- ស្រកទម្ងន់
- វង្វេងវង្វាន់ ងងុយគេង និងនិយាយលុលៗ
- ស្បែកឡើងក្រឡាសរសៃឈាមដូចសម្បុកពីងពាង។
រាល់ជំងឺរលាកថ្លើមប្រភេទ C រ៉ាំរ៉ៃទាំងអស់សុទ្ធតែចាប់ផ្តើមជាមួយនៃដំណាក់កាលស្រួចស្រាវ។ ការរលាកថ្លើមប្រភេទ C ស្រួចស្រាវច្រើនតែរកមិនឃើញដោយសារតែមិនមានរោគសញ្ញា។ នៅពេលរោគសញ្ញាចាប់ផ្តើម វាប្រហែលជាមានលក្ខណៈដូចជា ចេញលឿងនៅស្បែកនិងភ្នែក ជាមួយគ្នានឹងការអស់កម្លាំង ចង្អោ ក្តៅខ្លួន និងឈឺសាច់ដុំ។ រោគសញ្ញាស្រួចស្រាវចាប់ផ្តើមចេញនៅរយៈពេលមួយទៅបីខែក្រោយពីប៉ះពាល់នឹងវីរុស៕