តើការឈឺចាប់នៅបាតកែងជើងកំពុងតែធ្វើទុក្ខដល់ជីវិតអ្នកខ្លាំងណាស់មែនទេ? ការរឹងជាប់ ឈឺចាប់ ឬមានអារម្មណ៍ក្រហាយៗនៅបាតកែងជើងអាចដោយសារតែជំងឺមួយឈ្មោះថា Plantar Fasciitis។ ជាទូទៅ ការឈឺចាប់ដោយសារតែជំងឺនេះនឹងធ្ងន់ទៅៗនៅពេលព្រឹក ឬនៅពេលប្រើប្រាស់ប្រអប់ជើងនេះដើរ។
អ្នកក៏ទំនងជាងាយមានបញ្ហា Plantar Fasciitis ដែរបើសិនជាប្រអប់ជើងរៀបស្មើឬខ្ពស់ពេក ពាក់ស្បែកជើងដែលមិនផ្តល់ការទ្រទ្រង់គ្រប់គ្រាន់ ឬធាត់លើសទម្ងន់។ សកម្មភាពទាំងឡាយណាដែលដាក់សម្ពាធខ្លាំងលើប្រអប់ជើងដូចជា ការដើររយៈពេលយូរ សុទ្ធតែជាការប្រឈមមុខទាំងអស់។ យ៉ាងណាមិញបើសិនជាអ្នកឧស្សាហ៍មានបញ្ហានេះ ហើយមិនចង់ប្រើថ្នាំព្យាបាលទេ ចូរសាកល្បងវិធីពីរយ៉ាងដូចខាងក្រោមនេះសិនទៅ៖
សម្រាក ហើយស្អំទឹកកក
វាគឺជារឿងសំខាន់ណាស់ដែលតម្រូវឲ្យជើងដែលមានបញ្ហាសម្រាក ជាពិសេសមិនត្រួវព្យាយាមដើរឆ្ងាយ ឬឈររយៈពេលយូរឡើយ។ អ្នកក៏អាចប្រើទឹកកកស្អំនៅកន្លែងដែលឈើនេះដែរ។ គួរធ្វើការស្អំទឹកកកកពីរដងក្នុងមួយថ្ងៃ រយៈពេល ១០ ទៅ១៥នាទីក្នុងមួយដង។
ពាក់ស្បែកជើងដែលត្រឹមត្រូវ
ស្បែកជើងដែលមិនផ្តល់នូវការទ្រទ្រង់ល្អតែ អាចដាក់សម្ពាធទៅលើបាតជើងខ្លាំងបាន។ រឿងដ៏ល្អបំផុតសម្រាប់ប្រអប់ជើងនោះគឺស្បែកជើងដែលមានកែងទាបល្មមដែលគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ និងទប់ស្កាត់ការប៉ះទង្គិចនៅកែងជើងបានយ៉ាងល្អ។ ចូរកុំព្យាយាមពាក់ស្បែកជើងណាដែលមានបាតស្មើរពេក។ បើសិនជាអ្នកត្រូវទៅហាត់ប្រាណជាប្រចាំ ហើយត្រូវដាក់សម្ពាធលើប្រអប់ជើង (រត់កីឡា) ចូរ ផ្លាស់ប្តូរស្បែកជើងធម្មតា និងប្រើប្រាស់ស្បែកជើងកីឡាវិញទៅ៕