ថ្លើមគឺជាសរីរាង្គដ៏សំខាន់មួយដែលអាចសម្របសម្រួលដល់ជាតិពុល និងកាកសំណល់ពុលទាំងឡាយក្នុងសរីរាង្គបាន។ វាក៏សំខាន់ណាស់ដែរសម្រាប់សុខភាពរាងកាយ ព្រោះបើសិនជាគ្មានថ្លើមទេ ជាតិពុលនឹងសាយភាយពេញរាងកាយ និងចាប់ផ្តើមឈឺជាមិនខាន។ ថ្លើមនឹងបំលែងជាតិពុលទៅជាកាកសំណល់ ហើយរាងកាយនឹងមានសុវត្ថិភាពតាមរយៈបញ្ចេញកាកសំណល់នេះតាមទឹកនោម ឬលាមក។
បើសិនជាអ្នកមិនយកចិត្តទុកដាក់ចំពោះសរីរាង្គមួយនេះទេ សុខភាពអ្នកនឹងរងភាពទ្រុតទ្រោមជាមិនខាន។ យ៉ាងណាមិញ កុំទាន់ភ័យអី ខាងក្រោមនេះខ្ញុំនឹងបញ្ហាអំពីអាការៈប្រកាសអាសន្នមួយចំនួនដែលអាចបញ្ជាក់ថា ថ្លើមកំពុងតែធ្វើការមិនបានល្អ ដូច្នេះដល់ពេលដឹងហើយ គួរតែទៅជួបពេទ្យដើម្បីដោះស្រាយវាឲ្យបានលឿនទៅ។
ឡើងទម្ងន់ដោយមិនដឹងខ្លួន
បើសិនជាថ្លើមខូចហើយ ជាតិពុលទាំងអស់អាចនឹងសល់ពេញខ្លួន ដែលជាហេតុនាំឲ្យឡើងទម្ងន់ ដូច្នេះទោះបីជាខំប្រឹងហាត់ប្រាណយ៉ាងណាក៏អត់ប្រយោជន៍ដែរ។
អាឡែហ្ស៊ី
បើសិនជាអ្នកកំពុងតែមានជំងឺខ្លាញ់រុំថ្លើម នោះថ្លើមមិនអាចយកឈ្នះនូវសារធាតុបង្កអាឡែហ្ស៊ីឡើយ ដូច្នេះទោះបីជាមានរឿងអ្វីបន្តីចក៏ងាយធ្វើឲ្យអ្នកមានប្រតិកម្មអាឡែហ្ស៊ីបានដែរដូចជា ឈឺក្បាល រមាស់ស្បែក ឬវិលមុខជាដើម។
អស់កម្លាំងរ៉ាំរ៉ៃ
គ្រូពេទ្យជាច្រើនបាននិយាយថា ការអស់កម្លាំងរ៉ាំរ៉ៃគឺជាអាការៈចំបងបំផុតនៅពេលដែលថ្លើមមានជាតិពុលច្រើន។ ក្រៅពីអស់កម្លាំង អ្នកអាចនឹងមានអាការៈឈឺចាប់ផ្សេងៗថែមទៀត។
បែកញើសច្រើន និងធំក្លិនខ្លួន
គ្រូពេទ្យបានប្រៀបធៀបថ្លើមជាមួយនឹងឡាន។ បើសិនជាអ្នកបើកឡានរយៈពេលយូរដោយមិនបានឈប់សោះ អ្នកអាចនឹងមើលឃើញសីតុណ្ហភាពក្នុងឡានឡើងខ្ពស់មិនខាន។ ដូច្នេះថ្លើមក៏ដូចគ្នា កាលណាវាធ្វើការច្រើន វានឹងធ្វើឲ្យរាងកាយបែកញើសច្រើន រហូតដល់ធំក្លិនខ្លួនបានទៀតផង។
កើតមុន
អ្នកក៏គួរតែដឹងដែរថា កាលណាជាតិពុលក្នុងខ្លួនមានច្រើន វានឹងធ្វើឲ្យអតុល្យភាពអ័រម៉ូនរហូតដល់កើតមុនលើរាងកាយបាន។
ក្លិនមាត់អាក្រក់
ក្លិនមាត់អាក្រក់ក៏ជាអាការៈមួយបង្ហាញថាថ្លើមកំពុងតែធ្វើការមិនបានល្អដែរ។ ដូច្នេះបើសិនជាឧស្សាហ៍មានបញ្ហានេះកើតឡើងមែន យកល្អគួរតែទៅជួបពេទ្យឲ្យបានលឿនបំផុត៕