ឪពុកម្តាយគ្រប់រូបនឹងប្រាប់អ្នកថា កន្សែងសើមសម្រាប់ជូតទារក គឺជារបស់ដ៏សំខាន់បំផុតសម្រាប់ពួកគេ។ វាមិនត្រឹមតែជារបស់ដ៏មានប្រយោជន៍ក្នុងការប្តូរខោទឹកនោមគេទេ តែម្តាយភាគច្រើនតែងតែយកវាដើម្បីសម្អាតអ្វីផ្សេងៗទៀត ដូចជាជូត ម្រាមដៃ ឬមុខដែលស្អិតផ្សេងៗទៀត។
យ៉ាងណាមិញ អ្នកប្រហែលជាគួរគិតឡើងវិញអំពីសុវត្ថិភាពនៃផលិតផលមួយនេះ។ ខណៈពេលដែលអ្នកគិតថា មិនអាចខ្វះរបស់នេះបាន យកល្អគួរតែយល់ថា ការប្រើកន្សែងសើមជូតទារកញឹកញាប់ពេកអាចបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរដល់ពួកគេបាន។
សាស្ត្រាចារ្យរងផ្នែករោគសើស្បែក និងរោគកុមារ Mary Wu Chang មកពីសាកលវិទ្យាល័យ Connecticut School of Medicine បានរកឃើញនូវគ្រោះថ្នាក់យ៉ាងអាថ៌កំបាំងនៃការប្រើកន្សែងសើមជូតទារកជាប្រចាំថ្ងៃ។ ក្នុងការស្រាវជ្រាវរបស់គាត់ រកឃើញថា មានបញ្ហាកន្ទួលរមាស់ច្រើនប្រភេទ (និងប្រតិកម្មផ្សេងៗ) លើកុមារដែលកំពុងតែប្រើប្រាស់កន្សែងសើមជូតស្បែក ដែលរឿងនេះមិនបង្កឡើងដោយអាការៈអាឡែហ្ស៊ីទេ។
គាត់បានរកឃើញថា ដើមហេតុដែលនាំឲ្យមានបញ្ហានេះ ដោយសារតែសារធាតុក្នុងកន្សែងសើមនោះឈ្មោះថា Methylisothiazolinone (MI) ដែលវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងផលិតផលថែរក្សាស្បែក និងផលិតផលថែរក្សាក្នុងផ្ទះជាដើមដូចជា សាប៊ូកកសក់ សាប៊ូដុំ និងថ្នាំលាបផ្ទះតែម្តង។
ក្រៅពីនេះ ផលិតផលកន្សែងសើមជូតទារកភាគច្រើនក៏ផ្ទុកទៅដោយសារធាតុ Methylchloroisothiazolinone ឬ MCI ដែលអ្នកស្រាវជ្រាវរកឃើញថា កាលណា MI និង MCI នេះប្រើរួមគ្នា វាគឺជាមូលហេតុច្បាស់លាស់មួយនាំឲ្យមានប្រតិកម្មស្បែក។
បើសិនជាអ្នកមិនអាចចៀសបានពីការប្រើកន្សែងសើមទេ ចូរយកចិត្តទុកដាក់ទៅលើគ្រឿងផ្សំនៃផលិតផលនេះផងទៅ។ ចូរជ្រើសរើសផលិតផលដែលមានសារធាតុ ខាងលើតិចបំផុត និងសង្កេតមើលប្រតិកម្មរបស់ស្បែកចំពោះកន្សែងសើមនេះផង។ បើសិនជាអាច គួរតែឧស្សាហ៍ផ្លាស់ប្តូរផលិតផលនេះឲ្យបានច្រើនបើសិនជាជួបបញ្ហាប្រតិកម្មស្បែក៕