តើអ្នកកំពុងតែបារម្ភអំពីការយកកូនទៅចាក់វ៉ាក់សាំងមែនទេ? តើអ្នកពិបាកនឹងគ្រប់គ្រង ឬគិតអំពីការយំរបស់កូនក្រោយពីគេចាក់វ៉ាក់សាំងរួចដែរទេ? ការចាក់វ៉ាក់សាំងអាចជារឿងមួយមានភាពតានតឹងខ្លាំងសម្រាប់ឪពុកម្តាយ និងទារកផ្ទាល់ ប៉ុន្តែវាជារឿងសំខាន់សម្រាប់ទារក ថ្វីបើវាអាចធ្វើឲ្យគេឈឺ និងយំច្រើនក៏ដោយ។ យ៉ាងណាមិញបើសិនជាអ្នកចង់កុំឲ្យកូនឈឺ និងយំច្រើន ក្រោយពីចាក់វ៉ាក់សាំងរួច យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
ស្អំទឹកកក
បើសិនជាកូនចេញជាការហើម ឡើងក្រហម ឬរលាកនៅកន្លែងដែលចាក់ថ្នាំនោះ ចូរយកថង់ទឹកកកមកស្អំទៅ ព្រោះវាអាចជួយបំបាត់ការឈឺចាប់បាន។
បីអង្រួនគេ
ក្រោយពីចាក់វ៉ាក់សាំងរួចភ្លាម ទារកត្រូវការការថ្នាក់ថ្នមច្រើនជាងអ្វីៗទាំងអស់ ដូច្នេះគួរតែព្យាយាមបីអង្រួនគេឲ្យបានច្រើន ព្រោះវាអាចបំបាត់ការឈឺចាប់ និងធ្វើឲ្យពួកគេមានអារម្មណ៍ល្អឡើងវិញបាន។
បំបៅដោះ
ការដែលឲ្យកូនបៅដោះអាចនឹងជួយបំបាត់ការឈឺចាប់ដោយសារការចាក់វ៉ាក់សាំងបាន។ អ្នកជំនាញនិយាយថា តារកដែលបៅដោះក្នុងពេលចាក់វ៉ាក់សាំងមិនសូវយំឡើយ។
ប្រើវិធីបន្លប់
មធ្យោបាយដ៏ល្អបំផុតដើម្បីកុំឲ្យកូនយំខ្លាំងក្រោយពីចាក់វ៉ាក់សាំងរួចគឺធ្វើការបន្លប់គេ។ ចូរយកតុក្តតាថ្មីឲ្យគេចាប់លេង ឬបើកទូរទស្សន៍នាទីកុមារដែលគេចូលចិត្តជាងគេ៕