ការមានផ្ទៃពោះក្រោយពីរៀបការរួចគឺជារឿងមួយអស្ចារ្យខ្លាំងណាស់ ហើយវាក៏ជាបំណងប្រាថ្នារបស់ស្ត្រីគ្រប់រូបផងដែរ ជាពិសេសនៅពេលបានកូនភ្លោះតែម្តង ព្រោះវាប្រៀបដូចជាធ្លាក់ដុំពេជ្រមកពីលើមេឃអញ្ចឹង។ ការមានផ្ទៃពោះជាកូនភ្លោះដោយធម្មជាតិ គឺជារឿងដែលមិនអាចទាយទុកមុនបានឡើយ ប៉ុន្តែខណៈពេលដែលការព្យាបាលដើម្បីឲ្យមានផ្ទៃពោះ ឬការធ្វើឲ្យមានផ្ទៃពោះដោយវិធីសប្បនិមិត្ត IVF គឺមានឱកាសច្រើនក្នុងការទទួលបានកូនភ្លោះ។
កូនភ្លោះភាគច្រើនគឺ កូនភ្លោះភេទផ្ទុយគ្នា ដោយសារតែក្នុងពេលជ្រុះអូវ៉ុល មានការបញ្ចេញមេជីវិតញីរហូតដល់ពីរគ្រាប់ ខណៈពេលដែលកូនភ្លោះភេទដូចគ្នា គឺជារឿងកម្រ ហើយក៏កើតឡើងដោយសារតែមេជីវិតញីមួយគ្រាប់បំបែកខ្លួនជាពីរក្នុងពេលមានផ្ទៃពោះភ្លាមៗ។
យ៉ាងណាមិញ មានកត្តាច្រើនណាស់ដែលកើតឡើងតាមបែបធម្មជាតិ ហើយកត្តាផ្សេងៗទៀតមួយចំនួនក៏អាចគ្រប់គ្រងបានដើម្បីបង្កើនឱកាសទទួលបានកូនភ្លោះដែរដូចជា៖
- ស្ត្រីដែលមានអាយុកាន់តែច្រើន ទំនងជាងាយមានកូនភ្លោះ។ យ៉ាងណាមិញ ការប្រឈមនឹងជំងឺផ្សេងៗក៏អាចមានដែរ ជាពិសេសកាលណាស្ត្រីមានកូនក្នុងវ័យកាន់តែច្រើន ការរលូតកូនក៏កាន់តែខ្ពស់ដែរ
- ស្ត្រីដែលញ៉ាំអាហារធ្វើពីទឹកដោះគោច្រើនគឺមានឱកាសបានកូនភ្លោះរហូតដល់ ៥ដងឯណោះ
- តាមការសិក្សាអំពីកូនភ្លោះមួយបានឲ្យដឹងថា ស្ត្រីដែលបន្តបំបៅដោះកូនក្នុងពេលមានផ្ទៃពោះទៀតទំនងជាអាចមានផ្ទៃពោះជាកូនភ្លោះច្រើនជាងស្ត្រីដែលមិនបានបំបៅដោះកូនរហូតដល់ ៩ដង។
- បើសិនជាស្ត្រីកំពុងតែប្រើថ្នាំពន្យាកំណើតរយៈពេល ៦ខែឡើងទៅ នោះរាងកាយរបស់នាងនឹងប្រើប្រាស់ថ្នាំនេះដើម្បីគ្រប់គ្រងអ័រម៉ូន។ ដូច្នេះនៅពេលនាងឈប់ប្រើថ្នាំ រាងកាយនឹងចាប់ផ្តើមសម្របសម្រួលអ័រម៉ូននេះដោយខ្លួនឯងម្តងទៀត ដែលជាហេតុនាំឲ្យបញ្ចេញអ័រម៉ូនកាន់តែច្រើន។ ដូច្នេះវាក៏ធ្វើឲ្យក្រពេញអូវ៉ែបញ្ចេញមេជីវិតញីច្រើនក្នុងពេលជ្រុះអូវ៉ុលដំបូង ឬទីពីរក្រោយពីឈប់ប្រើថ្នាំពន្យាកំណើតដែរ៕