ឪពុកម្តាយជាច្រើន តែងមានការព្រួយបារម្ភ ក្នុងការនាំកូនតូចរបស់គេ យកទៅលេងខាងក្រៅផ្ទះ។ ជាការពិត ទំនៀមទម្លាប់របស់ឪពុកម្តាយ មានការខុសគ្នាបន្តិចបន្តួចទៅតាមប្រទេសនីមួយៗ ហើយសម្រាប់ពលរដ្ឋខ្មែរ ក៏ប្រហែលជាមានការប្រកាន់ច្រើន ចំពោះករណីនេះផងដែរ។
អ្នកប្រហែលជាត្រូវបានចាស់ៗណែនាំថា ចាំកូនមួយខែ ឬច្រើនជាងនេះសិន ចាំនាំចេញក្រៅផ្ទះ ប៉ុន្តែ តាមក្បួនពេទ្យ វាហាក់ដូចជាគ្មានអ្វី ដែលគួរព្រួយបារម្ភទាល់តែសោះ សម្រាប់ករណីបែបនេះ។
ផ្ទុយទៅវិញ ខ្យល់អាកាសបរិសុទ្ធ គឺជាអ្វីដែលម្តាយ និងកូនរបស់អ្នកត្រូវ លើកលែងតែអាកាសធាតុមិនអំណោយផលដូចជា ផ្សែងអាប់អួរ និងភ្លៀងជាដើម ដែលវាអាចធ្វើឲ្យអ្នក និងកូនផ្តាសាយបាន។ ជាមួយគ្នានេះផងដែរ អ្នកគួរប្រុងប្រយ័ត្ន ក្នុងការនាំកូនទៅជួបមនុស្សប្លែកៗ ឬមានកំពុងមានជំងឺ ពីព្រោះ វាអាចឆ្លងកូនរបស់អ្នកបាន។
ការនាំកូនដើរលំហែរ ពេលគេធំបន្តិច ពិតជាល្អ ចំពោះសុខភាពរបស់គេ ពីព្រោះ គេនឹងបានរៀន ឬឃើញអ្វីដែលថ្មីៗ នោះខួរក្បាលរបស់គេ ក៏ស្រស់ថ្លា និងឆ្លាតទៅតាមនោះដែរ៕