ថ្លើម គឺជាសរីរាង្គដ៏សំខាន់មួយ ក្នុងរាងកាយ ហើយក៏មានតួនាទី ច្រើនណាស់ដែរ ជាពិសេស ការច្រោះជាតិពុលក្នុងខ្លួនតែម្តង។ ដូច្នេះហើយ កាលណាសរីរាង្គមួយនេះ រងសម្ពាធខ្ពស់ពេក ពីការបង្ករោគ ឬដោយសារជាតិពុលច្រើន វាពិតជាផ្តល់ហានិភ័យ ខ្លាំងណាស់ដល់សុខភាព។ ដូច្នេះ ដើម្បីបង្ការកុំឲ្យមានជំងឺលើថ្លើម យកល្អ គួរតែតាមដាន និងយកចិត្តទុកដាក់ទៅលើ មុខងារថ្លើមផង។ ការយល់ដឹងអំពីសញ្ញាសំខាន់ៗ នៃការខូចថ្លើមនោះ អាចជួយកំណត់រោគវិនិច្ឆ័យជំងឺណាមួយ បានទាន់ពេលវេលា និងបង្ការបញ្ហាខ្សោយថ្លើមបានទៀតផង។
មិនឃ្លានអាហារ
អាការៈដំបូងគេបំផុតនៃបញ្ហាថ្លើម គឺការមិនឃ្លានអាហារតែម្តង។ រាល់ការខូចខាតថ្លើម សុទ្ធតែបណ្តាលឲ្យកើនឡើង ជាតិពុលច្រើនក្នុងរាងកាយ ដូច្នេះ វាក៏ប៉ះពាល់ដល់ចំណង់អាហារដែរ។ ក្រៅពីនេះ វានឹងកាត់បន្ថយ ការបឺតស្រូបវីតាមីន និងជាតិរ៉ែ ដែលនាំឲ្យអស់កម្លាំងបាន។ ដូច្នេះ បើសិនជាអ្នកមានអាការៈ មិនឃ្លានអាហារ ច្រើនជាងមួយសប្តាហ៍ វាគួរតែដល់ពេល ទៅពិគ្រោះជាមួយគ្រូពេទ្យហើយ។
ចង្អោរ និងក្អួត
ការចង្អោរ និងក្អួត ដែលបណ្តាលមកពី ការខូចថ្លើមនោះ ច្រើនតែបណ្តាលមកពី មានជាតិពុលច្រើនជ្រុលក្នុងថ្លើម។ ជាមួយគ្នានេះដែរ បើសិនជាអ្នកធ្លាប់មានបញ្ហាក្អួត និងចង្អោរភ្លាម ក្រោយពីញ៉ាំអាហារ ឬភេសជ្ជៈរួច វាក៏ដល់ពេលត្រូវជួបពេទ្យដែរ។
ភ្នែកប្រែពណ៌
សញ្ញាដ៏សំខាន់មួយ នៃជំងឺរលាកថ្លើមនោះគឺ ភ្នែក និងស្បែកទៅជាលឿង។ យ៉ាងណាមិញ បើសិនជាភ្នែកប្រែពណ៌តែម្តង ជាពិសេស នៅពេលព្រឹកទៀត នោះវាអាចបញ្ជាក់ថា ថ្លើមកំពុងតែខូចខាតហើយ។ ដូច្នេះ យកល្អ គួរតែតាមដានយ៉ាងប្រុងប្រយ័ត្ន ចំពោះការប្រែប្រួល ពណ៌ភ្នែករបស់អ្នកផង។
ពណ៌ទឹកនោមខាប់
កាលណាថ្លើមធ្វើការមិនបានល្អទេ វានឹងមានការផលិត ទឹកប្រមាត់កាន់តែច្រើន កង្វះអង់ស៊ីម ដើម្បីរំលាយវា ដូច្នេះ វានឹងបណ្តាលឲ្យកើនឡើង ពណ៌ទឹកប្រមាត់ កាន់តែច្រើនក្នុងរាងកាយ។ ពណ៌ទាំងនេះ ធ្លាប់តែមានបន្តិចបន្តួច តែប៉ុណ្ណោះក្នុងទឹកនោម ប៉ុន្តែ បើសិនជាវាមានការប្រែប្រួល ពីលឿងតិចតួចទៅលឿងខ្លាំង ឬខាប់នោះ វាពិតជាសញ្ញាមួយ នៃការខូចថ្លើមហើយ។ នៅពេលភ្នែកទៅជាលឿងដែរនោះ វាក៏ជាសញ្ញាមួយបញ្ជាក់ថា រលាកថ្លើមដែរ។
ឈឺពោះ និងហើមពោះ
ថ្លើមស្ថិតនៅផ្នែកខាងលើ និងខាងស្តាំនៃពោះ ហើយរាល់ការឈឺចាប់ ឬមិនស្រួលនៅកន្លែងនេះប្រហែលជាសញ្ញាដ៏ច្បាស់មួយ នៃការខូចខាតថ្លើមខ្លះហើយ។ ក្រៅពីនេះ ភាពតឹងពោះ ក៏អាចបញ្ជាក់ថា ថ្លើមកំពុងតែហើម និងត្រូវការពិគ្រោះ ជាមួយគ្រូពេទ្យ ដើម្បីទាត់ចោល បញ្ហាថ្លើមធ្ងន់ធ្ងរផ្សេងៗ។
ហើមជើង
មែនហើយ មិនមែនមនុស្សគ្រប់គ្នា សុទ្ធតែដឹងថា ការខូចថ្លើម អាចចេញជាសញ្ញា ហើមនៅជើងនោះទេ។ នេះដោយសារតែថ្លើម មិនអាចច្រោះជាតិពុលបាន ដូច្នេះ វានឹងបណ្តាលឲ្យ កើនឡើងកាកសំណល់ក្នុងលំហូរឈាម ហើយកាកសំណល់ទាំងនេះ នឹងកកកុញក្នុងផ្នែកផ្សេងៗនៃរាងកាយ ជាពិសេស ប្រអប់ជើងតែម្តង។
បើសិនជាអ្នក ចូលចិត្តញ៉ាំគ្រឿងស្រវឹង ញ៉ាំអាហារគ្មានអនាម័យ ឬកំពុងតែមានបញ្ហា ឡើងលឿងស្បែក ឬមានការបង្ករោគនៅថ្លើម អ្នកក៏ងាយរងនឹងបញ្ហាខូចថ្លើម ច្រើនជាងមនុស្សមានសុខភាពល្អដែរ។ ដូច្នេះ បើសិនជាអ្នកធ្លាប់មាន អាការៈទាំងនេះ ចូរធ្វើយ៉ាងណា ទាក់ទងនឹងគ្រូពេទ្យភ្លាម៕
អាការៈដែលបញ្ជាក់ថា ថ្លើមអ្នកកំពុងតែជួបគ្រោះថ្នាក់
16 November, 2020