ទោះបីជាស្គាល់និងឧស្សាហ៍ទទួលទានទំពាំង ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាបន្លែនេះអាចផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើទំពាំងអាចផ្ដល់ផលល្អៗអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរញ៊ាំទំពាំង ៖
១. ល្អសម្រាប់អ្នកចង់សម្រកទម្ងន់
នេះក៏ព្រោះតែទំពាំងមានផ្ទុកជាតិសសៃខ្ពស់ ប៉ុន្តែកាឡូរីទាបដែលល្អណាស់សម្រាប់អ្នកចង់ស្រកទម្ងន់។ បន្លែនេះក៏ជាប្រភពដ៏ល្អបំផុតនៃវីតាមីន B6 វីតាមីន thiamine វីតាមីន riboflavin, អាស៊ីត pantothenic និង niacin ដែលសុទ្ធតែមានសារៈសំខាន់សម្រាប់រក្សាភាពសកម្មនៃអង់ស៊ីមកោសិកានិងមុខងាររំលាយអាហារ។
២. កាត់បន្ថយហានិភ័យនៃជំងឺមហារីកនិងជំងឺបេះដូង
ទំពាំងជាប្រភពដ៏ប្រសើរនៃ phenolic acids ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មនិងការរលាកក្នុងរាងកាយដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងមហារីកបានយ៉ាងប្រសើរ។ ទំពាំងក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃនិងសារធាតុ phytosterols ដែលជួយកម្ចាត់ខ្លាញ់និងកូឡេស្តេរ៉ូលមិនល្អផងដែរ។
៣. ទប់ស្កាត់និងព្យាបាលអាការៈទល់លាមក
ទំពាំងមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយសម្រួលចលនាពោះវៀនដោះស្រាយទប់ស្កាត់បញ្ហាទល់លាមកគួរឱ្យកត់សម្គាល់។ អាហារសម្បូរជាតិសសៃដូចជាទំពាំងក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំដោយការពារពោះវៀនពីជាតិពុលគ្រោះថ្នាក់ដែលមានក្នុងអាហារកែច្នៃផ្សេងៗ។
៤. គ្រប់គ្រងសម្ពាធឈាម
បរិមាណនៃជាតិប៉ូតាស្យូមក្នុងទំពាំងមានប្រសិទ្ធភាពកាត់បន្ថយឥទ្ធិពលនៃជាតិសូដ្យូម។ ហើយភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់បានដឹងហើយថាកម្រិតនៃជាតិសូដ្យូមខ្ពស់ជះផលប៉ះពាល់ដល់សម្ពាធឈាម។ ដូច្នេះការរក្សាបាននូវកម្រិតនៃជាតិប៉ូតាស្យូមគ្រប់គ្រាន់ក្នុងរាងកាយ គឺចាំបាច់ណាស់ដើម្បីគ្រប់គ្រងសម្ពាធឈាមមិនឱ្យឡើងខ្ពស់ខុសប្រក្រតី៕