យើងទាំងអស់គ្នាសុទ្ធតែធ្លាប់អង្គុយញ៉ាំអាហារយ៉ាងរីករាយជាមួយមនុស្សនៅជុំវិញខ្លួន ហើយពេលខ្លះអ្នកញ៉ាំជាមួយគ្នានោះអាចនឹងទំពារអាហារឮៗខ្លាំង ដែលវាអាចប៉ះពាល់ដល់អារម្មណ៍អ្នក និងអ្នកញ៉ាំជាមួយដែរ។
ខណៈពេលដែលមនុស្សភាគច្រើនអាចទទួលយកសម្លេងទាំងនេះ ក៏មានមនុស្សជាច្រើនទៀតនៅទូទាំងពិភពលោកកំពុងតែរងបញ្ហាពីសម្លេងរំខាននៃការញ៉ាំអាហារឮៗនេះ។ ជាមួយគ្នានេះដែរ តាមសារព័ត៌មាន The Wall Street Journal ដែលបានធ្វើការសិក្សាកាលពីឆ្នាំ ២០១៤ បានឱ្យដឹងថា ការញ៉ាំអាហារឮៗត្រូវបានគេចាត់ទុកថាជាជំងឺម្យ៉ាងឈ្មោះថា Misophonia ដែលជាការបង្កើតជាសម្លេងឮខ្លាំងដូចជាសម្លេងចេញពីក្នុងមាត់តែម្តង ក្នុងពេលទំពារអាហារ។ ការសិក្សានេះត្រូវបានដឹកនាំដោយ Monica Wu និស្សិតដែលបញ្ចប់ការសិក្សាខាងជំងឺនៃដំណើរការធម្មតារបស់រាងកាយ នៅសាកលវិទ្យាល័យ South Florida ក្នុងតំបន់ Tampa។
តាមការសិក្សាបានឱ្យដឹងថា អ្នកដែលមានបញ្ហាជំងឺ Misophonia គឺមិនអាចទៅមើលកុនបានឡើយដោយសារតែពួកគេត្រូវទំពារពោតលីងឮ មិនអាចឈរតម្រងជួរបានដូចគេដោយសារសម្លេងនៃការទំពារស្ករកៅស៊ូធ្វើឱ្យរំខានដល់មនុស្សជុំវិញខ្លួន។ ប៉ុន្តែពួកគេបែរជាមិនសូវមានបញ្ហាពេលនៅផ្ទះទៅវិញ ព្រោះមនុស្សក្នុងផ្ទះច្រើនតែស៊ាំនឹងបញ្ហាទាំងនេះទៅហើយ។
តាមការសិក្សារបស់ Wu បានបញ្ជាក់ថា ជំងឺ Misophonia មានទំនាក់ទំនងទៅនឹងជំងឺដោយសារថប់អារម្មណ៍ផ្សេងៗទៀតដូចជា ជំងឺផ្លូវចិត្តដែលតម្រូវឱ្យអ្នកជំងឺធ្វើអ្វីៗដដែលៗខុសធម្មតា (Obsessive-Compulsive Disorder) និងជំងឺបាក់ទឹកចិត្ត។
សំណាងដែរ ជំងឺនេះអាចជួយបាន។ Wu និយាយថា ការព្យាបាលបែប Cognitive Behavior ឈ្មោះថា Exposure and Response Prevention ត្រូវបានគេបង្ហាញថា អាចកាត់បន្ថយរោគសញ្ញានៃជំងឺនេះបាន។