ខាងក្រោមនេះ វេបសាយhealth.com.khនឹងបង្ហាញអ្នកពីរឿងទាំង៦ដែលម្តាយឪពុកគួរតែប្រយ័ត្នពេលចិញ្ចឹមកូន ព្រោះអាចធ្វើឲ្យកូនកើតជំងឺផ្លូវចិត្តបាន។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរឈ្លោះគ្នានៅចំពោះមុខកូនទេ ជាពិសេស កើតមានអំពើហឹង្សាតែម្តង ព្រោះអាចធ្វើឲ្យកូនគ្មានអារម្មណ៍សុវត្ថិភាព ដោយធ្វើឲ្យគេមានអារម្មណ៍ភ័យខ្លាច និងឯកកោរខ្លាំង។ ដូចនេះ ទោះបីជាអ្នកខឹងគ្នាយ៉ាងណា អ្នកគួរតែទប់កំហឹងនៅចំពោះមុខកូន ទើបមិនធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គេ។
- អ្នកមិនគួរប្រើអំពើហឹង្សា ដោយវ៉ៃកូនដើម្បីអប់រំគេឡើយ ព្រោះអាចធ្វើឲ្យកូនងាយភ័យខ្លាច ថែមទាំងអាចធ្វើឲ្យកូនអាចរៀនតាមអ្នកទៀតផង។ ដូចនេះ អ្នកគួរតែអប់រំកូនតាមសម្រួល ទើបមិនធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់កូន។
- ការគោរពពាក្យសន្យាពិតជាសំខាន់ចំពោះកូនគ្រប់គ្នា។ ដូចនេះ នៅពេលដែលអ្នកសន្យា អ្នកគួរតែធ្វើ។ បើអ្នកធ្វើមិនបាន អ្នកមិនគួរសន្យាជាមួយកូន ព្រោះអាចធ្វើឲ្យកូនរៀនតាមអ្នក ដោយក្លាយជាបុគ្គលដែលមិនមានទំនួលខុសត្រូវ។
- នៅពេលដែលកូនសួរអ្នកច្រើន អ្នកមិនគួរមិនមានចិត្តអំណត់ក្នុងការឆ្លើយជាមួយកូនទេ ព្រោះអាចធ្វើឲ្យកូនបាត់បង់គំនិតច្នៃប្រឌិតបាន។ កូននឹងឈប់ឆ្ងល់ ឈប់គិតពីបញ្ហាទាំងឡាយ ដោយធ្វើឲ្យគេបាត់បង់សមត្ថភាពក្នុងការដោះស្រាយបញ្ហាយ៉ាងងាយ។
- អ្នកមិនគួរយកកូនទៅប្រៀបធៀបជាមួយនរណាម្នាក់ឡើយ ព្រោះការប្រៀបធៀបនេះជាការមើលស្រាលកូន ដោយធ្វើឲ្យគេកាន់តែបាក់ទឹកចិត្ត។ ដូចនេះ អនាគតកូននឹងចប់ជាមិនខានឡើយ។
- នៅចំពោះមុខអ្នកដទៃ អ្នកមិនគួរស្តីបន្ទោសដល់កូនទេ ព្រោះជាការមិនគោរពដល់កូន ថែមទាំងធ្វើឲ្យកូនខ្មាស់គេទៀតផង។ ជាហេតុដែលធ្វើឲ្យកូនក្លាយជាក្មេងម្នាក់ដែលពិបាករស់នៅចុះសម្រុងជាមួយអ្នកដទៃណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីរឿងទាំងឡាយនេះ ដើម្បីអាចធ្វើឲ្យកូនមានអនាគតភ្លឺស្វាងមួយ៕