មនុស្សយើងគ្រប់គ្នាសុទ្ធតែមានលក្ខណៈសម្បត្តិខុសៗគ្នា ហើយជាទូទៅយើងមិនប្រាកដថាពេលណាគួរតែទៅអោយគ្រូពេទ្យភ្នែកពិនិត្យសុខភាពភ្នែកឡើយ។ ខាងក្រោមនេះគឺជារោគសញ្ញាមួយចំនួនដែលអាចបញ្ជាក់ថា អ្នកគួរតែទៅអោយគ្រូពេទ្យភ្នែកពិនិត្យហើយ។
ព្រឹលភ្នែកភ្លាមៗ
ការដែលមានបញ្ហាក្នុងការមើលឃើញអ្វីមួយ ឬស្រាប់តែព្រឹលភ្នែកភ្លាមៗគឺជាសញ្ញាមួយដែលអាចបញ្ជាក់ថាមានបញ្ហាសុខភាពធ្ងន់ធ្ងរជាងនេះ និងគួរតែយកចិត្តទុកដាក់។ បើសិនជាភ្នែកទៅជាព្រឹល បន្ទាប់មកវិលមកធម្មតាវិញ វានឹងបង្ហាញនូវបញ្ហាមួយជាមួយនឹងកញ្ចក់ភ្នែក។ បើសិនជាភ្នែកព្រឹលកើតឡើងតែលើភ្នែកម្ខាង ចូរធ្វើការណាត់ជួបជាមួយគ្រូពេទ្យឯកទេសខាងផ្នែកភ្លាម។
ស្ទះក្នុងភ្នែក និងឃើញមានសញ្ញានៃការរំខានក្នុងភ្នែកដូចជា មានអ្វីអណ្តែតក្នុងភ្នែក
បើសិនជាអ្នកស្រាប់តែឃើញមានអ្វីរំខានក្នុងភ្នែកដូចជា មានអ្វីអណ្តែតៗក្នុងភ្នែក អ្នកត្រូវតែធ្វើការណាត់ជួបជាមួយគ្រូពេទ្យខាងភ្នែកភ្លាមៗព្រោះវាអាចជាសញ្ញាដែលនាំអោយមានបញ្ហាធ្ងន់ធ្ងរ និងគំរាមហែងដល់សុខភាពភ្នែកបានដូចជា រហែកតំបន់រ៉េទីនឬក៏មានបញ្ហាផ្សេងទៀតលើភ្នែក។ រោគសញ្ញាទាំងនេះត្រូវការធ្វើរោគវិនិច្ឆ័យ និងយកចិត្តទុកដាក់អោយបានត្រឹមត្រូវដើម្បីចៀសវាងការងងឹតភ្នែក។
ឈឺក្បាល
ការធ្វើការជាមួយកុំព្យូទ័ររយៈពេលយូរអាចបណ្តាលអោយឈឺក្បាលបានដែរ ប៉ុន្តែការងងឹតភ្នែក និងមើលឃើញមិនសូវច្បាស់ក៏អាចបណ្តាលអោយទៅជាឈឺក្បាលបានដែរ។ ការផ្ចង់អារម្មណ៍ទៅលើរឿងរាវជាច្រើនរយៈពេលយូរនឹងនាំអោយឈឺក្បាលនៅផ្នែកខាងមុខ និងជាទូទៅចាក់ទៅផ្នែកចំហៀងនៃក្បាល។
មើលសៀវភៅនៅឆ្ងាយពីភ្នែក
បើសិនជាអ្នកកំពុងតែកាន់សៀវភៅអាន, កាសែត ឬរបស់អ្វីដែលត្រូវការអានដោយដាក់ឆ្ងាយខុសពីធម្មតា អ្នកប្រហែលជាត្រូវការអានដោយប្រើវ៉ែនតាហើយ។ នៅពេលយើងអាយុកាន់តែច្រើន កញ្ចក់ភ្នែកក៏កាន់តែខ្សោយ, មានការរំខានដល់ការផ្តោតអារម្មណ៍ និងបង្កើតរូបភាព ដូច្នេះគួរតែពិនិត្យសុខភាព។
វាយតម្លៃចម្ងាយមិនត្រូវ
អ្នកដែលត្រូវការប្រើវ៉ែនតាច្រើនតែពិបាកក្នុងការវាយតម្លៃនិងប៉ាន់ស្មានចម្ងាយ។ បញ្ហាបែបនេះអាចកើតឡើងខណៈពេលកំពុងតែបំពេញការងាររាល់ថ្ងៃដូចជា ការចតឡានជាដើម។
ឆាប់អស់កម្លាំង
បើសិនជាអ្នកយល់ថា អ្នកកំពុងតែអស់កម្លាំងលឿនក្នុងការបំពេញមុខងាររយៈពេលខ្លី វាអាចបញ្ជាក់អោយដឹងថា មានការរំខានណាមួយក្នុងការផ្តោតអារម្មណ៍ទៅលើដំណើរការនោះហើយ។ ខួរក្បាល និងភ្នែករបស់យើងត្រូវបានធ្វើការជាមួយគ្នា ដូច្នេះបើសិនជាភ្នែកធ្វើការមិនបានល្អហើយ ខួរក្បាលនឹងមានសកម្មភាពយ៉ាងពេញលេញ ដែលជាហេតុនាំអោយអស់កម្លាំងបាន។
ភាពស៊ាំនៃការប៉ះពន្លឺ
ភាពស៊ាំនៃការប៉ះពន្លឺគឺជាការវាស់វែងទៅលើភាពឥតខ្ចោះនៃសុខភាពភ្នែក។ បើសិនជាអ្នកមិនឆ្លើយតបនឹងការប្រែប្រួលភ្លាមៗនៃពន្លឺធម្មតាទេ វាប្រហែលជាសញ្ញាបញ្ជាក់ថា មានជំងឺភ្នែកធ្ងន់ធ្ងរហើយជាពិសេសការបង្ករោគតែម្តង។
ភ្នែកស្រលៀង
ការដែលឧស្សាហ៍ស្រលៀងភ្នែក គឺជាសញ្ញាមួយដែលយើងត្រូវតែពិនិត្យភ្នែក។ មូលហេតុដែលនាំអោយមានបញ្ហាបែបនេះកើតឡើង គឺថា វាទៅបន្ថយទំហំរបស់កូនក្រមុំភ្នែក និងភាពច្បាស់នៃគំហើញ។ ទោះបីជាយ៉ាងណាក៏ដោយ អាការបែបនេះមិនមែនជាបញ្ហាលើភ្នែកជាប់រហូតនោះទេ ប៉ុន្តែវាជាសញ្ញាដែលបញ្ជាក់ថាមានបញ្ហាទាក់ទងនឹងគំហើញ។
ហៀរទឹកភ្នែក
បើសិនជាអ្នកយល់ថាភ្នែកចេះតែហូរទឹកភ្នែកដោយគ្មានអាការៈផ្លូវចិត្តសប្បាយរីករាយ ឬទុក្ខលំបាកទេ វាអាចក្លាយទៅជាបញ្ហាមួយនៃសុខភាពភ្នែកហើយ។ ជាទូទៅ ភ្នែករបស់យើងនឹងហូរទឹកភ្នែកបាននៅពេលមានអាការៈផ្លូវចិត្តខ្លាំងក្លា ឬកើតទុក្ខ, យំដោយគ្មានហេតុផល ដូច្នេះបើគ្មានហេតុផលបែបនេះទេ ចូរពិគ្រោះជាមួយគ្រូពេទ្យទៅ។
បើសិនជាអ្នកមិនពិនិត្យភ្នែករយៈពេលពីរឆ្នាំទេ
បើសិនជាអ្នកមិនបានពិនិត្យភ្នែករយៈពេលពីរឆ្នាំហើយ វាគួរតែដល់ពេលដែលត្រូវពិនិត្យហើយ។ ការប្រែប្រួលជាច្រើនដែលកើតមានលើភ្នែករយៈពេលពីរឆ្នាំមកនេះគួរតែអោយគ្រូពេទ្យឯកទេសខាងភ្នែកតាមដាន និងវាយតម្លៃដើម្បីប្រាប់ពីស្ថានភាពសុខភាពភ្នែករបស់អ្នក៕