ការឈឺចាប់ខ្លាំង និងការហើមសន្លាក់គឺជាចំនុចសម្គាល់មួយនៃជំងឺរលាកសន្លាក់ Rheumatic ប៉ុន្តែអ្នកជំងឺរលាកសន្លាក់ប្រភេទនេះ មិនមែនចាំមើលតែរោគសញ្ញាតែមួយមុខនេះនោះទេ។
វេជ្ជបណ្ឌិតឯកទេសខាងជំងឺរលាកសន្លាក់ Rheumatic ចូអាន បាតុន (Joan Bathon) និយាយថា “នេះគឺជាដំណើរការរបស់ជំងឺមួយ មិនមែនគ្រាន់តែជារឿងកើតឡើងក្នុងសន្លាក់ទេ។ វាអាចកើតក្នុងជាលិការ ដើម្បីបង្កជាការរលាកបាន”។
មនុស្សដែលមានជំងឺរលាកសន្លាក់ប្រភេទ Rheumatic ធ្ងន់ធ្ងរ ទំនងជាមានផលវិបាករបស់វាច្រើន ប៉ុន្តែវាក៏អាចកើតឡើងលើមនុស្សដែលមានជំងឺនេះស្រាលៗដែរ។
នេះគឺជារោគសញ្ញាទាំង ១០របស់ជំងឺរលាកសន្លាក់ Rheumatic ដែលអ្នកជំងឺគួរតែដឹង។
១, ពិបាកដកដង្ហើម ឬឈឺដើមទ្រូង
ដោយសារតែជំងឺរលាកសន្លាក់ Rheumatic ប៉ះពាល់ទៅលើសរសៃឈាម និងសាច់ដុំបេះដូងបាន ធ្វើអោយអ្នកជំងឺប្រឈមកាន់តែខ្លាំងនឹងអាការៈគាំងបេះដូង និងខ្សោយបេះដូង។
វេជ្ជបណ្ឌិតឯកទេសខាងជំងឺរលាកសន្លាក់ Rheumatic ប្រៀន មេនឌេល (Brain Mandell, MD, PhD) មកពីមជ្ឈមណ្ឌល Cleveland Clinic’s Arthritis and Musculoskeletal Center និយាយថា “ការឈឺទ្រូង ឬពិបាកដកដង្ហើមគឺជាបញ្ហាដ៏ធំមួយ”។
ប្រសិនបើអ្នកថប់ដង្ហើមលឿនពេក នោះអ្នកក៏អាចមានជំងឺសួតបានដែរ ដែលសួតនោះអាចទៅជារលាក ឬមានសន្លាក។
ចូរស្វែងរកការព្យាបាលអោយបានលឿនប្រសិនបើអ្នកមានបញ្ហាអស់ទាំងនេះ ទោះបីជាអ្នកពុំធ្លាប់មានជំងឺបេះដូង ឬសួតពីមុនមកក៏ដោយ។
២, ស្ពឹក ឬឈឺឆៀបៗ
ការរលាកសន្លាក់ប្រភេទ Rheumatic អាចបណ្តាលអោយជាលិកាតភ្ជាប់គ្នាក្នុងប្រអប់ដៃ ឬប្រអប់ជើងរលាក និងសង្កត់ទៅលើសរសៃប្រសាទ ដែលជាហេតុធ្វើអោយស្ពឹក និងឈឺឆៀបៗបាន។ ដូច្នេះអ្នកប្រហែលជាធ្លាប់មានអាការៈខ្សោយ ឬខូចសរសៃប្រសាទហើយ។
ការហើមប្រភេទនេះអាចកើតមានឡើងក្នុងជាលិកាទាំងអស់ក្នុងរាងកាយ ប៉ុន្តែកន្លែងដែលកើតមានច្រើនបំផុតនោះគឺជុំវិញម្រាមដៃ ដែលនាំអោយមានជំងឺម្យ៉ាងឈ្មោះថា Carpal Tunnel Syndrome។
ប្រសិនបើអ្នកធ្លាប់មានបញ្ហាស្ពឹក ឈឺឆៀបៗ អ្នកត្រូវតែទៅពិគ្រោះជាមួយអ្នកឯកទេសខាងជំងឺរលាកសន្លាក់ Rheumatic ឬគ្រូពេទ្យអោយបានឆាប់តាមតែអាចធ្វើបានដើម្បីកំណត់រកមូលហេតុ។
៣, មិនអាចធ្វើចលនា ឬលើកដៃ ឬជើងឡើងរួច
ការដែលមិនអាចធ្វើចលនា ឬលើកដៃ ឬប្រអប់ជើងរួចបែបនេះ វាគឺជាផលវិបាកដ៏ធ្ងន់ធ្ងរមួយនៃជំងឺរលាកសន្លាក់ប្រភេទនេះ។ អ្វីដែលកម្រគឺជាការខូចខាតលើសរសៃប្រសាទសម្រាប់បញ្ជាលើសាច់ដុំ។ វេជ្ជបណ្ឌិត បាតុន និយាយថា “វាទំនងជាមានអាការៈគាំងបេះដូងទៀត”។
ចូរស្វែងរកការព្យាបាលជាបន្ទាន់នៅពេលមានសញ្ញាបែបនេះ។ វេជ្ជបណ្ឌិត បាតុនិយាយថា មិនត្រូវរងចាំតទៅទៀតទេព្រោះវានឹងអាចអោយអ្នកស្លាប់មួយចំហៀងខ្លួនបាន។
៤, មានកន្ទួលជុំវិញចុងម្រាមដៃ
កន្ទួលក្រហមៗ ឬខ្មៅៗនៅជុំវិញក្រចកដៃមានន័យថា ជាលិកាក្នុងតំបន់អស់ទាំងនេះបានស្លាប់ដោយសារតែការរលាកសរសៃឈាមរបស់វា។ ទោះបីជារឿងនេះមិនសូវជាកើតមានក៏ដោយ ក៏ការមានកន្ទួលអាចជាសញ្ញាមួយប្រាប់អំពីទម្រង់នៃការរលាកធ្ងន់ធ្ងរដែរ។ ប្រសិនបើមិនបានព្យាបាលទេ អ្នកប្រហែលជាត្រូវកាត់ម្រាមដៃ ឬម្រាមជើងនោះចោល។
៥, ក្រហមភ្នែក ឬរលាកភ្នែក
សរសៃឈាមក្នុងភ្នែកគឺជាគោលដៅមួយផ្សេងទៀតរបស់ជំងឺរលាកសន្លាក់ប្រភេទ Rheumatic នេះ ជាពិសេសមនុស្សដែលមានអាការៈជំងឺនេះធ្ងន់ធ្ងរ។ ប្រសិនបើមានអារម្មណ៍ថាស្រទាប់ខាងក្រៅរបស់ភ្នែកស្ងួត ឬរលាក ថ្នាំបន្តក់ភ្នែកអាចព្យាបាលបញ្ហានេះបាន។ ទោះបីជាយ៉ាងណាក៏ដោយ ការឈឺចាប់ធ្ងន់ធ្ងរភ្លាមៗ និងក្រហមភ្នែកភ្លាមៗមានន័យថា ផ្នែកជ្រៅៗរបស់ភ្នែកមានបញ្ហាហើយ។ នោះគឺជាផលវិបាកដ៏ធ្ងន់ធ្ងរបំផុតមួយ ដូច្នេះចូរពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ប្រសិនបើវាកើតឡើងបែបនេះមែន។
៦, មិនស្រួលក្នុងពោះ
ប្រសិនបើអ្នកប្រើថ្នាំ Nonsteroidal Anti-inflammatory Drug (NSAID) ដូចជាពពួក Ibuprofen ឬ Naproxen ដើម្បីព្យាបាលអាការៈរលាកសន្លាក់ប្រភេទ Rheumatic នោះអ្នកនឹងប្រឈមនឹងការឈឺក្រពះហើយ ព្រោះថ្នាំទាំងនេះអាចបណ្តាលអោយដំបៅក្រពះ និងហូរឈាមក្នុងក្រពះទៀតផង។ នៅពេលប្រើថ្នាំ NSAID ចូរប្រាប់គ្រូពេទ្យអំពីការឈឺក្រពះ ការបត់ជើងមានពណ៌ខ្មៅ ឬឈាម ឬក្អួតចង្អោរដែលអ្នកមាន។
៧, ក្តៅខ្លួនខ្លាំង ឬមានសញ្ញានៃការបង្ករោគផ្សេងៗទៀត
បញ្ហាផ្សេងមួយទៀតពីការព្យាបាលជំងឺរលាកសន្លាក់ប្រភេទ Rheumatic គឺការឆ្លងជំងឺដែលទាក់ទងនឹងការប្រើថ្នាំ Cimzia, Enbrel, Humira, Remicade, និង Simponi។ វេជ្ជបណ្ឌិត បាតុននិយាយថា ភាគច្រើនសញ្ញាដែលប្រាប់ថាមានការបង្ករោគនោះគឺ ក្តៅខ្លួនខ្លាំង ៣៧ ទៅ៣៨ C ។ ចំណែកអ្នកផ្សេងទៀតបែរជាក្អកដោយមិនដឹងមូលហេតុ ក្តៅ ក្រហម ហើម ឬឈឺស្បែកខ្លាំងខុសពីធម្មតា។
ប្រភេទនៃការបង្ករោគមួយនេះអាចរីករាលដាលបានយ៉ាងឆាប់រហ័ស និងពិបាកក្នុងការគ្រប់គ្រងចាប់តាំងពីអ្នកជំងឺរលាកសន្លាក់ប្រភេទ Rheumatic នេះមានបញ្ហាលើប្រព័ន្ធភាពស៊ាំរបស់គេ។ ប្រសិនបើអ្នកសង្ស័យថាមានការបង្ករោគ ចូរទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាម ទោះបីជាកំពុងមានជំងឺរលាកសន្លាក់ប្រភេទ Rheumatic ក៏ដោយ។
៨, មានអារម្មណ៍ថាមិនស្រួលខ្លួន
រោគសញ្ញាដែលគ្រាន់តែអោយអ្នកមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួនក៏អាចជាសញ្ញានៃការបង្ករោគបានដែរ ដូច្នេះមិនត្រូវបណ្តែតបណ្តោយអោយវាកើតមានបែបនេះរហូតទេ។ អ្វីដែលពិសេស ចំពោះការអស់កម្លាំង បែកញើសពេសលយប់ ស្រកទម្ងន់ភ្លាមៗ អស់កម្លាំងដោយគ្មានមូលហេតុ ក្តៅខ្លួនស្ទិញៗ អាចមានន័យថាដល់ពេលដែលត្រូវវាយតម្លៃលើការព្យាបាលរបស់អ្នកម្តងទៀតហើយ។
ចូរប្រាកដថាអ្នកបានពិភាក្សាលើរោគសញ្ញាទាំងនេះប្រាប់គ្រូពេទ្យហើយ។
៩, បាក់ឆ្អឹង
មនុស្សម្នាក់បាក់ឆ្អឹងដោយសារតែជំងឺរលាកសន្លាក់ប្រភេទ Rheumatic ប្រហែលជាកើតឡើងដោយសារតែជំងឺពុកឆ្អឹង ជាពិសេសមនុស្សស្រី។ ដោយសារតែធម្មជាតិនៃការរលាករបស់វា ជំងឺរលាកសន្លាក់ប្រភេទ Rheumatic អាចបណ្តាលអោយបាត់បង់កំហាប់ឆ្អឹងបាន។ ការប្រឈមនឹងការបាក់ឆ្អឹងអាចមានសភាពលឿនដូចជាកំជ្រួចបានប្រសិនបើអ្នកកំពុងតែប្រើថ្នាំ Prednisone ។
អ្នកជំងឺរលាកសន្លាក់ Rheumatic គួរតែធ្វើការថ្លឹងឆ្អឹងរកមើលជំងឺពុកឆ្អឹងអោយឆាប់ក្រោយពីដឹងថាមានជំងឺនេះ ហើយពួកគេគ៏ត្រូវបន្ថែមនូវការហាត់ប្រាណ និងរបបអាហារដែលសម្បូរដោយជាតិកាលស្យូម និងវីតាមីន D។
១០, មានស្នាមជាំភ្លាមៗ
ប្រសិនបើអ្នកស្រាប់តែឃើញមានស្នាមជាំភ្លាមៗ អ្នកប្រហែលជាមានផលវិបាកនៃជំងឺរលាកសន្លាក់ Rheumatic ហើយ ដែលមកពីចំនួនផ្លាកែតក្នុងឈាមថយចុះ។ នេះអាចដោយសារតែការព្យាបាលរបស់អ្នក ឬជំងឺខ្លួនឯង។ ចូរប្រាកដថា អ្នកបានទៅជួបគ្រួពេទ្យបានឆាប់ ដូច្នេះអាចអោយដឹងពីចំនួនផ្លាកែតក្នុងឈាមហើយ។ នៅពេលចំនួនផ្លាកែតក្នុងឈាមចុះទាបខ្លាំង មានន័យថាអ្នកប្រឈមកាន់តែខ្ពស់ទៅនឹងការជាំស្បែក និងហូរឈាមខ្លាំង។