យោងទៅតាមការស្រាវជ្រាវថ្មីមួយបានឲ្យដឹងថា អ្នកធាត់ជ្រុលដែលកំពុងតែមានខ្លាញ់នៅជុំវិញចង្កេះ និងក្បាលពោះច្រើនគឺជាមនុស្សដែលប្រឈមនឹងការកង្វះវីតាមីន D ក្នុងខ្លួន។ ការរកឃើញនេះមិនទាន់បង្ហាញនូវការប៉ះពាល់ដល់សុខភាពនៃការធាត់ជ្រុលនៅឡើយទេ។
ការកង្វះវីតាមីន D ត្រូវបានគេភ្ជាប់ទំនាក់ទំនងនឹងសុខភាពឆ្អឹងមិនល្អ ព្រមទាំងប្រឈមកាន់តែខ្ពស់នឹងការបង្ករោគនៅផ្លូវដង្ហើម ជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី និងជំងឺបេះដូង។ ទំនាក់ទំនងដ៏ខ្លាំងរវាងការកើនឡើងជាតិខ្លាញ់នៅក្បាលពោះ និងការកង្វះវីតាមីន D បញ្ជាក់ឲ្យដឹងថា ម្នាក់ៗដែលមានក្បាលពោះធំៗគឺប្រឈមកាន់តែខ្ពស់នឹងការកង្វះវីតាមីន D ហើយក៏គួរតែពិនិត្យមើលកម្រិតវីតាមីននេះក្នុងឈាមផង។
ការរកឃើញនេះបានមកពីការវិភាគមួយនៃទិន្នន័យបានពីការសិក្សា Netherlands Epidemiology of Obesity។ វាជាប់ទាក់ទងនឹងការលើសជាតិខ្លាញ់ក្នុងពោះ ជាមួយនឹងការកង្វះវីតាមីន D លើមនុស្សប្រុសស្រីដែលធាត់ជ្រុល។ ក្នុងចំណោមបុរសដែលធាត់ជ្រុល ការដែលមានចំនួនជាតិខ្លាញ់ទាំងអស់ខ្ពស់ជាងធម្មតាក៏ជាប់ទាក់ទងនឹងការថយចុះវីតាមីន D ដែរ។ ទំនាក់ទំនងដដែលនេះមិនត្រូវបានរកឃើញលើស្រ្តីដែលធាត់ជ្រុលឡើយ។ ក្នុងចំណោមស្រ្តីដែលធាត់ជ្រុល ការមានជាតិខ្លាញ់ក្នុងថ្លើមខ្ពស់ជាងធម្មតាមានជាប់ទាក់ទងនឹងការចុះទាបនៃវីតាមីន D វិញ ដែលវាមិនត្រូវបានគេរកឃើញលើបុរសដែលធាត់ជ្រុលទេ។
ទោះបីជាយ៉ាងណាក៏ដោយ វានៅតែមិនទាន់ច្បាស់ថាតើការកង្វះវីតាមីន D ធ្វើឲ្យមនុស្សយើងធាត់ដុះក្បាលពោះ ឬការដុះក្បាលពោះធ្វើឲ្យវីតាមីន D ចុះទាបឬអត់ឡើយ។ ដូច្នេះវាត្រូវការធ្វើការសិក្សានៅថ្ងៃក្រោយបន្ថែមទៀត៕