ក្នុងអំឡុងពេលច្រឹបយកសាច់តម្រងនោមវេជ្ជបណ្ឌិតបានច្រឹបយកសាច់មួយដុំតូចនៃជាលិកាតម្រងនោមដើម្បីយកទៅពិនិត្យមើលដោយមីក្រូទស្សន៍ ស្វែងរកសញ្ញានៃការខូចខាត ឬជំងឺរបស់តម្រងនោម។
គ្រូពេទ្យអាចណែនាំការច្រឹបយកសាច់តម្រងនោមដើម្បីធ្វើរោគវិនិច្ឆ័យបញ្ហាតម្រងនោមដែលត្រូវបានសង្ស័យ កំណត់ភាពធ្ងន់ធ្ងរនៃជំងឺតម្រងនោម ឬសម្រាប់គ្រប់គ្រងការព្យាបាលជំងឺតម្រងនោម។ អ្នកក៏អាចត្រូវការការច្រឹបយកសាច់តម្រងនោមប្រសិនបើអ្នកមានការប្តូរតម្រងនោមហើយតម្រងនោមថ្មីមិនធ្វើការបានត្រឹមត្រូវ។
ជាញឹកញាប់គ្រូពេទ្យដំណើរការច្រឹបសាច់តម្រងនោមដោយបញ្ចូលម្ជុលតូចមួយពីក្រៅតាមរយៈស្បែក។ ឧបករណ៍ថតឆ្លុះរូបភាពវេជ្ជសាស្ត្រជួយរកទីតាំងឲ្យវេជ្ជបណ្ឌិតចាក់ម្ជុលចូលទៅក្នុងតម្រងនោមដើម្បីច្រឹបយកជាលិកា។
ការច្រឹបយកសាច់តម្រងនោមអាចត្រូវបានគេធ្វើដើម្បី:
- ធ្វើរោគវិនិច្ឆ័យបញ្ហាតម្រងនោមដែលមិនអាចកំណត់ថាជាជំងឺអ្វីបាន
- ជួយក្នុងការរៀបចំផែនការព្យាបាលជំងឺដោយផ្អែកលើស្ថានភាពរបស់តម្រងនោម
- កំណត់ថាតើជំងឺតម្រងនោមត្រូវបានវិវត្តលឿនកម្រិតណា
- កំណត់ទំហំនៃការខូចខាតរបស់តម្រងនោមពីជំងឺតម្រងនោម ឬជំងឺផ្សេងទៀត
- វាយតម្លៃថាតើការព្យាបាលល្អសម្រាប់ជំងឺតម្រងនោមដែរឬទេ
- ស្វែងរកមូលហេតុតម្រងនោមដែលបានប្តូមិនធ្វើការបានត្រឹមត្រូវ
គ្រូពេទ្យរបស់អ្នកអាចណែនាំការធ្វើការច្រឹបយកសាច់តម្រងនោមដោយផ្អែកទៅលើលទ្ធផលនៃការធ្វើតេស្តឈាម ឬតេស្តទឹកនោមដែលបង្ហាញដូចខាងក្រោមនេះ :
- មានឈាមនៅក្នុងទឹកនោម(hematuria) ដែលឈាមមានប្រភពមកពីតម្រងនោម
- ប្រូតេអ៊ីននៅក្នុងទឹកនោម ( proteinuria ) ដែលជាការកើនឡើងខ្លាំង ឬអមដោយ សញ្ញាផ្សេងទៀតនៃជំងឺតម្រងនោម
- មានបញ្ហាជាមួយនឹងមុខងារនៃតម្រងនោមនាំឱ្យកាកសំណល់សល់យ៉ាងលើសលប់នៅក្នុងឈាម
មិនមែនគ្រប់គ្នាដែលមានបញ្ហាទាំងនេះត្រូវតែច្រឹបសាច់តម្រងនោមទាំងអស់នោះទេ។ ការសម្រេចចិត្តនេះគឺផ្អែកលើសញ្ញា និងរោគសញ្ញារបស់អ្នក លទ្ធផលនៃការធ្វើតេស្ត និងសុខភាពជាទូទៅរបស់អ្នក៕