ការរមាស់បែបនេះគឺកើតឡើងនៅលើរុន្ធគូថ ឬស្បែកនៅជុំវិញរុន្ធគូថ ដែលអាចអោយអ្នកជំងឺចេះតែចង់អេះខ្លាំងៗ។ ហើយវាក៏ជាទង្វើមួយអាចអោយអ្នកមានការអាម៉ាសមុខ និងមិនស្រួលក្នុងចិត្តដែរ។ មានកត្តាច្រើនណាស់ដែលអាចបណ្តាលអោយរមាស់ដូច្នេះដូចជា ការសើម ឬការផ្តិត និងសង្កត់ពីសម្លៀកបំពាក់នៅពេលអង្គុយ។
គ្រូពេទ្យប្រហែលជាអាចធ្វើរោគវិនិច្ឆ័យដឹងពីមូលហេតុនៃការរមាស់របស់អ្នកតាមរយៈការសាកសួរអំពីរោគសញ្ញាដែលកើតមាន។ ប្រសិនបើមូលហេតុនេះមិនអាចរកឃើញទេ គ្រូពេទ្យប្រហែលជាត្រូវបញ្ជូនអ្នកអោយទៅជួបអ្នកឯកទេសខាងស្បែក ឬគ្រូពេទ្យជំនាញខាងព្យាបាលជំងឺចុងពោះវៀនធំ។ ការពិនិត្យលើរុន្ធគូថប្រហែលជាត្រូវធ្វើក្នុងពេលនេះ។
តេស្តផ្សេងៗទៀតដូចជា Proctoscopy ឬ Colonoscopy អាចអោយយើងមើលឃើញបំពង់រំលាយអាហារកាន់តែច្រើន ហើយពេលខ្លះអាចសម្គាល់ដឹងពីមូលហេតុនៃការរមាស់រុន្ធគូថនោះទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុដ៏ជាក់លាក់នៃការរមាស់នេះប្រហែលជាមិនអាចរកឃើញឡើយ៕