ស្ត្រីរ៉ាំងរដូវ គឺជាដំណាក់កាលជីវិតមួយដែលមានភាពស្មុគស្មាញខ្លាំងក្នុងមួយជីវិតរបស់មនុស្សស្រី ។ យ៉ាងណាមិញបញ្ហានេះមានការប៉ះពាល់ទៅលើជីវិតរស់នៅ រាងកាយ និងសុខភាពពួកគាត់តែម្តង ។
ប៉ុន្តែមានវិធីច្រើនណាស់ដែលអាចជួយកាត់បន្ថយរោគសញ្ញានៃការរ៉ាំងរដូវលើស្ត្រីៗបាន ។ ក្រៅពីវិធីបំបាត់ស្ត្រេស ពួកគាត់ក៏ត្រូវតែគិតគូដល់ចំណីអាហារផងដែរដើម្បីឲ្យជីវិតកាន់តែងាយស្រួល។
ស្ត្រីរ៉ាំងរដូវ ច្រើនតែត្រូវបានណែនាំឲ្យញ៉ាំអាហារសម្បូរជាតិសរសៃ ញ៉ាំទឹកឲ្យបានច្រើន ចៀសវាងការតមអាហារ និងបង្កើនការញ៉ាំអាហារសម្បូរជាតិកាលស្យូម។ ក្រៅពីនេះ គួរតែមានការហាត់ប្រាណ បន្ធូរអារម្មណ៍ និងគេងឲ្យបានគ្រប់គ្រាន់ផងដែរ។
បង្កើនការញ៉ាំជាតិសរសៃ
បើសិនជាអ្នកមានបញ្ហាបន្ទោបង់មិនទៀងទាត់ និងទល់លាមកដោយសារតែការរ៉ាំងរដូវនោះ ចូរស្វែងរកវិធីធម្មជាតិដើម្បីដោះស្រាយទៅ។ ការទល់លាមកច្រើនតែពិបាកនឹងព្យាបាលណាជាពិសេសស្ត្រីរ៉ាំងរដូវតែម្តង។ ប៉ុន្តែការញ៉ាំអាហារសម្បូរជាតិសរសៃច្រើន និងទឹកច្រើននោះ នឹងអាចជួយដោះស្រាយបញ្ហាបានខ្លះ ហើយក៏ជាដំបូន្មានរបស់គ្រូពេទ្យក្នុងការព្យាបាលផងដែរ។
កុំតមអាហារ
ការតមអាហារនឹងធ្វើឲ្យស្រកទម្ងន់ ប៉ុន្តែវាជាទម្លាប់ដែលនាំឲ្យមានជំងឺទៅវិញទេ។ ចូរចាំថា អត្រានៃការរំលាយអាហារក្នុងខ្លួននឹងថយចុះនៅពេលមនុស្សអាយុកាន់តែច្រើន ហើយការតមអាហារគ្រាន់តែបង្កបញ្ហាដល់ផ្លូវរំលាយអាហារកាន់តែច្រើនប៉ុណ្ណោះលើស្ត្រីរ៉ាំងរដូវ។ គាត់គួរតែញ៉ាំអាហារសម្បូរជាតិ Phyto-estrogenic ឲ្យបានច្រើនវិញ ដែលវាមាននៅក្នុងសណ្តែកសៀង និងប្រូខូលី។
បង្កើនការញ៉ាំអាហារសម្បូរជាតិកាលស្យូម
ចូរបង្កើនការញ៉ាំអាហារទាំងសម្បូរជាតិកាលស្យូម និងសរសៃដើម្បីជួយប្រឆាំងនឹងរោគសញ្ញានៃការរ៉ាំងរដូវ។ ចូរចៀសវាងការញ៉ាំអាហារណាដែលមានជាតិខ្លាញ់ Saturated លាយជាតិប្រៃ និងផ្អែម។
ក្រៅពីគិតគូដល់ចំណីអាហារ ស្ត្រីរ៉ាំងរដូវតម្រូវឲ្យថែរក្សារាងឲ្យបានស្លីមល្អតាមរយៈការហាត់ប្រាណតិចៗ។ ដូច្នេះពួកគាត់អាចហាត់ប្រាណយ៉ាងហោចណាស់ ១០នាទីនៅពេលព្រឹក និង ១០នាទីនៅពេលយប់៕