ភាគច្រើននៃពួកយើងដឹងត្រឹមថា ទឹកខ្មេះផ្លែប៉ោម គឺប្រើប្រាស់លើអាហារដើម្បីបន្ថែមរសជាតិ ប៉ុន្តែការពិតទៅវាមានអត្ថប្រយោជន៍ច្រើនជាងអ្វីដែលអ្នកធ្លាប់បានគិតទៅទៀត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា ទឹកខ្មេះផ្លែប៉ោម អាចត្រូវបានគេប្រើសម្រាប់ដោះស្រាយបញ្ហាសុខភាព និងសម្រស់ បានយ៉ាងមានប្រសិទ្ធភាពមិនគួរឲ្យជឿ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗក្នុងការប្រើប្រាស់ទឹកខ្មេះផ្លែប៉ោមដោះស្រាយបញ្ហាសម្រស់ ៖
១. សម្រាប់ជួយឱ្យធ្មេញសបែបធម្មជាតិ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ១ ស្លាបព្រាកាហ្វេ ជាមួយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមដុសធ្មេញជាមួយល្បាយនិងខ្ពុរសម្អាតមាត់ជាមួយទឹកធម្មតាឱ្យបានច្រើនដង។ អ្នកមិនគួរអនុវត្តរូបមន្តខាងលើលើសពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍សម្រាប់រយៈពេលច្រើនជាង ៥ សប្តាហ៍ឡើយ។
២. បំបាត់រោគផ្សិតលើក្រចកជើង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមស្មើរជាមួយនឹងទឹកធម្មតា ហើយត្រាំជើងក្នុងទឹកល្បាយនេះសម្រាប់រយៈពេលប្រហែល ១៥ នាទី។ អ្នកអាចអនុវត្ត ២ ដងក្នុងមួយថ្ងៃ។ ឬក៏អ្នកអាចលាយទឹកខ្មេះផ្លែប៉ោមនិងអំបិលក្នុងបរិមាណ ១ ពែងស្មើគ្នាក្នុងទឹកក្ដៅឧណ្ហៗ ៦ ពែង។ កូរឱ្យសព្វមុននឹងត្រាំជើង ឬដៃក្នុងទឹកល្បាយសម្រាប់រយៈពេល ៣០ នាទី ២ ដងក្នុងថ្ងៃ។
៣. ព្យាបាលសក់ស្ងួត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមចំនួន ១ ស្លាបព្រាកាហ្វេជាមួយផ្នែកពណ៌សនៃស៊ុត ៣ គ្រាប់និងប្រេងអូលីវ ២ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយលើសក់ រួចពាក់មួកផ្លាស្ទិកឱ្យជិតសម្រាប់រយៈពេល ៣០នាទី។ កក់លាងសម្អាតចេញនិងប្រើប្រាស់ក្រែមបន្ទន់ដូចពេលធម្មតា។
៤. កម្ចាត់អង្គែ
អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកខ្មេះផ្លែប៉ោមប្រមាណពី ២ ទៅ ៣ ស្លាបព្រាបាយជាមួយទឹកធម្មតា ១ ពែង។ កូរអោយសព្វសឹមប្រើប្រាស់ល្បាយនេះលាងសម្អាតសក់ក្រោយពេលកក់ជាមួយសាប៊ូរួច។ ទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតសក់ចេញម្ដងទៀតជាមួយទឹកត្រជាក់។ អនុវត្តសារឡើងវិញអោយបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។
៥. កម្ចាត់ក្លិនជើងមិនល្អ
លាយទឹកខ្មេះផ្លែប៉ោមចំនួន ១ ពែងកន្លះ ក្នុងទឹកក្ដៅឧណ្ហៗចំនួន ៨ ពែង។ កូរអោយសព្វ សឹមត្រាំជើងក្នុងទឹកល្បាយនេះសម្រាប់រយៈពេល ១៥ នាទី អោយបាន ២ ដងក្នុងមួយថ្ងៃ។ ហើយនៅមុនពេលស្ងួតទាំងស្រុង ចូរលាងសម្អាតជើងជាមួយទឹកត្រជាក់ដើម្បីកម្ចាត់ក្លិនជូរនៃទឹកខ្មេះ។
៦. បំបាត់ស្នាមសំលាក
ដើម្បីបំបាត់ស្នាមសំលាក ឬធ្វើឱ្យវាមើលលែងសូវឃើញដូចមុន ចូរលាយទឹកខ្មេះផ្លែប៉ោមចំនួន ២ ស្លាបព្រាបាយជាមួយទឹក ៤ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកល្បាយលើផ្ដិតៗលើស្នាមសំលាកនិងទុកចោលរហូតដល់ស្ងួត។ អនុវត្តរាល់យប់មុនចូលគេង ហើយលាងសម្អាតចេញនៅពេលព្រឹក។
៧. ព្យាបាលបញ្ហាពិបាករំលាយអាហារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាបាយក្នុងទឹក ១ ពែងនិងលាយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេចូល។ កូរឱ្យសព្វ សឹមទទួលទានឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ៕