សារធាតុគីមី ដែលយើងស្រូបចូលក្នុងខ្លួន គឺសុទ្ធសឹងតែមានជាតិពុលលើថ្លើម ដែលជាមូលហេតុអាចឱ្យយើងមានជំងឺរលាកថ្លើម។ ជាតិពុលទាំងនោះក៏អាចបង្កឲ្យមានជំងឺថ្លើមរ៉ាំរ៉ៃ និងក្រិនថ្លើម ផងដែរ។ ថ្លើម គឺ ងាយនឹងរងគ្រោះដោយសារធាតុគីមីណាស់ ដោយសារថ្លើមជាអ្នកបំបែកសារធាតុទាំងនោះ រួមទាំងថ្នាំមួយចំនួនចូលក្នុងចរន្តឈាម ហើយកម្ចាត់វាចេញតាមទឹកប្រមាត់ និងទឹកនោម។ តែក៏មានសារធាតុខ្លះ អាចពុល និងធ្វើឲ្យខូចខាតដល់កោសិកាថ្លើមផ្ទាល់ផងដែរ។
ខាងក្រោមនេះ គឺសារធាតុពុលធ្វើឲ្យថ្លើមអ្នករលាក៖
–សារធាតុពុលដែលយើងអាចដឹងមុនបាន៖ សារធាតុយើងអាចដឹងមុនថា ពេលដែលយើងប្រើ ឬប៉ះពាល់វា ក្នុងកម្រិតណាមួយ អាចធ្វើឲ្យរលាកថ្លើមបាន រួមមាន សារធាតុសម្អាត ឬរំលាយ ជាតិ Carbon tetrachloride និងថ្នាំបំបាត់ការឈឺចាប់មួយចំនួន។
– សារធាតុពុលដែលមិនអាចដឹងមុនបាន៖ វាអាចធ្វើឲ្យថ្លើមរបស់អ្នករលាកបាន ដោយគ្រាន់តែប៉ះពាល់វាក្នុងកម្រិតតិចតួចប៉ុណ្ណោះ ដូចជា ពពួកថ្នាំដែលអ្នកមិនយល់ច្បាស់ពីវា ហើយក៏អាស្រ័យលើអង់ស៊ីមរបស់អ្នកដែលប្រើទៅបំបែកសារធាតុនោះផងដែរ៕