ក្អក ផ្តាសាយជារោគសញ្ញានៃជម្ងឺរលាកទងសួត។ ជម្ងឺនេះកាចសាហាវបើមិនបានព្យាបាលជាបន្ទាន់ទេ អាចបណ្ដាលឲ្យអ្នកជម្ងឺស្លាប់បាន។ សមាជិកគ្រួសារ ជាពិសេសកុមារអាចចៀសផុតពីជម្ងឺរលាកទងសួតបាន បើសមាជិកគ្រួសារទាំងអស់យល់ដឹងពីវិធីបង្ការ ព្យាបាល ថែរក្សាអ្នកជម្ងឺរលាកទងសួតនេះ។ ការយល់ដឹងទាំងនេះនឹងជួយកាត់បន្ថយការចំណាយរបស់អ្នក ទៅលើការព្យាបាលសមាជិកគ្រួសារ ដែលមានជម្ងឺនេះ ជាពិសេសទារក និងកុមារ។
តើជំងឺរលាកទងសួតមានរោគសញ្ញាដូចម្តេចខ្លះ?
ជំងឺរលាកទងសួតមានរោគសញ្ញាដូចខាងក្រោម៖
-ក្អក ផ្ដាសាយ ឆាប់ហត់
-ដកដង្ហើមញាប់ជាងធម្មតា (កុមារមានចំនួនដង្ហើម៥០ដង ឬលើសពីនេះក្នុងមួយនាទី ចំពោះទារកអាយុតិចជាង២ខែ មានចំនួនដង្ហើម ៦០ដងក្នុងមួយនាទី)។
-ផ្នែកចុងដង្ហើមផតចូល នៅពេលដកដង្ហើមចូល (ពេលធម្មតាត្រូវប៉ោងឡើង)។
-ពេលដកដង្ហើមឮសូរ។
-មិនឃ្លានអ្វីទាំងអស់ (លែងបៅ)។
-មិនសូវបៅ និងមិនព្រមហូប
តើជម្ងឺរលាកទងសួតបណ្តាលឱ្យមានគ្រោះថ្នាក់ដូចម្តេច?
មនុស្សភាគច្រើនតែងតែកើតជម្ងឺក្អក ផ្តាសាយ។ អ្នកខ្លះក៏ជាទៅដោយឯកឯងៗ ផ្ទុយទៅវិញអ្នកខ្លះកាន់តែធ្ងន់ធ្ងរទៅៗ ឈានទៅដល់ជម្ងឺរលាកទងសួត ជាពិសេសកុមារ។
រលាកទងសួតជាជម្ងឺមួយកំពុងតែសម្លាប់កុមារពី២ទៅ ៣លាននាក់ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក (តួលេខនេះពុំបានរាប់បញ្ចូលចំនួនកុមារស្លាប់ ១លាននាក់ទៀតដោយជម្ងឺរលាកទងសួតបណ្តាលមកពីកញ្ជ្រឹល និងខាន់ស្លា ដែលជាជម្ងឺមានថ្នាំសម្រាប់ចាក់ការពារផង)។
ជំនួយសង្គ្រោះបឋម ៖ បើកុមារម្នាក់មានជម្ងឺក្អក ផ្ដាសាយ អ្នកត្រូវធ្វើដូចខាងក្រោម៖
-ឲ្យផឹកទឹកច្រើនជាងធម្មតាក្រោយពេលបាយ។
-ធ្វើយ៉ាងណារក្សាកម្ដៅក្នុងខ្លួនអ្នកជម្ងឺឲ្យនៅក្ដៅឧណ្ហៗជាដរាប (តែមិនមែនក្ដៅពេកទេ)។
-សម្អាតរន្ធច្រមុះ (បើទារក អ្នកត្រូវដាក់ទឹកក្នុងមាត់អ្នក រួចបឺតរន្ធច្រមុះ) ព្រោះច្រមុះណែន ស្ទះធ្វើឲ្យពិបាកដកដង្ហើម ឬបៅ។
-ដាក់ខ្នើយកល់ក្រោមខ្នងកុមារឲ្យខ្ពស់បន្តិច នៅពេលគាត់ដេកដើម្បីស្រួលដកដង្ហើម។
-កុំឲ្យអ្នកជម្ងឺនៅជិតផ្សែងភ្លើង ឬផ្សែងបារី។
-កុំប្រើថ្នាំក្អក ឬ ស៊ីរ៉ូ ព្រោះវាថ្លៃ ហើយមានគ្រោះថ្នាក់ផង។ ត្រូវប្រើឱសថណាដែលផ្តល់ដោយគ្រូពេទ្យ។
-អ្នកក៏អាចផលិតឱសថនៅផ្ទះសម្រាប់ព្យាបាលជម្ងឺក្អក ផ្ដាសាយ តាមចំណូលចិត្តដោយប្រើថ្នាំបុរាណ ដែលផ្សំពីវត្ថុធាតុក្នុងស្រុក។ ឧទាហរណ៍៖ ទឹកឃ្មុំមួយស្លាបព្រា ទឹកក្រូចឆ្មារ១ចំណិតធំ ទឹកក្ដៅឧណ្ហៗ កន្លះកែវតូច ចាក់ចូលគ្នាកូរឲ្យសព្វ ឲ្យអ្នកជម្ងឺផឹកព្រឹកម្ដង ល្ងាចម្ដង៕