ប្រសិនជាអ្នកមិនចង់ឲ្យកូនកើតជំងឺផ្លូវចិត្ត health.com.khនឹងបង្ហាញអ្នកពីរឿងមួយចំនួនដែលមាតាបិតាមិនគួរធ្វើឡើយ។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរនិយាយពាក្យគម្រាមកំហែងមកគម្រាមកូនឡើយ ព្រោះអាចធ្វើឲ្យគេមានអារម្មណ៍មិននឹងនរ ថែមទាំងអាចបំផ្លាញចិត្តគេយ៉ាងងាយ។ ជាពិសេស កូននឹងអាចក្លាយជាបុគ្គលដែលកំសាកពេលដែលគេធំឡើយ ព្រោះគេស្ថិតក្រោមការគម្រាមរបស់អ្នកតាំងពីតូច។
- អ្វីដែលអ្នកមិនអាចធ្វើបាន អ្នកមិនគួរនិយាយនៅចំពោះមុខកូនឡើយ ព្រោះអាចធ្វើឲ្យគេក្លាយជាបុគ្គលម្នាក់ដែលមិនគោរពពាក្យសម្តីដែលនិយាយចេញមកដូចជាអ្នកធ្វើចំពោះគេអញ្ចឹង។
- អ្នកមិនគួរតែងតែតឿនឲ្យកូនធ្វើអ្វីមួយឡើយ ដោយឲ្យគេធ្វើតាមសម្រួល ទើបអាចបង្រៀនគេឲ្យមានចិត្តអំណត់។ ផ្ទុយទៅវិញ បើអ្នកតែងតែបង្ខំឲ្យកូនធ្វើអ្វីក៏លឿន នឹងអាចធ្វើឲ្យគេក្លាយជាបុគ្គលដែលគ្មានចិត្តអំណត់ឡើយ។
- អ្នកមិនគួរនិយាយមិនល្អពីអ្នកដទៃនៅចំពោះមុខកូនឡើយ ព្រោះអាចធ្វើឲ្យកូនក្លាយជាបុគ្គលដែលចូលចិត្តនិយាយដើមអ្នកដទៃ។ ជាហេតុដែលអាចបំផ្លាញអនាគតកូនបានយ៉ាងងាយ។
- អ្នកមិនគួរសរសើរកូនហួសកំណត់ឡើយ ព្រោះអាចធ្វើឲ្យកូនសាងចរិតក្រអើតក្រទមបាន ដោយមិនមានអ្នកដទៃក្នុងកែវភ្នែក។ ដូចនេះ អ្នកគួរតែសរសើរខ្លះបានហើយ ទើបអាចធ្វើឲ្យគេខំប្រឹងទៀត។
- មិនថាកូនធ្វើអ្វីខុសទេ អ្នកមិនគួរជេរ ឬស្តីបន្ទោឲ្យគេខ្លាំងៗឡើយ ព្រោះអាចធ្វើឲ្យគេភ័យ និងឆាប់បាក់ទឹកចិត្តខ្លាំងណាស់។ ជាពិសេស កូនអាចរៀនធ្វើតាមអ្នកផងដែរ។
- អ្នកមិនគួរតែងតែផ្លាស់ប្តូរមនុស្សមើលថែទាំកូនមុនគេបាន២ឆ្នាំឡើយ ព្រោះអាចធ្វើឲ្យគេគ្មានអារម្មណ៍សុវត្ថិភាព គ្មានជំនឿចិត្ត ខ្លាចមនុស្ស ថែមទាំងធ្វើឲ្យកូនមានចរិតពឹងផ្អែកបាន។ ដូចនេះ អ្នកមិនគួរធ្វើរឿងទាំង៧នេះនៅចំពោះមុខកូនឡើយ៕