ផ្កាខាត់ណាពណ៌បៃតងត្រូវបានគេស្គាល់ថាជាបន្លែពណ៌បៃតងមួយប្រភេទដែលមានយ៉ាងល្អបំផុតចំពោះសុខភាពមនុស្ស ដោយសារតែសម្បូរទៅដោយជីវជាតិយ៉ាងច្រើន។ ដូច្នេះហើយ បើសិនជាអ្នកចាប់អារម្មណ៍ចំពោះផ្កាខាត់ណាពណ៌បៃតងនេះ ចូរសាកល្បងទទួលទានវាទៅ។ បើយោងទៅតាមការស្រាវជ្រាវថ្មីៗនេះរបស់សាកលវិទ្យាល័យ East Anglia បានអោយដឹងថា សមាសធាតុមួយប្រភេទដែលមានក្នុងផ្កាខាត់ណាពណ៌បៃតងអាចក្លាយទៅជាគន្លឹះដ៏សំខាន់សម្រាប់បង្ការ ឬបន្ថយដំណើរការរបស់ជំងឺរលាកសន្លាក់ដែលច្រើនតែកើតមានជាញឹកញាប់បំផុតបាន។
លទ្ធផលដែលបានមកពីការសិក្សានៅក្នុងមន្ទីរពិសោធន៍បានអោយដឹងថា សារធាតុ Sulforaphane ជួយបន្ថយដំណើរការខូចខាតលើឆ្អឹងខ្ចីក្នុងសន្លាក់របស់ជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់បាន។ អ្នកស្រាវជ្រាវបានរកឃើញថា កណ្តុរដែលស៊ីអាហារសម្បូរទៅដោយសារធាតុមួយនេះមិនសូវជាធ្វើអោយខូចខាតលើឆ្អឹងខ្ចី និងមានជំងឺរលាកឆ្អឹងខ្ចីច្រើនដូចកណ្តុរដែលមិនស៊ីឡើយ។
សារធាតុ Sulforaphane ត្រូវបានបញ្ចេញនៅពេលញ៉ាំអាហារពណ៌បៃតងដូចជាស្ពៃក្តោបពណ៌បៃតង ប៉ុន្តែអ្នកស្រាវជ្រាវនិយាយថា ផ្កាខាត់ណាពណ៌បៃតងគឺជាបន្លែពិសេសជាងគេតែម្តង។ ការសិក្សាមុនៗបានអោយដឹងថា សារធាតុ Sulforaphane មានសមាសធាតុជាឱសថប្រឆាំងនឹងជំងឺមហារីក និងការរលាក ប៉ុន្តែនេះគឺជាការសិក្សាសំខាន់ដំបូងគែចំពោះឥទ្ធិពលរបស់វាចំពោះសុខភាពសន្លាក់។
អ្នកស្រាវជ្រាវបានរកឃើញថា សារធាតុ Sulforaphane ជួយទប់ស្កាត់អង់ស៊ីមដែលធ្វើអោយសន្លាក់ខូចតាមរយៈការបញ្ឈប់ម៉ូលេគុលសំខាន់មួយប្រភេទដែលគេស្គាល់ថាជាអ្នកបង្កអោយមានការរលាក។
អ្នកស្រាវជ្រាវបាននិយាយថា ពួកគេមិននឹកស្មានសោះថា វាជួយជួសជុល ឬធ្វើអោយអាការៈរលាកសន្លាក់នោះធូរស្រាលមកវិញនោះទេ។ ក្រៅពីនេះ ការហាត់ប្រាណ និងការថែរក្សាទម្ងន់អោយនៅសុខភាពល្អអាចសម្រួលដល់រោគសញ្ញា និងកាត់បន្ថយឱកាសនៃការកើតជំងឺ ហើយរបបអាហារដែលល្អក៏នឹងមានសារៈសំខាន់ចំពោះរឿងនេះដែរ។
ការស្រាវជ្រាវជាច្រើនទៀតចំពោះឥទ្ធិពលរបស់ផ្កាខាត់ណាពណ៌បៃតងចំពោះជំងឺរលាកសន្លាក់កំពុងតែបន្តធ្វើទៀត។ ដូច្នេះវានឹងមានរឿងជាច្រើនដែលត្រូវដឹង ប៉ុន្តែរឿងមួយដែលច្បាស់ការនោះគឺថា ការញ៉ាំផ្កាខាត់ណាពណ៌បៃតងរាល់ថ្ងៃគឺជាសកម្មភាពដ៏ល្អមួយចំពោះសុខភាព៕