នៅពេលអ្នកមានជំងឺទឹកនោមផ្អែម ឱកាសនៃការកើតជំងឺបេះដូងក៏កើនខ្ពស់ដែរ ដូច្នេះ អ្នកប្រហែលជាត្រូវធ្វើតេស្តជាច្រើនដើម្បីពិនិត្យថាតើបេះដូងកំពុងតែមានសុខភាពល្អប៉ុណ្ណា។ តេស្តទាំងនេះនឹងជួយគ្រូពេទ្យមើលដឹងថាតើអ្នកមានអាការៈនៃបញ្ហាបេះដូងឬអត់ ហើយក៏ត្រូវប្រើមធ្យោបាយព្យាបាលដ៏ល្អបំផុតផងដែរ។
ពិនិត្យសម្ពាធឈាម
វាគឺជាការធ្វើតេស្តមួយដែលគ្មានការឈឺចាប់ឡើយគ្រាន់តែរុំបង់នៅដើមដៃដើម្បីពិនិត្យសម្ពាធឈាមប៉ុណ្ណោះ។ បើសិនជាមានជំងឺលើសសម្ពាធឈាមហើយមិនគ្រប់គ្រងវាទៀត អ្នកអាចនឹងមានបញ្ហាសុខភាពជាច្រើនដូចជា៖
- ដាច់សរសៃឈាមខួរក្បាល
- គាំងបេះដូង
- ខ្សោយបេះដូង
- ខ្សោយតម្រងនោម
ការថតអេកូនៅសរសៃឈាម Carotid
វាគឺជាការប្រើរលកសម្លេងដែលមានហ្វ្រេកង់ខ្ពស់ទៅលើសរសៃឈាមអាក់ទែនៅក។ ការធ្វើបែបនេះនឹងអាចជួយឲ្យគ្រូពេទ្យមើលដឹងថា សរសៃឈាមនេះមានការរួមតូចដោយសារតែកំណកខ្លាញ់ឬអត់។
ការថត CT ស្កេន និង Calcium Scores
តេស្តរូបភាពវេជ្ជសាស្រ្តមួយនេះអាចមើលដឹងការកកជាតិកាលស្យូមក្នុងសរសៃឈាមនៅបេះដូងរបស់អ្នកបាន។ កាលណាមានជាតិកាលស្យូមកាន់តែច្រើន មានន័យថា សរសៃឈាមបេះដូងមានការក្រិនរឹងកាន់តែខ្លាំងហើយ។
ការវាស់ចង្វាក់បេះដូង (ECG)
វាគឺជាតេស្តមួយប្រភេទដែលវាស់ទៅលើសកម្មភាពអេឡិចត្រុងរបស់បេះដូង។ គ្រូពេទ្យនឹងអាចពិនិត្យមើលរឿងជាច្រើនដូចជា៖
- ចង្វាក់បេះដូងដែលមិនធម្មតា
- ថតបេះដូងធំជាងធម្មតា
- លំហូរឈាមខ្សោយ
- គាំងបេះដូង
តេស្ត Ambulatory Electrocardiogram (Holter Monitor)
តេស្តនេះគឺសម្រាប់វាស់សកម្មភាពអេឡិចត្រុងរបស់បេះដូងខណៈពេលដែលអ្នកធ្វើសកម្មភាពប្រចាំថ្ងៃជាទៀងទាត់។
អេកូបេះដូង
វាគឺជាការថតអេកូនៅលើថតបេះដូង និងសកម្មភាពរបស់បេះដូង។ គាត់នឹងអាចពិនិត្យរកមើលរចនាសម្ព័ន្ធ និងចលនារបស់បេះដូង និងពិនិត្យមើលថាតើសាច់ដុំបេះដូងក្រាស់ខ្លាំងប៉ុណ្ណា និងតើវាច្របាច់ឈាមបានល្អប៉ុណ្ណាដែរ។
តេស្តទៅលើសម្ពាធនៃការហាត់ប្រាណ
វាគឺជាការធ្វើតេស្តនៅលើម៉ាស៊ីនរត់កីឡា ដែលអាចជួយគ្រូពេទ្យរកមើលថាតើលំហូរឈាមចូលទៅក្នុងសាច់ដុំបេះដូងមានប៉ុន្មាននៅពេលវាធ្វើការងារខ្លាំងដូចជាខណៈពេលកំពុងហាត់ប្រាណ។ ពេលនោះគ្រូពេទ្យអាចប្រើទិន្នន័យមួយនេះបញ្ជាក់ថា តើកម្រិតនៃការហាត់ប្រាណប៉ុណ្ណាដែលស័ក្តិសមសម្រាប់អ្នក។
ការថតក្នុងសរសៃឈាមបេះដូង
ការធ្វើតេស្តមួយនេះនឹងជួយឲ្យគ្រូពេទ្យពិនិត្យដឹងអំពីការស្ទះខ្លាំងក្លាប៉ុណ្ណាក្នុងសរសៃឈាមបេះដូង ហើយក៏អាចដឹងថាតើវាធ្ងន់ធ្ងរប៉ុណ្ណាដែរ៕