ការស្លាប់របស់គិលានុបដ្ឋាយិកាម្នាក់ក្នុងទីក្រុងមួយក្នុងតំបន់ភាគខាងជើងប៉ែកខាងលិចរបស់ប្រទេសសាធារណៈរដ្ឋប្រជាធិបតេយ្យកង់ហ្គោ បានធ្វើឲ្យមានការស្លាប់ដោយសារតែការផ្ទុះឡើងវិញនៃជំងឺអ៊ីបូឡា រហូតដល់ ២៧នាក់។
កាលណោះយោងទៅតាមរដ្ឋមន្ត្រីសុខាភិបាល Oly Ilunga បានប្រាប់ទៅសារព័ត៌មាន Associated Press ថា មានមនុស្សប្រមាណ ៤៩នាក់បានធ្លាក់ខ្លួនឈឺដែលមានទម្រងក្តៅខ្លួនបែបហូរឈាម ហើយក្នុងនោះមាន ២២ករណីត្រូវបានគេបញ្ជាក់ថាជាជំងឺអ៊ីបូឡា ២១ករណីប្រហែល និង ៦ករណីទៀតជាការសង្ស័យ។
អ្នកជំងឺពីរនាក់បានជាសះស្បើ ហើយក៏បានត្រឡប់ទៅផ្ទះវិញផងដែរប៉ុន្តែពួកគេនៅតែស្ថិតក្នុងការតាមដាននៅឡើយ។ ពួកគេម្នាក់ៗសុទ្ធតែមានលិខិតបញ្ជាក់សុខភាពថា ពួកកេបានជាសះស្បើយ ហើយក៏មិនអាចចម្លងជំងឺនេះទៅអ្នកដទៃទៀតបានដែរ ដោយសារតែពួកគេមានអង់ទីគ័រការពារជំងឺអ៊ីបូឡាហើយ។
លោក Ilunga ជាមួយគ្នានឹងការដំណាងឲ្យអង្គការសុខភាពពិភពលោក និងអង្គការសហប្រជាជាតិ បានមកដល់ទីក្រុងកុងហ្គោនៃ Mbandaka ដែលជាកន្លែងជំងឺអ៊ីបូឡារាលដាល ហើយក៏ដើម្បីចុះយុទ្ធនាការណ៍ចាក់វ៉ាក់សាំងការពារជំងឺនេះដែរ។
ចាប់ពីពេលនោះមក គឺមានវ៉ាក់សាំងពិសោធន៍ចំនួន ៥៤០ ដប បានទៅដល់ប្រទេសនេះ ហើយរដ្ឋមន្ត្រីសុខាភិបាលបាននិយាយថា វានឹងត្រូវការស៊ីពេល ៥ថ្ងៃដើម្បីចាក់វ៉ាក់សាំងដល់អ្នកជំងឺដែលមានជំងឺអ៊ីបូឡាប្រហែល ១០០នាក់។ ដោយក្នុងនោះមានបុគ្គលិកសុខាភិបាល ៧៣នាក់ដែរ។
ថ្វីត្បិតតែវ៉ាក់សាំងនេះនៅតែជាវ៉ាក់សាំងសម្រាប់ពិសោធន៍ក៏ដោយ តែវាហាក់បីដូចជាមានប្រសិទ្ធភាពដែរ។ វាត្រូវបានបង្កើតឡើងក្នុងពេលដែលមានការផ្ទុះបែកមេរោគអ៊ីបូឡាដ៏ខ្លាំងបំផុតក្នុងប្រទេស Guinea, Liberia និង Sierra Leone ក្នុងឆ្នាំ ២០១៤ ដល់ ២០១៦ ហើយវាក៏បានសម្លាប់មនុស្សរហូតដល់ ១១៣០០នាក់ផងដែរ៕