ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ទោះបីជាជំងឺដាច់សរសៃឈាមខួរក្បាលទាក់ទងទៅនឹងការបញ្ឈប់លំហូរឈាមទៅកាន់ខួរក្បាលក៏ពិតមែន, ប៉ុន្តែអ្នកដែលមានប្រភេទនៃការស្ទះក្នុងសរសៃឈាមបេះដូងអាចទំនោរអោយមានបញ្ហានេះផងដែរ។
អ្នកស្រាវជ្រាវជនជាតិអាល្លឺម៉ង់បានរកឃើញថា អ្នកមានដុំកកនៅក្នុងសរសៃឈាមអារទែដែលត្រូវបានបង្កឡើងការឡើងកំនរក្នុងសរសៃឈាមកូរ៉ូណែរនោះ (ការកកជាតិកាល់ស្យូមនៅក្នុងសរសៃឈាមអារទែ) គឺមានហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាល ទោះបីប្រសិនបើវាត្រូវបានគេចាត់ថាមានហានិភ័យទាបក៏ដោយ។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត Stroke។វេជ្ជបណ្ឌិត ឌឺក ហឺរម៉េន (Dirk Hermann) ជាសាស្ត្រាចារ្យខាងផ្នែកសរសៃវិញាណសរសៃឈាម និងជំងឺវង្វេងនៅសាកលវិទ្យាល័យមន្ទីរពេទ្យ Essen បាននិយាយថា ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលត្រូវបានពាក់ព័ន្ធទៅនឹងការឡើងរឹងនៃសរសៃឈាមកូរ៉ូណែរដែលបង្ហាញថាមានភាពជិតស្និទ្ធទៅនឹងប្រភេទនៃជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។
ចំពោះការស្រាវជ្រាវ, អ្នកស្រាវជ្រាវបានប្រើប្រាស់ប្រភេទនៃការថតស្កេនពិសេសដើម្បីវាយតម្លៃថាតើបន្ទះខ្លាញ់មានប៉ុន្មាននៅក្នុងសរសៃឈាមបេះដូងលើស្ត្រី និងបុរសជិត៤.២០០នាក់ដែលមានអាយុចន្លោះពី៤៥ឆ្នាំ ទៅ៧៥ឆ្នាំ ដែលមិនធ្លាប់រងគ្រោះដោយការគាំងបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាលសោះ។អ្នកចូលរួមត្រូវបានគេតាមដានអស់រយៈពេលប្រហែល៨ឆ្នាំ។ អំឡុងពេលនោះ, មានមនុស្ស៩២នាក់រងគ្រោះដោយជំងឺដាច់សរសៃឈាមខួរក្បាល។ អ្នកស្រាវជ្រាវបានរកឃើញថា ការស្ទះសរសៃឈាមបេះដូងដែលពាក់ព័ន្ធទៅនឹងការឡើងកំណកគឺមានខ្ពស់ក្នុងចំនោមអ្នកដែលរងគ្រោះដោយជំងឺដាច់សរសៃឈាមខួរក្បាលជាងអ្នកដែលមិនធ្លាប់មានជំងឺដាច់សរសៃឈាមខួរក្បាលសោះ។
ជាពិសេស អ្នកដែលមានការឡើងកម្រិតនៃកំណកនោះខ្លាំងបំផុតហាក់ដូចជាងាយនឹងមានជំងឺដាច់សរសៃឈាមខួរក្បាល៣ដងច្រើនជាងអ្នកដែលមានកម្រិតនៃកំណកនោះទាប, នេះដោយយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Stroke។
អ្នកស្រាវជ្រាវបាននិយាយថា ការទស្សន័ទាញពីហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលពឹងផ្អែកទៅលើថាតើសរសៃឈាមអារទែដែលឡើងកំណកនោះអាក្រក់ប៉ុណ្ណាដែលហាក់ដូចជាជម្រុញខ្ពស់បំផុតលើអ្នកដែលមានអាយុតិចជាង៦៥ឆ្នាំ និងអ្នកដែលមានហានិភ័យទាបនៃជំងឺសរសៃឈាមបេះដូងនោះ។អ្នកស្រាវជ្រាវក៏បានបន្ថែមថា អ្នកជំងឺដែលបានទទួលរងនឹងជំងឺដាច់សរសៃឈាមខួរក្បាលគឺមានអាយុប្រហែលជា៦៥ឆ្នាំ ហាក់ដូចជាមានការលើសទម្ងន់ ឬធាត់ ហើយហាក់ដូចជាមានជំងឺទឹកនោមផ្អែម, ជំងឺលើសឈាម និងកម្រិតកូឡេស្តេរ៉ុលខ្ពស់ផងដែរ៕