ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ការប៉ះពាល់នឹងសារធាតុគីមីនៅកន្លែងធ្វើការបណ្តាលអោយមានករណីជាច្រើននៃជំងឺហឺត ជាពិសេសចំពោះជាងទឹក, អ្នកធ្វើការលាបផ្ទះ និងជាងកាត់សក់។
អ្នកស្រាវជ្រាវនៅក្នុងប្រទេសស៊ុយអែតបានរកឃើញថា អ្នកធ្វើការងារជាច្រើននាក់ត្រូវបានប៉ះពាល់ទៅនឹងសារធាតុពុលខណៈពេលដែលកំពុងធ្វើការងាររបស់ពួកគេទោះបីជាសាធារណៈបានប្រមានថា ពួកគេត្រូវប្រើប្រាស់ប្រដាប់ការពារក៏ដោយ។
ការស្រាវជ្រាវអន្តរជាតិបានមើលទៅលើមនុស្សពេញវ័យជាង១៣.០០០នាក់នៅក្នុងប្រទេសស៊ុយអែត, នរវេស, ដាណឺម៉ាក, អាយលេន និងអេស្តូនី។ អ្នកស្រាវជ្រាវបានបង្ហាញថា ការកើតមានសរុបនៃករណីថ្មីគឺ១,៣នាក់នៃអ្នកជំងឺហឺតក្នុងចំនោមបុរស១.០០០នាក់ និង២,៤នាក់នៃអ្នកជំងឺហឺតក្នុងចំនោមស្ត្រី១.០០០នាក់។៧%នៃករណីនៃជំងឺហឺតក្នុងចំនោមស្ត្រី និងលើសពី១៤%ក្នុងចំនោមបុរសត្រូវបានផ្សារភ្ជាប់ទៅនឹងកន្លែងធ្វើការ។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត Annals of Occupational Hygiene។លីននា លីលៀនប៊ឺក (Linnea Lillienberg) ជាអ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Gothenburg បាននិយាយថា វាជារឿងចាំបាច់ដើម្បីបង្ហាញថាតើសារធាតុនៅកន្លែងធ្វើការណាមួយបង្កើនហានិភ័យនៃជំងឺហឺត និងការងារណាមួយដែលមានហានិភ័យខ្ពស់នោះ។
ការស្រាវជ្រាវបានបង្ហាញថា អ្នកធ្វើការខាងក្រោមនេះគឺមានហានិភ័យខ្ពស់នៃជំងឺហឺតដោយសារតែប៉ះពាល់នឹងសារធាតុគីមីពុលនៅកន្លែងធ្វើការ៖
- ជាងលាបផ្ទះត្រូវបានប៉ះពាល់នឹងសារធាតុដែលត្រូវបានគេហៅថា diisocyanates ដែលមាននៅក្នុងថ្នាំលាបផ្ទះ
- ជាងទឹកដែលកាន់បង់រុំ និងសារធាតុប្រើសម្រាប់រុំ
- អ្នកសម្អាតដែលប៉ះពាល់នឹងម្សៅសាប៊ូ
- អ្នកធ្វើការខាងសុខាភិបាលដែលប្រើប្រាស់ស្រោមដៃជ័រកៅស៊ូ និងត្រូវបានប៉ះពាល់ទៅនឹងម្សៅសាប៊ូ
- អ្នកធ្វើការក្នុងរោងចក្រអាហារ និងថ្នាំជក់ត្រូវបានប៉ះពាល់នឹងប្រូតេអ៊ីនមួយចំនួន
- ជាងកាត់សក់ដែលប៉ះពាល់នឹងសារធាតុគីមីនៅក្នុងសាប៊ូលាងសក់
- ជាងធ្វើក្រចកដែលប្រើការបិតជ័រកាវលើក្រចក
លីលៀនប៊ឺកបានបន្ថែមថា មនុស្សមួយចំនួនគឺងាយនឹងទទួលរងបញ្ហានេះជាងអ្នកដទៃ។ ឧទាហរណ៍, អ្នកដែលមានគ្រុនផ្តាសាយ នឹងមានជំងឺហឺតជារឿយៗប្រសិនបើពួកគេត្រូវបានប៉ះពាល់ទៅនឹងប្រូតេអ៊ីនដែលមានលើសត្វ ឬរុក្ខជាតិ។ ប៉ុន្តែប្រសិនបើយើងមើលទៅលើបុគ្គលដែលមិនមានការកើនឡើងនឹងការទទួលរងនោះ, ហានិភ័យគឺខ្ពស់ក្នុងចំនោមអ្នកដែលត្រូវបានប៉ះពាល់ទៅនឹងកាវវិទ្យាសាស្ត្រ និងdiisocyanates ដែលត្រូវបានរកឃើញនៅក្នុងកាវបិតក្រចកជាដើម។ ក្នុងចំនោមស្ត្រីដែលមិនមានគ្រុនផ្តាសាយ, ហានិភ័យត្រូវបានកើនឡើងក្នុងចំនោមអ្នកដែលបានកាន់ម្សៅសាប៊ូ៕