ជំងឺរលាកថ្លើម អាចកើតឡើងដោយសារតែ មានការរលាកទាំងឡាយណា នៅលើកោសិកាថ្លើម។ ការរលាកថ្លើម អាចជាលក្ខណៈស្រួចស្រាវ បើសិនជាវាកើតឡើងតិចជាង ៦ ខែ និងរ៉ាំរ៉ៃ រយៈពេលច្រើនជាង ៦ ខែ។ ជំងឺណេះអាចនឹងមិនមានរោគសញ្ញាអ្វី តែក៏ច្រើនតែអាចនាំឲ្យ ខ្សោយថ្លើមបានដែរ។
ជំងឺរលាកថ្លើមប្រភេទ A ជាជំងឺមួយ ដែលឆ្លើងតាមរយៈការញ៉ាំអាហារ និងទឹកដែលមានមេរោគ និងរស់នៅមិនមានអនាម័យ។ ជំងឺនេះដែរ ច្រើនតែឆ្លងជាលក្ខណៈ ពេញមួយផ្ទះតែម្តង តាមរយៈទឹកមាត់ ឬលាមក។ វាក៏អាចឆ្លង តាមរយៈការញ៉ាំអាហារ នៅភោជនីយដ្ឋាន និងកន្លែងធ្វើការដែរ។
ចំពោះរោគសញ្ញា របស់ជំងឺរលាកថ្លើមប្រភេទ A នេះដែរ មានដូចជា ៖
- ខ្សោយរាងកាយ
- មិនស្រួលក្នុងពោះ
- រាករូស
- ក្តៅខ្លួន
- មិនឃ្លានអាហារ
- ស្បែកទៅជាលឿង
- ចង្អោរ
- ទឹកនោមពណ៌ខាប់។
ចំពោះជំងឺរលាកថ្លើមប្រភេទ B ឆ្លងតាមរយៈឈាម និងសារធាតុដែលមានក្នុងឈាម ដែលផ្ទុកទៅដោយ វីរុសរលាកថ្លើមប្រភេទ B នេះ។ ជំងឺរលាកថ្លើមមួយនេះដែរ អាចឆ្លងតាមរយៈ ការប្រើម្ជុលរួមគ្នា ការរួមភេទ ឬការបញ្ចូលឈាម។ តាមពិត ជំងឺរលាកថ្លើមនេះ ក៏អាចឆ្លងតាមការសាក់លើរាងកាយ និងប្រើឡាមកោរពុកមាត់ ឬច្រាស់ដុសធ្មេញរួមគ្នាដែរ។
រោគសញ្ញារបស់ជំងឺរលាកថ្លើមប្រភេទ B មានដូចជា ៖
- ឈឺពោះ
- ស្បែកទៅជាលឿង
- អស់កម្លាំងខ្លាំង
- ចង្អោរ
- ទឹកនោមទៅជាពណ៌ខាប់។
ជំងឺរលាកថ្លើមប្រភេទ C អាចឆ្លងដូចគ្នា នឹងជំងឺរលាកថ្លើមប្រភេទ B ដែរ។ គេច្រើនតែឃើញថា ជំងឺនេះច្រើនតែឆ្លងតាមការរួមភេទ។ យ៉ាងណាមិញ ៥០ ទៅ ៧០ ភាគរយនៃអ្នកជំងឺរលាកថ្លើមប្រភេទ C ស្រួចស្រាវ អាចវិវត្តទៅជាការបង្ករោគរ៉ាំរ៉ៃ និងឈានទៅរកជំងឺក្រិនថ្លើម ខ្សោយថ្លើម និងមហារីកថ្លើមទៀត។
ចំពោះរោគសញ្ញា របស់ជំងឺរលាកថ្លើមប្រភេទ C មានដូចជា ៖
- ទឹកនោមពណ៌ចាស់
- ក្អួត និងចង្អោរ
- ក្តៅខ្លួន
- មិនឃ្លានអាហារ
- អស់កម្លាំង
- ឈឺក្នុងពោះ
- លាមកទៅជាពណ៌ប្រផេះ
- ស្បែកទៅជាលឿង
- ឈឺសន្លាក់។
ចំពោះជំងឺរលាកថ្លើមប្រភេទ E វិញ បង្កឡើងដោយវីរុសរលាកថ្លើមប្រភេទ E ដែលមានលក្ខណៈស្រដៀងគ្នា នឹងជំងឺរលាកថ្លើមប្រភេទ A ដែរ៕