ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ចំពោះបុរស, ការរីកទំហំចង្កេះអាចមានន័យថា មានបញ្ហានៃជីវិត លើគ្រែ របស់ពួកគេ។
អ្នកស្រាវជ្រាវដែលមកពីមន្ទីរពេទ្យ New York-Presbyterian ក្នុងទីក្រុងញូវយ៉កបាននិយាយថា បុរសធាត់មិន ត្រឹមតែកើនឡើងហានិភ័យនៃជំងឺបេះដូង និងជំងឺមេតាប៉ូលីសប៉ុណ្ណោះទេ, ប៉ុន្តែពួកគេក៏អាចជម្រុញអោយមានភាពមិនធម្មតានៃមុខងារផ្លូវភេទ និងបញ្ហានៃការបង្ហូរនោមជាញឹកញាប់។
វេជ្ជបណ្ឌិត ស្តេវិន កាផ្លេន(Steven Kaplan) ជាសាស្ត្រាចារ្យផ្នែកជំងឺបង្ហូរទឹកម៉ូត្របាននិយាយថា ការស្រាវជ្រាវបានបង្ហាញថា បុរសដែលធាត់ប៉ះពាល់ទៅលើសុខភាពរបស់ពួកគេ។
គាត់បាននិយាយថា ការស្រាវជ្រាវបានបង្ហាញពីចំណុចសំខាន់ថា យើងត្រូវតែគិតអំពីខ្លួនក្នុងមធ្យោបាយអោយបានគ្រប់ជ្រុងជ្រោយ។ អ្វីដែលយើងញ៉ាំអាចផ្តល់ផលវិបាកទៅខ្លួនរបស់យើង។ បញ្ហានៃគុណភាពនៃជីវិត ដូចជាសុខភាពផ្លូវភេទ និងសុខភាពដទៃទៀត, អាចត្រូវបានប៉ះពាល់។
អ្នកស្រាវជ្រាវបានពិនិត្យមើលទៅលើបុរសជាង៤០០នាក់ដែលមានរោគសញ្ញានៃផ្នែកបង្ហូរទឹកម៉ូត្រផ្នែកខាងក្រោមដែលរួមមាន ការនោមជាញឹកញាប់អំឡុងពេលថ្ងៃ និងយប់ជាដើម។ បុរសទាំងនោះគឺស្ថិតនៅអាយុពី៤០ឆ្នាំ ទៅ៩១ឆ្នាំ។ ចំពោះបុរសទាំងនោះ, ៣៧,៥%មានទំហំចង្កេះតូចជាង៩១៤មីលីម៉ែត្រ, ប្រហែល១/៣មានទំហំចង្កេះចន្លោះពី៩១៤មីលីម៉ែត្រទៅ១០១៦មីលីម៉ែត្រ និង២៩%មានទំហំចង្កេះធំជាង១០១៦មីលីម៉ែត្រ។
ការស្រាវជ្រាវបានលើកឡើងថា ភាពធាត់ក៏បានប៉ះពាល់ដល់សុខភាពផ្លូវភេទរបស់បុរសផងដែរ។ បន្ទាប់ពីបានស្ទង់មតិលើបុរសទាំងនោះ, អ្នកស្រាវជ្រាវបានរកឃើញថា ប្រហែល៣/៤នៃអ្នកទាំងនោះដែលមានទំហំធំបំផុតមានបញ្ហានៃការមិនឡើងរឹងនៃលិង្គ និង៦៥%មានបញ្ហានៃការបញ្ចេញទឹកកាម។
ប៉ុន្តែនៅពេលដែលភាពធាត់បានថយចុះ, បញ្ហានៃផ្លូវភេទមានភាពប្រសើរឡើង។ អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា ភាពមិនឡើងរឹងនៃលិង្គត្រូវបានគេបង្ហាញថា មានប្រហែលជាពាក់កណ្តាលចំពោះបុរសដែលមានទំហំចង្កេះពី៩១៤មីលីម៉ែត្រ ១០១៤មីលីម៉ែត្រ ហើយប្រហែលជា៤០%នៃបុរសនៅក្នុងក្រុមនេះមានបញ្ហានៃការបញ្ចេញទឹកកាម។
ការស្ទង់មតិបានចង្អុលបង្ហាញថា ចំពោះបុរសដែលមានទំហំតូចបំផុត, ៣២%បានប្រាប់ថាមានបញ្ហានៃការមិនឡើងរឹងនៃលិង្គ និង២១%មានបញ្ហាក្នុងការបញ្ចេញទឹកកាម។
ការស្រាវជ្រាវបានបង្ហាញថា បុរសដែលមានទំហំចង្កេះធំត្រូវបានបង្ហាញឡើងជាការនោមញឹកញាប់។ បុរស៤នាក់ក្នុងចំនោម១០នាក់ដែលមានទំហំចង្កេះធំបំផុតបាននោមលើសពី៨ដងក្នុងមួយយប់។
ទោះបីជាអ្នកស្រាវជ្រាវមិនប្រាកដអំពីថាហេតុអ្វីបានជាការធាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាផ្លូវភេទ និងបញ្ហានៃប្រព័ន្ធបង្ហូរទឹកម៉ូត្រក៏ដោយ, ប៉ុន្តែពួកគេបានបង្ហាញថា ការប្តូរលំហូរឈាមនៅក្នុងតំបន់អាងត្រគាកអាចជាកត្តាមួយដែរ។ ពួកគេបាននិយាយថា ការប្រែប្រួលកម្រិតនៃអរម៉ូនដែលត្រូវបានបង្កឡើងដោយភាពធាត់នោះអាចដើរតួសំខាន់ផងដែរ។
កាផ្លេនបានសរុបថា ឥឡូវយើងបានយល់ថាការធាត់អាចប៉ះពាល់ដល់សុខភាពបុរសយ៉ាងណា ហើយមធ្យោបាយសាមញ្ញដើម្បីស្គាល់ថាតើបុរសណាមួយដែលអាចត្រូវបានប៉ះពាល់នៅក្នុងមធ្យោបាយទាំងនោះ។ នេះបន្ថែមលើភាពចាំបាច់ដើម្បីណែនាំថាបុរសគួរតែរក្សាទម្ងន់អោយនៅល្អ។
អ្នកស្រាវជ្រាវបានបន្ថែមថា ការថយចុះទម្ងន់អាចផ្តល់ភាពប្រសើរឡើងដល់បុរសចំពោះសុខភាពផ្លូវភេទ និងបញ្ហានៃប្រព័ន្ធបង្ហូរទឹកម៉ូត្រ។ ពួកគេបានសម្គាល់ឃើញថា បន្ទាប់ពីការស្រាវជ្រាវនេះបានបញ្ចប់, ការស្រាវជ្រាវបន្ថែមក៏បានបង្ហាញថា ការបន្ថយត្រឹមតែ៦២មីលីម៉ែត្រនៃទំហំចង្កេះក៏អាចធ្វើអោយប្រសើរឡើងដល់សុខភាពផ្លូវភេទ និងបញ្ហានៃប្រព័ន្ធបង្ហូរទឹកម៉ូត្រផងដែរ។
អ្នកស្រាវជ្រាវបាននិយាយថា ការស្រាវជ្រាវទាំងនោះស្នើអោយគ្រូពេទ្យនូវមធ្យោបាយសាមញ្ញដើម្បីកំណត់ថាតើបុរសណាមួយអាចមានហានិភ័យខ្ពស់ចំពោះការមិនឡើងរឹងនៃលិង្គ ឬបញ្ហានៃប្រព័ន្ធបង្ហូរទឹកម៉ូត្រនេះ។ កាផ្លេនបានសម្គាល់ឃើញថា ការវាស់ទំហំចង្កេះបុរសគឺជារឿងងាយស្រួល, មិនគ្រោះថ្នាក់ និងមិនតម្រូវអោយមានការធ្វើតេស្តអ្វីនោះទេ។
អ្នកស្រាវជ្រាវបានរកឃើញថា បន្ថែមទៅលើបញ្ហានៃប្រព័ន្ធបង្ហូរទឹកម៉ូត្រ និងការមិនឡើងរឹងនៃលិង្គ, បុរសដែលមានទំហំចង្កេះធំគឺងាយនឹងមានបញ្ហាដោយជំងឺសរសៃឈាមកូរ៉ូណែរ, ជំងឺទឹកនោមផ្អែមប្រភេទទី២, ជំងឺលើសឈាម និងកម្រិតកូឡេស្តេរ៉ុលខ្ពស់។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត British Journal of Urology International។