តើការរលាកសន្លាក់គឺជាអ្វី?
ការលាកសន្លាក់ជាធម្មតាវាធ្វើអោយមានការឈឺចាប់ និងមិនអាចធ្វើចលនាបានល្អលើសន្លាក់ណាដែលមានបញ្ហានេះ ។ មានការរលាកសន្លាក់ជាច្រើនប្រភេទណាស់ ហើយមានមួយប្រភេទឈ្មោះថា Osteoarthritis ឬ Degenerative Joint Disease (ជាការរលាកសន្លាក់ឆ្អឹង) ដែលច្រើនកើតញឹកញាប់ជាងគេ ។
តើអ្វីទៅជាអ្នកធ្វើអោយមានបញ្ហារលាកសន្លាក់ឆ្អឹង( Osteoarthritis)?
មូលហេតុពិតប្រាកដនៃការរលាកសន្លាក់ប្រភេទនេះមិនទាន់ដឹងនៅឡើយទេ ។ Osteoarthritis ប្រហែលជាកើតឡើងដោយសារតំនរពូជ មានន័យថាកើតមួយក្នុងគ្រួសារ ។ មនុស្សភាគច្រើនមានជំងឺ Osteoarthritis ហាក់បីដូចជាមានការទាក់ទងទៅនឹង ការខូចខាត និងការរហែកនៅក្នុងសន្លាក់អស់រយៈពេលច្រើនឆ្នាំ ។
តើមានអ្វីកើតឡើងនៅពេលដែលសន្លាក់មួយមានបញ្ហា?
ជាធម្មតា ស្រទាប់រលោងរបស់ឆ្អឹងខ្ចីមានតួរនាទីជាទ្រនាប់សំរាប់ឆ្អឹងសន្លាក់ ។ ឆ្អឹងខ្ចីជួយធ្វើអោយសន្លាក់មានចលនាបានស្រួល និងមិនមានបញ្ហា ។ មនុស្សមួយចំនួនដែលមានឆ្អឹងខ្ចីស្តើងដោយសារតែសន្លាក់របស់គេប្រើច្រើន ឬមានបញ្ហាច្រើនពេក ។ ប្រការបែបនេះគឺជាការចាប់ផ្តើមវិវត្តន៍ទៅរកជំងឺ រលាកសន្លាក់ឆ្ងឹង(Osteoarthritis) ហើយ ។ ការដែលមានជំងឺនេះយូរៗទៅ ឆ្អឹងខ្ចីចេញតែខូចច្រើនៗទៅៗ ហើយឆ្អឹងដែលនៅពីក្រោមឆ្អឹងខ្ចីនោះវានឹងកកិតទៅនឹងផ្ទៃសន្លាក់របស់ឆ្អឹងមួយទៀតដែលជាសន្លាក់របស់វា ។
ឆ្អឹងប្រហែលជាមានការលូតលាស់កាន់តែក្រាស់នៅផ្នែកខាងចុងនៃសន្លាក់ និងស្រោបទៅដោយឆ្អឹងខ្ចីដែលរលុង នៅពេលធ្វើចលនា ។ ប្រការនេះអាចធ្វើអោយមានការឈឺចាប់ ហើមសន្លាក់ និងគាំងសន្លាក់ ។
តើនរណាដែលមានជំងឺ Osteoarthritis ខ្លះ?
ជំងឺ Osteoarthritis ច្រើនកើតទៅលើមនុស្សដែលចាស់ ដោយសារតែពួកគេបានប្រើសន្លាក់របស់គេយូរណាស់មកហើយ ។ ការប្រើសន្លាក់ក្នុងការធ្វើចលនាដដែលៗ ឬប្រើច្រើនដងគ្រប់ពេលអាចនឹងធ្វើអោយមានជំងឺ Osteoarthritis ធ្ងន់ធ្ងរ ។
ចំពោះមនុស្សវ័យក្មេងក៏អាចមានបញ្ហា Osteoarthritis ដែរ ។ ការលេងកីឡាអត្តពលកម្មគឺជាការប្រឈមមុខមួយ ព្រោះពួកគេត្រូវប្រើសន្លាក់ឆ្អឹងទាំងអស់ និងច្រើនដង ។ ចំនែកអ្នកដែលធ្វើការ ហើយទាមទារនូវការធ្វើចលនាដដែលៗគ្រប់ពេលនោះ ក៏អាចប្រឈមមុខនឹងជំងឺនេះដែរ ។ ការមានរបួសទៅលើសន្លាក់អាចធ្វើអោយការប្រឈមមុខនឹងជំងឺរលាកសន្លាក់កើនឡើងក្នុងពេលអនាគត ។ ការឡើងទំងន់ខ្លាំងពេកក៏អាចបណ្តាលអោយមានការរលាកសន្លាក់នៅក្នុងជង្គង់ ត្រគៀក និងឆ្អឹងខ្នង ។
តើមានការព្យាបាលដែរឬទេ?
ការព្យាបាលលើ Osteoarthritis មិនទាន់មាននៅឡើយទេ ប៉ុន្តែគំរោងក្នុងការគ្រប់គ្រង់ជំងឺដែលត្រឹមត្រូវអាចជួយអោយអ្នកធ្វើការវិញបាន ការពារសន្លាក់ពីការខូចខាត កាត់បន្ថយនូវការគ្រោះថ្នាក់ និងគ្រប់គ្រង់ការឈឺចាប់ ។ គ្រូពេទ្យនឹងជួយអ្នកបង្កើតគំរោងនោះ ។
មធ្យោបាយសំរាប់ធ្វើការបានវិញ ។
• សម្រកទំងន់ប្រសិនបើអ្នកធាត់ពេក
• ហាត់ប្រាណអោយទៀងទាត់ក្នុងរយៈពេលខ្លីណាមួយ
• ស្វែងរកអ្នកឯកទេសខាងការធ្វើចលនាប្រសិនជាអាច
• ប្រើរបស់ ឬសំភារៈណាដែលអាចការពារសន្លាក់អ្នកបាន
• ចៀសវាងការលើករបស់អ្វីដែលធ្ងន់
• ចៀសវាងការប្រើសន្លាក់ច្រើនពេក
• ប្រើថ្នាំទៅតាមវេជ្ជបញ្ជា
• ស្អំទឹកក្តៅ ឬទឹកកកដើម្បីកាត់បន្ថយការឈឺចាប់ ឬការគាំងសន្លាក់
តើការរលាកសន្លាក់របស់ខ្ញុំអាចនឹងទៅជាធ្ងន់ធ្ងរទេ?
ជំងឺ Osteoarthritis នឹងអាចវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរគ្រប់ពេល ប៉ុន្តេមានមធ្យោបាយជាច្រើនសំរាប់ជួយអ្នកទៅលើបញ្ហានេះ ។
វាគឺជារឿងសំខាន់ណាស់ក្នុងការធ្វើអោយខ្លួនឯងនៅតែអាចធ្វើការបានដូចដើម ។ នៅពេលដែលមានការឈឺចាប់ក្នុងសន្លាក់ មនុស្សជាច្រើនមិនចង់ប្រើសន្លាក់នោះទៀតទេ ហើយវានឹងធ្វើអោយសាច់ដុំខ្សោយ ។ ប្រការនេះអាចធ្វើអោយឈឺចាប់កាន់តែខ្លាំង និងកើតឡើងម្តងហើយម្តងទៀត ។ ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីមធ្យោបាយក្នុងការគ្រប់គ្រងការឈឺចាប់របស់អ្នក ទើបអ្នកអាចធ្វើការបានល្អវិញ និងចៀសវាងពីបញ្ហានេះបាន ។
តើការប្រើថ្នាំអាចជួយបានទេ?
ថ្នាំដែលគ្មានវេជ្ជបញ្ជាអ្នកអាចប្រើវាបានសំរាប់បំបាត់ការឈឺចាប់ដូចជា Nonsteroid Anti-inflammatory Drugs (NSAIDs) ដែលអាចបន្ថយនូវការរលាក ឬឈឺចាប់បាន ហើយអ្នកក៏អាចមានអារម្មណ៍ឡើងវិញដែរ ។ ថ្នាំ NSAIDs មានដូចជា Aspirin, Ibuprofen (Motrin) និង Naproxen (Aleve) ។ ថ្នាំ Acetaminophen (Tylenol) គឺច្រើនប្រើសំរាប់បំបាត់ការឈឺចាប់ ។ គ្រូពេទ្យក៏អាចចេញវេជ្ជបញ្ជាថ្នាំអោយអ្នកដូចជា ថ្នាំបំបាត់ការឈឺចាប់ ឬ NSAIDs សំរាប់ព្យាបាលជំងឺរលាកសន្លាក់ដែរ ។ NSAIDs អាចជួយបន្ថយនូវការរលាក ហើម និងឈឺក្នុងសន្លាក់ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាអាចប្រើបានទាំងអស់នោះទេ ។
ថ្នាំទាំងអស់គួរតែត្រូវប្រើអោយបានត្រឹមត្រូវ ។ អ្នកគ្រាន់តែត្រូវការថ្នាំសំរាប់អោយខ្លួនរបស់អ្នកមានភាពស្រួលបួលឡើងវិញទេដើម្បីធ្វើចលនាបានតែប៉ុណ្ណោះ ។ ការដែលប្រើថ្នាំច្រើនពេកប្រហែលជាអាចប្រឈមមុខនឹងផលប៉ះពាល់របស់វាច្រើនដែរ ។
តើមានអ្វីពិសេសសំរាប់ជួយដល់ការឈឺសន្លាក់ដែរទេ?
ពិតជាមាន សំភារៈដែលពិសេសៗ និងប្រើដោយវិធីខុសៗគ្នាអាចជួយអោយមនុស្សដែលមានការរលាកសន្លាកអាចពឹងពាក់បានយូរអង្វែង ។ សំភារៈទាំងនេះអាចជួយការពារសន្លាក់របស់អ្នក និងអោយធ្វើចលនាបាន ។
ឧទាហរណ៍ ប្រសិនបើអ្នករៀនប្រើឈើច្រាត់បានត្រឹមត្រូវ អ្នកអាចកាត់បន្ថយនូវសម្ពាធដោយសារទំងន់ ទៅលើសន្លាក់ត្រគៀករបស់អ្នកបានរហូតដល់ ៦០% នៅពេលដែលអ្នកដើរ ។ ចូរពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើអ្នកគិតថាសំភារៈពិសេសមួយណាដែលសាកសមនឹងអ្នកប្រើនៅពេលមានការរលាកសន្លាក់ ។
តើមានការហាត់ប្រាណណាមួយពិសេសសំរាប់ជួយដល់ការឈឺសន្លាក់ដែរទេ?
ពិតជាមាន ។ ការហាត់ប្រាណធ្វើអោយសាច់ដុំខ្លាំង និងជួយអោយមានការបត់បែនបានល្អ ។ ការហាត់ប្រាណទាំងនោះមិនទាមទារអោយមានការទាញសន្លាក់ខ្លាំងនោះទេ ។ ចូរចៀសវាងនូវការឈឺ ឬមានរបួស ហើយជ្រើសរើសនូវការហាត់ប្រាណណាដែលអាចធ្វើបានក្នុងកន្លែងដែលតូចក្នុងពេលសំរាក។ ការរាំ ការសម្រកទំងន់ និងការជិះកង់គឺជាការហាត់ប្រាណដ៏ល្អមួយសំរាប់មនុស្សដែលមានបញ្ហារលាកសន្លាក់ ។
ចូរធ្វើយ៉ាងណាអោយសាច់ដុំរបស់អ្នកតឹង និងបន្ធូរវាវិញបាន ។ អ្នកអាចធ្វើបែបនេះទៅលើសាច់ដុំដែលសំខាន់ៗ ។ អ្នកក៏អាចធ្វើតាមកម្មវិធី “Aquacise” តាមរយៈការហែលទឹក ។ ការហាត់ប្រាណតាមកម្មវិធីនេះធ្វើអោយមានការចលនាសន្លាក់ជាច្រើន ដែលអាចអោយរៀងកាយរបស់អ្នកធ្វើការបាននៅក្នុងទឹក ។ ចូរនិយាយជាមួយគ្រូពេទ្យមុនពេលដែលចាប់ផ្តើមហាត់ប្រាណបែបថ្មី ។
តើខ្ញុំគួរតែស្អំទឹកក្តៅដើម្បីបំបាត់ការឈឺចាប់ដែរទេ?
ការប្រើទឹកក្តៅអាចកាត់បន្ថយការឈឺចាប់ និងការគាំងសន្លាក់បាន ។ ទឹកក្តៅអាចប្រើបានតាមរយៈការងូតទឹកក្តៅ កន្លែងជូតខ្លួនក្តៅៗ ដបទឹកដែលក្តៅ ឬត្រនាប់ដែលក្តៅ ។ អ្នកអាចផ្លាស់ប្តូរទឹកក្តៅជាមួយនឹងទឹកកកវិញបាន ៕