ជំងឺអ៊ុតស្វាយគឺជាជំងឺឆ្លងមួយប្រភេទដែលកើតឡើងជាញឹកញាប់លើប្រជាជនខ្មែរយើង ជាពិសេសពេលកុមារភាពតែម្តង។ ជំងឺនេះត្រូវបានគេរកឃើញថា បង្កឡើងដោយសារវីរុស Varicella Zoster Virus (VZV) ដែលមានអត្រានៃការឆ្លងខ្លាំងបំផុតនៅលើពិភពលោក។ ជំងឺអ៊ុតស្វាយចាប់ផ្តើមជាមួយនឹងការមិនស្រួលក្នុងខ្លួន មានកន្ទួលរមាស់លើស្បែក។ កន្ទួលនោះនឹងក្លាយទៅជាពងទឹក ឬពងបែក។ កន្ទួលទាំងនេះច្រើនតែកើតឡើងនៅលើមុខ ទ្រូង ខ្នង និងដៃជើង។ អាការៈផ្សេងៗទៀតនៃជំងឺអ៊ុតស្វាយមានដូចជា ក្តៅខ្លួន ឈឺក្បាល បាត់បង់ចំណង់អាហារ និងអស់កម្លាំង។
ពងបែកជំងឺអ៊ុតស្វាយគឺរមាស់ខ្លាំងណាស់ ដែលជាហេតុធ្វើឲ្យអ្នកជំងឺទ្រាំមិនអេះមិនបានឡើយ។ ដូច្នេះអ្នកអ្នកគួរតែកាត់ក្រចកដៃឲ្យខ្លីៗទាំងអស់ដើម្បីការពារការបង្ករោគនៅស្បែកក្រោយពីការអេអពងបែកដោយសារជំងឺអ៊ុតស្វាយនេះរហែកឬបែក។ សម្រាប់ក្មេងៗ អ្នកអាចពាក់ស្រោមដៃឲ្យពួកគេបាន។
ដើម្បីបំបាត់ការរមាស់ ក្តៅខ្លួន និងការមិនមានផាសុកភាព អ្នកជំងឺអាចប្រើប្រាស់ការស្អំកន្សែងសើម និងងូតទឹកជាញឹកញាប់។ អ្នកអាចងូតទឹកក្តៅឧណ្ហៗជារៀងរាល់បី ទៅបួនម៉ោងម្តង សម្រាប់រយៈពេលពីរបីថ្ងៃដំបូង។
ក្នុងករណីមានពងបែកក្នុងមាត់ អ្នកគួរតែផ្លាស់ប្តូររបបអាហារដែលទទួលទានផង។ អាហារដែលត្រជាក់ ទន់ៗ ឬកិន គួរតែជាជម្រើសដ៏ល្អសម្រាប់អ្នកជំងឺបែបនេះ ដោយសារតែពួកគេពិបាកទទួលទាន។ ក្រៅពីនេះ អាហារមានជាតិប្រៃ និងអាស៊ីតច្រើនមិនគួរណាឲ្យញ៉ាំឡើយ ដោយសារតែវាអាចធ្វើឲ្យរលាកដល់ពងបែកក្នុងមាត់បាន។
ដើម្បីបង្ការផលវិបាកនានាដែលកើតចេញពីជំងឺអ៊ុតស្វាយ អ្នកជំងឺគួរតែទាក់ទងទៅគ្រូពេទ្យនៅពេលដែលការក្តៅខ្លួនកើតឡើងយូរជាងប្រាំថ្ងៃ ឬមានសីតុណ្ហភាពរាងកាយខ្ពស់ជាង ៣៨.៨អង្សារ ឬមានអាការៈក្អកខ្លាំង ឬងងុយគេងខុសធម្មតា និងពិបាកភ្ញាក់ពីគេង ព្រមទាំងខ្លាចពន្លឺ៕