ការរលាកពងស្វាសភាគច្រើនបណ្តាលមកពីការបង្ករោគដោយបាក់តេរី ឬវីរុសជំងឺស្រឡាទែន។ ចំពោះការរលាកដោយសារបាក់តេរីអាចបណ្តាលមកពីជំងឺកាមរោគ ជាពិសេសជំងឺប្រមេះទឹកបាយ ឬទឹកថ្លាតែម្តង។ ការរលាកពងស្វាសបង្កជាការឈឺចាប់ និងប៉ះពាល់ដល់លទ្ធភាពនៃការមានកូនដែរ។
ការប្រើថ្នាំអាចព្យាបាលមូលហេតុនៃការបង្ករោគដោយបាក់តេរី និងលុបបំបាត់រោគសញ្ញានៃការបង្ករោគដោយវីរុស។ ប៉ុន្តែវាត្រូវការពេលច្រើន ដើម្បីឱ្យភាពហើមរបស់ពងស្វាសស្រកទៅវិញ។ ចំពោះការព្យាបាលអាការៈរលាកពងស្វាសគឺអាស្រ័យទៅតាមមូលហេតុរបស់វាដែរ។
ការរលាកពងស្វាសដោយសារបាក់តេរី
ថ្នាំផ្សះគឺជាតម្រូវការចំបាច់ក្នុងការព្យាបាលជំងឺរលាកពងស្វាសដែលបង្កឡើងដោយបាក់តេរី។ បើសិនជាមូលហេតុនៃការបង្ករោគដោយបាក់តេរីគឺជំងឺកាមរោគវិញនោះ ដៃគូរួមភេទក៏ត្រូវការព្យាបាលដែរ។
ចូរប្រាកដថា អ្នកបានប្រើថ្នាំផ្សះទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ឱ្យបានគ្រប់គ្រាន់ បើទោះបីជាបាត់រោគសញ្ញាក្នុងរយៈពេលខ្លីក៏ដោយ។ វាប្រហែលជាត្រូវការពេលច្រើនសប្តាហ៍ទើបបាត់អាការៈហើមពងស្វាស។ ការសម្រាក ការប្រើរបស់ទ្រទ្រង់ថង់ពងស្វាស ស្អំទឹកកក និងប្រើថ្នាំបំបាត់ការឈឺចាប់អាចជួយបំបាត់អាការៈគ្មានផាសុកភាពបាន។
ការរលាកពងស្វាសដោយសារវីរុស
ការព្យាបាលក្នុងករណីនេះគឺដើម្បីបំបាត់រោគសញ្ញាទេ ហើយគ្រូពេទ្យប្រហែលជាណែនាំដូចខាងក្រោមនេះ៖
- ប្រើថ្នាំប្រភេទ Nonsteroidal Anti-inflammatory Drugs ដូចជា Ibuprofen (Advil, Motrin) ឬ Naproxen (Aleve)
- គេង និងធ្វើយ៉ាងណាឱ្យពងស្វាសនៅខ្ពស់
- ស្អំទឹកកក
ការរលាកពងស្វាសដោយមិនដឹងមូលហេតុ
គ្រូពេទ្យអាចនឹងណែនាំឱ្យប្រើថ្នាំផ្សះ និងថ្នាំប្រឆាំងការរលាកក្នុងករណីរកមិនឃើញមូលហេតុសោះ៕