មនុស្សគ្រប់គ្នាដឹងហើយថា ការដែលដុះខ្លាញ់នៅក្បាលពោះ ច្រើនតែងតែអាចប៉ះពាល់ ដល់ទំនុកចិត្តរបស់ពួកគេ ប៉ុន្តែ ការដែលការដុះក្បាលពោះ លយចេញមិនក្រៅខ្លាំង ក៏កាន់តែប៉ះពាល់ជាងទៅទៀត។ តាមពិត ការដែលមានបញ្ហាដុះក្បាលពោះធំៗបែបនេះ អាចប្រឈមនឹងបញ្ហាសុខភាពច្រើនណាស់ ជាពិសេស មនុស្សប្រុសតែម្តង។ បញ្ហាសុខភាពទាំងនោះ មានដូចជា ជំងឺបេះដូង មហារីក ទឹកនោមផ្អែម និងការគេងបាត់ដង្ហើមជាដើម។ ថ្វីបើខ្លាញ់ដុះនៅក្បាលពោះ អាចជារឿងពិបាកលុបបំបាត់ក៏ដោយ តែមានវិធីមួយចំនួន ដែលអាចជួយឲ្យអ្នកជោគជ័យបាន។
ពិគ្រោះជាមួយគ្រូពេទ្យ
រឿងដំបូងគេដែលអ្នកត្រូវធ្វើមុននោះ គឺត្រូវពិគ្រោះជាមួយគ្រូពេទ្យ អំពីខ្លាញ់នៅក្នុងក្បាលពោះអ្នកដើម្បីស្វែងរកដំណោះស្រាយណាមួយ ដែលល្អបំផុតរបស់វា។ គ្រូពេទ្យនឹងអាចធ្វើតេស្តផ្សេងៗ ដើម្បីពិនិត្យទៅលើ កត្តាប្រឈមនឹងជំងឺ និងរកដំណោះស្រាយដែលល្អបំផុតបាន។
កាត់បន្ថយការញ៉ាំអាហារសម្បូរជាតិកាបូអ៊ីដ្រាត
ហេតុផលមួយ ដែលធ្វើឲ្យក្បាលពោះដុះខ្លាំង ដោយសារតែរបបអាហារ សម្បូរជាតិកាបូអ៊ីដ្រាតពេក។ បើសិនជាអ្នក ចង់បំបាត់ខ្លាញ់ក្នុងក្បាលពោះ យកល្អ គួរតែពិនិត្យទៅលើរបបអាហារ និងព្យាយាមកាត់បន្ថយ របបអាហារបែបនេះឲ្យបានច្រើនបំផុត។
ញ៉ាំប្រូតេអ៊ីនឲ្យច្រើនបន្តិច
សម្រាប់បុរសដែលកំពុងតែព្យាយាម បន្ថយខ្លាញ់ក្បាលពោះ ចូរបង្កើនការញ៉ាំប្រូតេអ៊ីនជំនួសវិញទៅ។ បុរសគួរតែញ៉ាំប្រូតេអ៊ីនពី ២០ ទៅ ៦០ ក្រាមក្នុងមួយថ្ងៃឡើង អាស្រ័យទៅតាមកម្រិត ឬការខំហាត់ប្រាណខ្លាំងក្លាប៉ុណ្ណាដែរ។ ឧទាហរណ៍ អាហារដែលសម្បូរទៅដោយ ប្រូតេអ៊ីនសុទ្ធមានដូចជា ស៊ុត សាច់ជ្រូក សាច់មាន់ តៅហ៊ូ និងសាច់គោគ្មានខ្លាញ់។
កាត់បន្ថយការញ៉ាំផ្អែម
ថ្វីបើស្ត្រីទំនងជាចូលចិត្តញ៉ាំផ្អែមច្រើនៗនោះ បុរសក៏អាចនឹងញ៉ាំច្រើនដែរ ដែលធ្វើឲ្យក្បាលពោះពួកគេដុសខ្លាំងបែបនេះ។ ដូច្នេះ ចូរតមការញ៉ាំភេសជ្ជៈមានជាតិផ្អែម ស្ករគ្រាប់ និងនំខេកជាដើម។ បើសិនជាអ្នកមិនអាចធ្វើបានទេ អ្នកអាចកាត់បន្ថយវាបន្តិចម្តងៗបាន។
ឈប់ញ៉ាំគ្រឿងស្រវឹង
បើសិនជាអ្នកចង់បន្ថយទំហំក្បាលពោះ យកល្អ គួរតែតមការញ៉ាំស្រាបៀរ និងគ្រឿងស្រវឹងផ្សេងៗទៀត ព្រោះវាជាដើមហេតុញឹកញាប់មួយ ដែលនាំឲ្យក្បាលពោះដុះខ្លាំង។
ហាត់ប្រាណ
មិនខ្វល់ថាអ្នក ត្រូវញ៉ាំរបបអាហារបែបណាទេ បើសិនជាគ្មានការហាត់ប្រាណបន្ថែមទេ អ្នកនឹងមិនអាចលុបបំបាត់ ទំហំក្បាលពោះបានឡើយ។ បើសិនជាអ្នក ពិតជាចង់សម្រកខ្លាញ់ក្បាលពោះមែននោះ មិនគួរណាភ្លេចហាត់ប្រាណឡើយ។
សូមបញ្ជាក់ថា ការសម្រកខ្លាញ់ក្បាលពោះ មិនមែនជារឿងងាយឡើយ ប៉ុន្តែ វាអាចនឹងទៅរួចកាលណា អ្នកមានបំណងចង់ផ្លាស់ប្តូររបៀបរស់នៅ។ ចូរចាំថា អ្នកប្រឈមខ្ពស់ នឹងជំងឺជាច្រើនប្រភេទ បើសិនជាអ្នក មិនធ្វើអ្វីមួយ ដើម្បីលុបបំបាត់ខ្លាញ់ក្នុងក្បាលពោះនេះ៕