មានមូលហេតុច្រើនណាស់ដែលបណ្ដាលឱ្យស្បែកប្រែជាស្រអាប់ខ្មៅមិនស្អាត ដូចជាការត្រូវពន្លឺព្រះអាទិត្យយូរៗជាប្រចាំ, ធូលីដី និងខ្យល់ពុល។ ញើស, ជាតិប្រេង និងផលិតផលតុបតែងមុខមួយចំនួនដែលជ្រាបចូលក្នុងរន្ធញើសនៃស្បែកផ្ទៃមុខអាចបង្កការរលាក, ភាពស្រអាប់ និងស្ងួតគួរឱ្យព្រួយបារម្ភ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នៅពេលបច្ចុប្បន្ន ផលិតផលធ្វើឱ្យស្បែកសឆាប់រហ័សមានច្រើនមិនខ្វះឡើយ គ្រាន់តែមួយចំនួនធំមានផ្ទុកសារធាតុគីមី ហើយខ្លះទៀតមានតម្លៃថ្លៃ។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយធ្វើឱ្យស្បែកមុខរបស់អ្នកប្រែជាសស្អាតគ្មានផលប៉ះពាល់ ៖
១. ប៉េងប៉ោះនិងស្ករស
ដំបូងអ្វីដែលអ្នកត្រូវធ្វើ គឺបកសំបកប៉េងប៉ោះចេញសិន។ បន្ទាប់មកកិនវាឱ្យម៉ដ្ឋខាប់ៗ រួចលាយជាមួយស្ករសចំនួនសមល្មម។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកមុខថ្នមៗក្នុងចលនាបែបរង្វង់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។
២. ផ្លែល្ហុង
អ្វីដែលអ្នកត្រូវធ្វើ គឺដំបូងត្រូវលាងសម្អាតមុខឱ្យស្អាតជាមុនសិន។ បន្ទាប់មកសឹមយកសាច់នៃផ្លែល្ហុងមកកិនឱ្យម៉ដ្ឋខាប់ៗ រួមលាបវាលើស្បែក ហើយទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អ្នកគួរអនុវត្តន៍រូបមន្តនេះរៀងរាល់ថ្ងៃ រហូតដល់ទទួលបានលទ្ធផលគាប់ចិត្ត។
៣. ប្រេងអាល់ម៉ុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងគ្រាប់អាល់ម៉ុនបន្តិចលើស្បែកសម្រាប់រយៈពេលពី ២ ទៅ ៣នាទី និងរងចាំសម្រាប់រយៈពេល ៥នាទី។ ប្រើប្រាស់ក្រណាត់សើមស្អាតមួយជូតសម្អាតប្រេងចេញពីស្បែកមុខជាការស្រេច។
៤. ទឹកក្រូចឆ្មារស្រស់ជាមួយទឹកធម្មតា
អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកក្រូចឆ្មារស្រស់មួយចំនួនជាមួយទឹកធម្មតា។ កូរឱ្យសព្វ សឹមយកដុំសំឡីជ្រលក់ចូលទឹកល្បាយនេះ ហើយលាបថ្នមៗលើផ្ទៃមុខរបស់អ្នក។ ទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
៥. ទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកឃ្មុំឆៅជាមួយម្សៅឈើអែមឱ្យក្លាយជាល្បាយខាប់ៗ។ កម្ដៅល្បាយបន្តិច សឹមលាបល្បាយត្រង់ផ្នែកណាមួយនៃស្បែកដៃសិនដើម្បីអាចដឹងថាតើអ្នកប្រតិកម្មជាមួយគ្រឿងផ្សំឬអត់។ ក្នុងករណីគ្មានបញ្ហា ចូរលាបម៉ាស្សាល្បាយលើស្បែកដែលចង់ឱ្យសនិងរងចាំសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
៦. រមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺលាយម្ស៉ៅរមៀត ១ ស្លាបព្រាកាហ្វេ ជាមួយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ ចូរគ្នាឱ្យសព្វ។ បន្ទាប់មកលាបល្បាយលើផ្ទៃមុខ និងករបស់អ្នក រួចទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ រូបមន្តនេះអាចប្រើប្រាស់សម្រាប់គ្រប់ប្រភេទនៃស្បែកមុខ និងសូម្បីតែស្បែកខ្លាញ់ក៏ដោយ។
៧. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺយកជែលប្រទាលកន្ទុយក្រពើស្រស់មកលាបលើស្បែកមុខដែលទទួលរងផលប៉ះពាល់ ហើយម៉ាស្សាសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទីសិន សឹមលាងមុខចេញជាមួយទឹកធម្មតា។ អ្នកអាចលាយទឹកក្រូចឆ្មារជាមួយម្ស៉ៅរមៀត និងជែលប្រទាលកន្ទុយក្រពើលាបលើផ្ទៃមុខក៏បាន។ អនុវត្តម្ដងក្នុងមួយថ្ងៃ សម្រាប់រយៈពេលពី ២ ទៅ ៣ សប្តាហ៍៕