ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកដែលមានជំងឺឆ្កួតជ្រូកគឺហាក់ដូចជាស្លាប់មុនអាយុជាងមនុស្សធម្មតា១១ដង។ ហើយការកើនឡើងហានិភ័យនៃការស្លាប់មុនអាយុនេះគឺខ្ពស់ក្នុងចំនោមអ្នកនោះមានជំងឺផ្លូវចិត្តគួបផ្សំជាមួយ ជាពិសេសជំងឺធ្លាក់ទឹកចិត្ត និងជំងឺញៀនស្រា និងញៀនសារធាតុញៀនដទៃទៀត។
សេណា ហ្វាហ្សេល (Seena Fazel) ដែលមកពីសាកលវិទ្យាល័យ Oxford បាននិយាយថា លទ្ធផលរបស់យើងមានការផ្សារភ្ជាប់ជាមួយនឹងសុខភាពសាធារណៈនៅពេលដែលមនុស្សជុំវិញ៧០លាននាក់លើពិភពលោកមានជំងឺឆ្កួតជ្រូន ហើយបានសង្កត់ធ្ងន់ថា ការវាយតម្លៃ និងការព្យាបាលជំងឺផ្លូវចិត្តយ៉ាងយកចិត្តទុកលើអ្នកជំងឺឆ្កួតជ្រូកអាចជួយបន្ថយហានិភ័យនៃការស្លាប់មុនអាយុចំពោះអ្នកជំងឺទាំងនេះបាន។
ការស្រាវជ្រាវបានមើលទៅលើអ្នកជំងឺឆ្កួតជ្រូកជិត៧០.០០០នាក់ ហើយបានតាមដានអស់រយៈពេលលើសពី៤១ឆ្នាំ។ ពួកគេត្រូវបានគេប្រៀបធៀបទៅនឹងមនុស្សជាង៦៦០.០០០នាក់ក្នុងចំនោមប្រជាជនទូទៅ និងជាង៨១.០០០នាក់ដែលមិនមានជំងឺឆ្កួតជ្រូក។
អំឡុងពេលនៃការស្រាវជ្រាវ, ប្រហែល៩%នៃអ្នកជំងឺឆ្កួតជ្រូកបានស្លាប់ បើធៀបជាមួយនឹង០,៧%នៃប្រជាជនទូទៅ។ ការស្លាប់ពីមូលហេតុដទៃ ដូចជា ការសម្លាប់ខ្លួន, គ្រោះថ្នាក់ចរាចរណ៍នានានោះមានប្រហែល១៦%នៃការស្លាប់ទាំងអស់ក្នុងចំនោមអ្នកដែលមានជំងឺឆ្កួតជ្រូក និងជាមូលហេតុទូទៅបំផុតនៃការស្លាប់ដែលមិនត្រូវបានពាក់ព័ន្ធទៅនឹងជំងឺដទៃទៀត។
ចំពោះអ្នកជំងឺឆ្កួតជ្រូកដែលបានស្លាប់ដោយសារមូលហេតុដទៃទៀត, ៧៥%បានធ្វើរោគវិនិច្ឆ័យថាមានជំងឺផ្លូវចិត្ត ដែលបញ្ហាញៀនសារធាតុញៀន ៥៦% និងជំងឺធ្លាក់ទឹកចិត្ត២៣% ដែលជាកើតមានញឹកញាប់បំផុត។ នេះដោយយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត The Lancet។
អ្នកដែលមានទាំងជំងឺឆ្កួតជ្រូក និងញៀនសារធាតុញៀន ហាក់ដូចជាងាយស្លាប់ដោយសារមូលហេតុដទៃទៀតជាងអ្នកដទៃដល់ទៅ២២ដង។ ភាគច្រើននៃការស្លាប់ដោយសារមូលហេតុដទៃរួមមាន ការសម្លាប់ខ្លួន ហើយអ្នកដែលមានជំងឺឆ្កួតជ្រូកហាក់ដូចជាប៉ុនប៉ងសម្លាប់ខ្លួនជាងអ្នកដទៃដល់ទៅ៤ដង។
ហ្វាហ្សេលបានបន្ថែមថា ការស្រាវជ្រាវបានមើលទៅលើចំនុចសំខាន់នៃការសម្លាប់ខ្លួន និងគ្រោះថ្នាក់នានាដែលជាមូលហេតុនៃការស្លាប់ដែលកើតមានញឹកញាប់ចំពោះអ្នកជំងឺឆ្កួតជ្រូក៕