កាព្យាបាលដំបៅអ្នកដែលមានជម្ងឺទឹកនោមផ្អែម មិនមែនអោយតែមានដំបៅ អ្នកជម្ងឺទឹកនោមផ្អែមសុទ្ធតែមិនអាចព្យាបាលបានជាសះស្បើយនោះទេ! នៅក្នុងស្រទាប់មហាជនបងប្អូនខ្មែរយើង មានការយល់ឃើញថា អ្នកជំងឺទឹកនោមផ្អែម អោយតែមានដំបៅជើងសុទ្ធតែ មិនអាចព្យាបាលជាសះស្បើយ ហើយជួនកាល ត្រូវការកាត់ជើងនោះទៀតផង។
.តើការយល់ឃើញខាងលើនេះជាការពិត រឺយ៉ាងណាទេ?
ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃមួយប្រភេទ ដែលកំរិតជាតិស្ករនៅក្នុងឈាមរបស់អ្នកជំងឺកើនឡើង។ នៅពេលដែលអ្នកជំងឺ កើតជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃយូរ ពួកគាត់អាចប្រឈមមុខនឹងផលលំបាកមួយចំនួន ដែលក្នុងនោះមាន ដំបៅជើងផងដែរ។ ការដែលមានដំបៅជើងមានកត្តាជាច្រើន ដែលជាមូលហេតុបង្ក៖
ក) ដំបៅជើង ដែលកើតដោយសារប្រព័ន្ធវិញ្ញាណនៅជើងរបស់អ្នកជំងឺមានការប្រែប្រួល (Neuropathy)។ នៅពេលដែលអ្នកជំងឺកើតជំងឺទឹកនោមផ្អែមយូរ ពួកគាត់មានផលប៉ះពាល់ទៅលើប្រព័ន្ធវិញ្ញាណនៃជើងទាំងសងខាងរបស់ពួកគាត់។ ជើងរបស់គាត់ទៅជាស្ពឹក លែងដឹងក្តៅត្រជាក់ លែងដឹងការឈឺចាប់ ជួនកាលអាចមានអារម្មណ៍ដូចជាមានស្រមោចវារ បន្ទាប់មកទៀតអ្នកជំងឺអាចប្រឈមនឹងមានដំបៅ។
ដំបៅប្រភេទនេះ ភាគច្រើនកើតនៅតំបន់ដែលអ្នកជំងឺឈរសង្កត់ខ្លាំង រឺមួយក៏រឹបដោយស្បែកជើងដែលចង្អៀត ហើយវាមានគែមក្រាស។ នៅពេលចាប់ផ្តើមដំបូង អ្នកជំងឺមិនមានការឈឺចាប់នោះទេ ជូនកាលទៀតបើគាត់មិនបានចាប់អារម្មណ៍ រឺ មិនបានមកព្រឹក្សាជាមួយគ្រូពេទ្យ គឺអាចមានបង្កជាការក្លាយរោគ (Infection)។
ខ) មូលហេតុទីពីរ ដែលបង្កអោយមានដំបៅ គឺបណ្តាលមកពីការស្ទះសរសៃឈាម នៅពេលជំងឺទឹកនោមផ្អែម វិវឌ្ឍន៍រ៉ាំរ៉ៃយូរឆ្នាំ។ សរសៃឈាមនៅតាមចុងជើងរបស់អ្នកជំងឺបានស្ទះ ក្រិន ដូច្នេះហើយ អុកស៊ីហ្ស៊ែន និងចំណីអាហារដែលរត់ ទៅតាម សរសៃឈាមនោះ មិនអាចទៅចិញ្ចឹមកោសិកានៅចុងជើងរបស់អ្នកជំងឺបានទេ ដែលជាហេតុអាចធ្វើអោយអ្នកជំងឺមានដំបៅ (Arteriopathy)។
ដំបៅប្រភេទនេះដំបូងឡើយ គឺមានការឈឺចុកចាប់ ស្បែកអ្នកជំងឺចេញពណ៌ក្រហមរលោង ជ្រុះរោម មានការឈឺចាប់ខ្លាំង។ បន្ទាប់មក ជើងរបស់គាត់ប្រែពណ៌ទៅជាពណ៌ស្វាយ ឡើងត្រជាក់ រួចហើយចាប់ឡើងពណ៌ខ្មៅ។ ជួនកាលម្រាមមួយ ដែលអាចប៉ះពាល់ ជួនកាលម្រាមពីរ ហើយបើគាត់មិនបានមកព្រឹក្សាជាមួយគ្រូពេទ្យនោះទេ គឺអាចមានមេរោគបង្កក្លាយរោគ (Infection)ផងដែរ។
គ) ប្រភេទដំបៅទីបី គឺកើតឡើងដោយសារការរួមផ្សំគ្នានៃបញ្ហាប្រព័ន្ធវិញ្ញាណ (Neuropathy) និងការស្ទះសរសៃឈាម នៅចុងម្រាមជើង (Arteriopathy)។អ្នកជំងឺទឹកនោមផ្អែមដែលមានដំបៅនៅជើង មិនមែនមានន័យថាសុទ្ធតែព្យាបាលមិនជានោះទេ។ គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យតាមរយៈការពិនិត្យ ការថតឆ្លុះ ដើម្បីអោយដឹងអំពីមូលហេតុដែលបណ្តាលអោយ មានដំបៅ ថាតើវាបណ្តាលមកពី Neuropathy រឺមួយ Arteriopathy រឺបណ្តាលមកពីការលាយគ្នារវាង Neuropathy និង Arteriopathy ។
ហេតុដូច្នេះហើយពេលដែលបងប្អូនអ្នកជំងឺទឹកនោមផ្អែម មានដំបៅជើង សូមមេត្តារួសរាន់មកព្រឹក្សាជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យ ដើម្បីស្វែងរកមូលហេតុ ដែលបង្កអោយមានដំបៅនោះ។ ការយឺតយ៉ាវណាមួយ ការមិនចាប់អារម្មណ៍ស្វែងរកការព្យាបាល រឺមួយក៏ការព្យាបាលមិនត្រឹមត្រូវតាមរយៈការប្រើឱសថបូរាណ រឺមួយថ្នាំបិទបំពោកទៅលើដំបៅនោះ ដោយមិនបានរកមូលហេតុអោយបានច្បាស់លាស់ គឺជាហានិភ័យធ្ងន់ធ្ងរ ដែលជួនកាលអាចវិវឌ្ឍន៍ឈានទៅរកការមើលមិនជា រឺកាត់អវៈយវៈ៕
(ប្រភពៈវេជ្ជបណ្ឌិត ចៅ ពន្លឺ)