តាមការសិក្សារបស់វិទ្យាស្ថានជាតិជំងឺមហារីកអាមេរិកដែលតាមដានកម្មករជីករ៉ែជាង ១២.០០០នាក់ ក្នុងរយៈពេល ២០ឆ្នាំ បានឱ្យដឹងថា ការប៉ះពាល់ទៅនឹងផ្សែងប្រេងម៉ាស៊ូតម៉ាស៊ីនមានការកើនឡើងនៃគ្រោះថ្នាក់ជំងឺមហារីកសួត។
ក្រុមកម្មករទាំងនេះដកដង្ហើមចេញចូលនៃផ្សែងនេះក្នុងកម្រិតខុសៗគ្នា។ ប៉ុន្តែកម្រិតនៃការដកដង្ហើមយកផ្សែងប្រេងម៉ាស៊ូតរបស់ពួកគេខ្ពស់ជាងកម្រិតប្រជាជនធម្មតា។
កម្មករជីករ៉ែដែលស្រូបយកផ្សែងប្រេងម៉ាស៊ូតក្នុងកម្រិតខ្ពស់បំផុតមានអត្រាឆាប់ស្លាប់ដោយសារជំងឺមហារីកសួតជាងអ្នកស្រូបយកផ្សែងប្រេងម៉ាស៊ូតទាបបំផុតដល់ទៅបីដង។ ប៉ុន្តែទោះបីជាកម្មករដែលស្រូបយកផ្សែងនេះក្នុងកម្រិតទាបបំផុតក៏ដោយក៏មានការកើនឡើងនៃគ្រោះថ្នាក់ជំងឺមហារីកសួតដល់ទៅ ៥០ភាគរយដែរ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា “ការរកឃើញរបស់យើងមិនមែនមានសារសំខាន់ចំពោះតែកម្មករជីករ៉ែតែប៉ុណ្ណោះទេ វាក៏មានសារសំខាន់ចំពោះប្រជាជនដែលរស់នៅក្នុងទីក្រុងទូទាំងពិភពលោកផងដែរ”។