ការសិក្សាថ្មីមួយរកឃើញថា កុមារនិងក្មេងជំទង់ដែលលើសទម្ងន់ឬធាត់ពេកងាយនឹងមានជំងឺហឺតជាងកុមារដែលមានទម្ងន់ធម្មតា។
កម្លាំងនៃទំនាក់ទំនងរវាងជំងឺហឺតនិងភាពធាត់ប្រែប្រួលទៅតាមក្រុមពូជសាសន៍។ ទំនាក់ទំនងខ្លាំងបំផុតរវាងសន្ទស្សន៍រាង្គកាយ (ការកម្រិតនៃជាតិខ្លាញ់រាង្គកាយដោយផ្អែកលើកម្ពស់និងទម្ងន់) និងជំងឺហឺតត្រូវបានរកឃើញក្នុងក្រុមយុវវ័យអេស្ប៉ាញ រីឯទំនាក់ទំនងរវាងការលើសទម្ងន់ឬធាត់ពេកនិងជំងឺហឺតមានកម្រិតទាបបំផុតក្នុងចំណោមកុមារស្បែកខ្មៅ។
ក្រុមអ្នកស្រាវជ្រាវបានប្រើឧបករណ៍អេឡិចត្រូនិចដើម្បីកត់ត្រាសុខភាព ដែលត្រូវបានពិនិត្យកម្ពស់និងទម្ងន់ រោគវិនិច្ឆ័យនៃជំងឺហឺត និងការព្យាបាល របស់កុមារចំនួន ៦៨១.០០០នាក់ ដែលមានអាយុពី ៦ ទៅ ១៩ឆ្នាំ។ ប្រហែល ១៨ភាគរយ ដែលមានក្រុមពូជសាសន៍ចម្រុះ មានជំងឺហឺត។
កុមារធាត់ខ្លាំងនិងលើសទម្ងន់ដែលមានជំងឺហឺតបានទៅជួបគ្រូពេទ្យនិងចូលសង្គ្រោះបន្ទាន់ជាញឹកញាប់ដោយសារបញ្ហាទាក់ទងនឹងជំងឺហឺត។ កុមារទាំងនេះក៏បានប្រើថ្នាំជំងឺហឺតបាញ់មាត់និងលេប ច្រើនជាងក្មេងដទៃផងដែរ។
បើទោះបីជាការសិក្សានេះបានរកឃើញពីទំនាក់ទំនងរវាងជំងឺហឺតនិងភាពធាត់លើសទម្ងន់ ប៉ុន្តែវានៅមិនទាន់អាចអះអាងថាភាពធាត់ជាអ្នកបង្ករឱ្យមានជំងឺហឺតនោះទេ។