ការដុតភ្លើងដើម្បីជក់បារី និងការផឹកស្រានឹងកើតមានជារឿយៗ, ប៉ុន្តែដោយយោងតាមការស្រាវជ្រាវថ្មីបានអោយដឹងថា ការជក់បារីគួបផ្សំនឹងការផឹកស្រានេះអាចធ្វើអោយមានមហន្តរាយដល់ប្រាជ្ញារបស់មនុស្ស។
អ្នកស្រាវជ្រាវដែលកមកពីមហាវិទ្យាល័យ London បានរកឃើញថា ការជក់បារីលាយជាមួយនឹងការផឹកស្រាខ្លាំងត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើង៣៦%ជាមួយនឹងការថយចុះមុខងារនៃខួរក្បាល ហើយបញ្ហានេះបានកើនឡើងនៅពេលដែលបរិមាណនៃស្រាដែលត្រូវបានផឹក បានកើនឡើងនោះ។
អ្នកស្រាវជ្រាវបានសរុបថា អ្នកដែលជៀសវាងទម្លាប់នេះ អាចជួយការពារប្រាជ្ញារបស់ពួកគេនៅពេលដែលពួកគេមានវ័យចំណាស់។
វេជ្ជបណ្ឌិត ហ្គារេត ហាហ្គឺរ ចនសាន់ (Gareth Hagger-Johnson) បាននិយាយថា ដំបូន្មានថ្មីៗគឺថា អ្នកជក់បារីគួរតែបញ្ឈប់ ឬកាត់បន្ថយការជក់បារី ហើយអ្នកនោះគួរតែជៀសវាងការផឹកស្រាខ្លាំង។ ការស្រាវជ្រាវបានបង្ហាញថា មនុស្សគួរតែត្រូវបានគេណែនាំមិនអោយផឹកស្រា និងជក់បារីជាមួយគ្នានោះទេ ជាពិសេសអ្នកដែលស្ថិតនៅកណ្តាលជីវិត។ សកម្មភាពល្អៗនៅក្នុងកណ្តាលជីវិតអាចការពារការថយចុះប្រាជ្ញានៅពេលវ័យចំណាស់។
ការស្រាវជ្រាវរយៈពេល១០ឆ្នាំដែលបានមើលទៅលើមនុស្សជិត ៦.៥០០នាក់ ដែលមានអាយុជាមធ្យម ៤៥ឆ្នាំ ទៅ៦៩ឆ្នាំ។ អ្នកចូលរួមត្រូវបានគេសួរអំពីទម្លាប់នៃការជក់បារីក៏ដូចជាបរិមាណនៃស្រាដែលពួកគេបានផឹកផងដែរ។ មុខងារខួរក្បាលរបស់ពួកគេ រួមមាន ជំនាញនៃការនិយាយ និងហេតុផលនៃការធ្វើលំហាត់ជាដើម ត្រូវបានគេវាយតម្លៃ៣ដងលើការស្រាវជ្រាវនេះ។
ការស្រាវជ្រាវនេះត្រូវបានចេញផ្សាយនៅក្នុងកាសែត British Journal of Psychiatry។
ចនសាន់បានពន្យល់ថា នៅពេលដែលយើងបានមើលលើអ្នកដែលជក់បារី និងផឹកស្រាខ្លាំង, យើងបានរកឃើញថា រៀងរាល់១០ឆ្នាំដែលពួកគេកាន់តែចាស់, ខូរក្បាលរបស់ពួកគេក៏កាន់តែចាស់ខ្លាំងផងដែរ។ ការកើនឡើងភាពធ្ងន់ធ្ងរដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងអាយុនៃការយល់ដឹង អាចត្រូវបានថយចុះប្រសិនបើកត្តានៃរបៀបរស់នៅអាចត្រូវបានផ្លាស់ប្តូរ ហើយយើងជឿថា មនុស្សមិនគួរផឹកស្រាច្រើនពេកនោះទេ ដែលស្រាគឺជាកត្តាអាក្រក់មួយដែលអោយមានការថយចុះការយល់ដឹង៕