រោគរលាកថង់ទឹកនៃសន្លាក់ (bursitis) គឺជាការរលាកថង់ទឹកនៅសន្លាក់ ដែលមានមុខងារថែទាំចលនារាង្គកាយឱ្យមានចលនាស្រួលនិងមិនមានការកកិត។ ក្នុងរាង្គកាយរបស់អ្នកមានថង់ទាំងនេះប្រហែលជា ១៥០ ដែលស្ថិតនៅត្រង់ស្មា, ក្បាលជង្គង់ និងសន្លាក់ផ្សេងទៀត ។ រោគនេះនឹងមានឡើងនៅពេលចលនាមានសម្ពាធលើសន្លាក់ណាមួយ ដូចជាការលេងវាយតេនីស ឬវាយកូនហ្គោល យូរពេក បង្ករឱ្យមានការឈឺស្មា។
ដំណាក់កាលរលាកខ្លាំងអាចធ្វើឱ្យអ្នកឈឺពី ៤ ទៅ ៥ថ្ងៃ ឬអាចយូរជាងនេះ។ វានឹងកាន់តែឈឺធ្ងន់ឡើងៗ ចំពោះអ្នកដែលមិនព្យាបាលវា ហើយវានឹងធូរស្រាលចំពោះអ្នកព្យាយាមរកការព្យាបាលដែលមានប្រសិទ្ធភាព។
ខាងក្រោមនេះគឺជាការណែនាំដែលអ្នកអាចធ្វើបានដោយខ្លួនឯង ដែលអាចបំបាត់ការឈឺចាប់បានមួយរយៈពេលខ្លី៖
សម្រាក៖ វេជ្ជបណ្ឌិត អាឡេន បេនស៍មេន (Alan Bensman) និយាយថា រឿងដំបូងដែលអ្នកត្រូវធ្វើចំពោះគ្រប់ការឈឺសន្លាក់គឺការសម្រាក។ “បញ្ឈប់សកម្មភាពទាំងឡាយណាដែលបង្ករឱ្យមានការឈឺចាប់ និងទុកពេលឱ្យសន្លាក់បានសម្រាក”។
ស្អំទឺកកក៖ វេជ្ជបណ្ឌិត អាឡេន ថមសុន(Allan Tomson) និយាយថា ប្រសិនបើសន្លាក់នោះក្តៅ អ្នកត្រូវរកទឹកកក។ “ផ្លាស់ប្តូរការស្អំទឹកកក និងមិនស្អំក្នុងចន្លោះ ១០នាទីម្តង។ មិនត្រូវស្អំរបស់ក្តៅលើសន្លាក់ដែលកំពុងតែក្តៅឡើយ”។
ទាក់ទាញការបំបាត់ការឈឹចាប់ដោយរបស់ផ្ទុយ៖ នៅពេលដែលសន្លាក់លែងក្តៅ ហើយបើសិនជាការឈឺចាប់ឬការហើមមិនធ្ងន់ធ្ងរទេនោះ វេជ្ជបណ្ឌិត ថមសុន ណែនាំឱ្យប្រើការព្យាបាលត្រជាក់និងក្តៅលាយបញ្ចូលគ្នា ដោយស្អំទឹកកក ១០នាទី បន្ទាប់មកស្អំទឹកក្តៅ ១០នាទី និងផ្លាស់ប្តូរម្តងត្រជាក់ម្តងក្តៅជាបន្តបន្ទាប់។
ថ្នាំបំបាត់ការឈឺចាប់៖ អ្នកអាចសាកល្បងប្រើថ្នាំ Naproxen (Aleve), Ibuprofen, អាស្ពីរីន (aspirin), Ecotrin, ឬ Acetaminophen។ ប្រសិនបើអ្នកមិនដឹងថាអ្នកគួរប្រើថ្នាំមួយណា អ្នកគួរតែពិភាក្សាជាមួយគ្រូពេទ្យ។
ប្រើប្រេងល្ហុង៖ នៅពេលដែលការឈឺចាប់អន់ជាងមុនហើយ គ្រូពេទ្យ ថមសុន ណែនាំឱ្យលាបប្រេងល្ហុងត្រង់សន្លាក់ដែលឈឺ។ លាបប្រេងល្ហុងហើយត្រូវយកក្រណាត់មករុំវាពីលើ បន្ទាប់មក យកបន្ទះក្តៅដាក់ស្អំពីលើ។
លាបប្រេងបំបាត់ការឈឺចាប់៖ វេជ្ជបណ្ឌិត អាលីសុន លី (Alison Lee) ពន្យល់ថា ការព្យាបាលតាមវិធីផ្សេងទៀតក៏អាចបំបាត់ការឈឺចាប់បានដែរ ប្រសិនបើប្រើជាមួយការព្យាបាលស្តង់ដារ។ អ្នកអាចប្រើប្រេងកូឡារូបខ្លា ដែលជាក្រែមម៉ាស្សារបស់ចិន ដែលអាចកាត់បន្ថយការឈឺចាប់បាន នៅពេលដែលលាប ១ ឬ ២ ដងក្នុងមួយថ្ងៃ។ ប្រសិនបើអ្នកមិនអាចរកទិញប្រេងកូឡានោះបាន អ្នកអាចបង្កើតប្រេងកូឡាដោយខ្លួនឯងដោយលាយទឹកជាមួយនឹងម្សៅរមៀត ហើយលាបវានៅសន្លាក់មួយថ្ងៃ ១ ឬ ២ ដង។
ធ្វើចលនាសន្លាក់ថ្នមៗ៖ នៅពេលដែលសន្លាក់លែងឈឺខ្លាំងហើយ អ្នកត្រូវធ្វើលំហាត់ប្រាណវា។ ប្រសិនបើវាជាបញ្ហាឈឺកែងដៃឬស្មា គ្រូពេទ្យណែនាំឱ្យយោលដៃរបស់អ្នកដើម្បីបំបាត់ការឈឺចាប់។ ដំបូងធ្វើបែបនេះរយៈពេល ២ ៣នាទី ប៉ុន្តែត្រូវឧស្សាហ៍ហាត់។
ការសណ្តូកដៃជើង៖ អ្នកជំនាញគ្រប់រូបណែនាំឱ្យប្រើវិធីសាស្ត្រសណ្តូកដៃជើង ដើម្បីវិលត្រលប់ទៅរកសន្លាក់ដែលធ្វើចលនាបានធម្មតាវិញ។ វិធីសាស្ត្រគឺបែរមុខទៅរកជ្រុងជញ្ជាំង ហើយប្រើម្រាមដៃដើរលើជញ្ជាំងនោះ រហូតដល់ក្លៀករបស់អ្នកប៉ះទៅនឹងជញ្ជាំង។
ប្រេងគ្រាប់កប្បាស៖ វាមានផ្ទុកអាស៊ីខ្លាញ់ omega-៣ ដែលអាចកាត់បន្ថយការរលាក ដូច្នេះអ្នកអាចលាយប្រេងគ្រាប់កប្បាស ១ ឬ ២ ស្លាបព្រាបាយក្នុងសាឡាដរបស់អ្នក។
ការអត់ធ្មត់៖ ជាទូទៅ រោគនេះនឹងបាត់ទៅវិញក្នុងរយៈពេល ១០ថ្ងៃ។ គ្រូពេទ្យនិយាយថា ប្រសិនបើវិធីសាស្ត្រទាំងអស់មិនអាចកាត់បន្ថយការឈឺចាប់បានទេ អ្នកត្រូវអត់ធ្មត់ ព្រោះវាអាចបាត់ទៅវិញដោយខ្លួនឯង។
ករណីត្រូវរកគ្រូពេទ្យ៖ ប្រសិនបើសន្លាក់ទន់, ក្តៅ, និងក្រហម វាគឺជាសញ្ញានៃការឆ្លងមេរោគ ឬជំងឺសន្លាក់។ ប៉ុន្តែពេលខ្លះវានឹងមិនបង្ហាញរោគសញ្ញានោះទេ បើទោះជាវាឆ្លងមេរោគក៏ដោយ ដូច្នេះអ្នកគួរពិភាក្សាជាមួយគ្រូពេទ្យនៅពេលអ្នកឈឺសន្លាក់៕