ផ្លែក្រូចមានប្រយោជន៍ដល់សុខភាពមនុស្សយ៉ាងច្រើនព្រោះវាសម្បូរទៅដោយវីតាមីន C និង A, សារធាតុ Flavonoid, អង់ទីអុកស៊ីដង់, កាល់ស្យូម, ម៉ាញ៉េស្យូម, ប៉ូតាស្យូម, អាហារសរសៃ ។ល។ ផ្លែក្រូចជាផ្លែឈើដែលមនុស្សជុំវិញពិភពលោកនិយមចូលចិត្តខ្លាំងបំផុតព្រោះតែរស់ជាតិដ៏ឆ្ងាញ់របស់វា បូករួមនឹងមានវីតាមីនជាច្រើនប្រភេទផងដែរ។ កាលណាមនុស្សយើងទទួលបានវីតាមីនច្រើន និងខ្លាំងក្លាបែបនេះហើយ វានឹងការពាររាងកាយយើងពីជំងឺធ្ងន់ធ្ងរជាច្រើនបានទៀតផង។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួនចំពោះសុខភាពនៅពេលអ្នកទទួលទានផ្លែក្រូច៖
បំបាត់ការទល់លាមក
ជាតិអាហារសរសៃដែលមានក្នុងផ្លែក្រូចនឹងជួយភ្ញោចអោយមានការបញ្ចេញរសរំលាយអាហារ និងបំបាត់ការទល់លាមកបាន។ តើអ្នកដឹងទេថា ជាតិអ៊ីយ៉ុងអាហារសរសៃរបស់ផ្លែក្រូចអាចជួយភ្ញោចក្រពះអោយបញ្ចេញរស់ក្រពះដើម្បីបន្ធូរបន្ថយភាពរឹង និងពិបាកធ្វើចលនារបស់លាមកដែរទេ? វាពិតជាអាច ហើយវាក៏ត្រូវបានណែនាំអោយទទួលទានពី ២៥ ទៅ៣៥ក្រាមជារៀងរាល់ថ្ងៃផងដែរ។ ការទទួលទានសាច់ក្រូចមួយផ្លែអាចនឹងក្លាយទៅជាផលល្អសម្រាប់របបអាហាររបស់អ្នកព្រោះវាផ្តល់ជាជាតិសរសៃ ៣,១ក្រាមដែរ។
កែសម្រួលអាការៈឡើងសម្ពាធឈាមខ្ពស់
សារធាតុ Hesperidin ដែលជាប្រភេទ Flavonoid នៅក្នុងផ្លែក្រូចមាននាទីជួយសម្រួលដល់អាការៈឡើងសម្ពាធឈាមខ្ពស់បាន។ ជាតិរ៉ែម៉ាញ៉េស្យូមរបស់វាក៏ជួយថែរក្សាសម្ពាធឈាមអោយនៅធម្មតាដែរ។
បង្ការជំងឺមហារីក
ចំនួនវីតាមីន C ដ៏ច្រើនដែលមានក្នុងផ្លែក្រូចអាចជួយការពារកោសិកាពីការបំផ្លាញរបស់រ៉ាឌីកាល់សេរីបាន។ សារធាតុ Liminoid របស់ផ្លែក្រូចមាននាទីបង្ការជំងឺមហារីកបានយ៉ាងច្រើនដូចជា មហារីកមាត់, មហារីកស្បែក, មហារីកសួត, មហារីកសុដន់ និងមហារីកពោះវៀនធំ។
ទប់ស្កាត់ជំងឺបេះដូង
ចំនួនវីតាមីន C និងសារធាតុ Flavonoids យ៉ាងច្រើនរបស់ផ្លែក្រូចជួយការពារខ្លួនពីជំងឺបេះដូង។
ប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺបង្កឡើងដោយវីរ៉ុស
ការសិក្សាបានបង្ហាញអោយដឹងថា សារធាតុ Polyphenols ដ៏សំបើមរបស់ផ្លែក្រូចជួយការពារ ក៏ដូចជាទប់ស្កាត់ជំងឺឆ្លងបង្កឡើងដោយវីរ៉ុស។
លាងសម្អាតឈាម
ជាតិដែក និងវីតាមីន B6 របស់ផ្លែក្រូចជួយឱ្យមានការផលិតអេម៉ូគ្លូបីន និងបង្កើនសមត្ថភាពដល់ការដឹកនាំអុកស៊ីនកាន់តែច្រើន ដូច្នេះវានឹងអាចជួយសម្អាតឈាមបានយ៉ាងល្អ។
ទប់ស្កាត់ជំងឺស្បែក
សារធាតុ Beta-carotene ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លារបស់ផ្លែក្រូចមាននាទីការពារកោសិការពីការបំផ្លាញ, ជួយការពារស្បែកពីរ៉ាឌីកាល់សេរី និងបង្ការរាល់បញ្ហាដែលធ្វើអោយចាស់ទៅតាមអាយុផងដែរ។
ថែរក្សាឆ្អឹង និងធ្មេញអោយរឹងមាំ
ជាតិកាល់ស្យូមដែលមានក្នុងផ្លែក្រូចជួយថែរក្សាឆ្អឹង និងធ្មេញរបស់អ្នកអោយរឹងមាំ។
បង្ការជំងឺតម្រងនោម
ការទទួលទានទឹកក្រូចច្របាច់ជាទៀងទាត់ជួយបង្ការជំងឺតម្រងនោម ហើយអាចកាត់បន្ថយការប្រឈមនឹងការផ្តុំជាតិកាល់ស្យូមដើម្បីបង្កជាគ្រួសក្នុងតម្រងនោមផងដែរ។ ដូច្នេះចូរទទួលទានទឹកក្រូចច្របាច់នេះក្នុងចំនួនមធ្យមបានហើយ បើមិនអញ្ជឹងទេវាអាចនឹងធ្វើឱ្យឆ្អឹង និងធ្មេញពុកបាន។
មានប្រយោជន៍ចំពោះការការពារជំងឺជាច្រើនទៀត
ផ្លែក្រូចគឺជាឱសថដ៏មានប្រសិទ្ធភាពមួយក្នុងការបង្ការ និងព្យាបាលជំងឺជាច្រើនដូចជា ជំងឺហឺត, ជំងឺរលាកទងសួត, ជំងឺរលាកសួត, ជំងឺរបេង, ជំងឺរលាកសន្លាក់ប្រភេទ Rheumatic ជាដើម។
បើនិយាយអំពីផ្លែក្រូច អ្នកប្រហែលជាមិនធ្លាប់ដឹងទេមើលទៅ ប៉ុន្តែវាអាចមានប្រយោជន៍សម្រាប់អ្នក និងក្នុងផ្ទះរបស់អ្នកផងដែរដូចជា៖
- សម្បកក្រូចអាចប្រើក្នុងការលាងសម្អាតជម្រុះកោសិការចាស់ៗនៅលើស្បែកមុខ
- ការងូតទឹកដោយប្រើប្រេងសម្បកក្រូចជាវិធានសម្រាប់ថែរក្សាស្បែកឱ្យមានសុខភាពល្អ
- សម្បកក្រូចអាចប្រើជាជំនួយដល់ការបណ្តេញឆ្មា, ស្រមោច និងសង្កើចចេញឆ្ងាយពីសួនច្បាររបស់អ្នកបាន។
- សម្បកក្រូចប្រើសម្រាប់ការបង្កាត់ភ្លើង
- សម្បកក្រូចគឺជាថ្នាំពីធម្មជាតិក្នុងការបំបាត់ក្លិនអាក្រក់
- ការត្រដុសសម្បកក្រូចថ្មីៗនៅលើស្បែកអាចជួយការពារកុំអោយមូសខាំ៕