បើក្មេងអាយុចាប់ពី៤ឆ្នាំឡើង នោមញឹកញាប់នៅពេលថ្ងៃ ពួកគេអាចនឹងមានបញ្ហាពិបាកនោម ។ បញ្ហានេះកើតមានឡើងជាទូទៅ និងអាចបណ្ដាលមកពីការទប់នោម លេចនោម ឬហៀរនោមមិនឈប់ជាដើម។ អាការៈនេះ ក៏អាចជះឥទ្ធិពលដល់កុមារទាំងរាងកាយ និងផ្លូវចិត្តផងដែរ ហើយវាអាចបណ្ដាលឲ្យក្មេងខូចតម្រងនោមជារៀងរហូតទៅថ្ងៃក្រោយបាន ប្រសិនបើពុំមានការព្យាបាលទេនោះ ។ ដូច្នេះ ឪពុកម្តាយទាំងឡាយគួរដឹង និងចាប់អារម្មណ៍ផង ចំពោះអាការៈនោមរបស់កូនលោកអ្នក ដូចខាងក្រោមនេះ៖
១.មានអារម្មណ៍ចង់នោមជាប់ជានិច្ច ទោះបីជាប្លោកនោមមិនទាន់ពេញ
កុមារដែលមានប្លោកនោមសកម្មជ្រុល អាចមានអារម្មណ៍លេចនោមមិនឈប់ ដែលតម្រូវឲ្យពួកគេត្រូវចូលបន្ទប់ទឹកញឹកញាប់។ ភាគច្រើន ក្មេងដែលមានបញ្ហានេះ អាចវិវត្តទៅជាជំងឺរលាកផ្លូវទឹកនោម។
២.ប្លោកនោមនៅតែពេញ ទោះបីនោមរួច
សាច់ដុំដែលគ្រប់គ្រងលំហូរទឹកនោមចេញពីរាងកាយ មិនសម្រាកទាំងស្រុងឡើយ ហើយប្លោកនោមក៏មិនអាចបញ្ចេញទឹកនោមអស់ទាំងស្រុងដែរ ដែលជាហេតុនាំឲក្មេងលេចនោមដាក់ខោ នៅពេលថ្ងៃ និងពេលយប់ ប្លោកនោមពេញរហូត និងរាន់នោម។ កុមារដែលប្រឈមនឹងស្ថានភាពនេះ អាចមានហានិភ័យខ្ពស់ក្នុងការបង្ករោគនៅតម្រងនោម។
៣.នោមតិចជាង៣ដងក្នុងមួយថ្ងៃ
កុមារដែលមានប្លោកនោមអសកម្មជ្រុល អាចទ្រាំបាន៦ ទៅ៨ម៉ោងដោយមិននោមសោះ។ នៅពេលខ្លះ ពួកគេត្រូវប្រឹងនោម ពីព្រោះសាច់ដុំប្លោកនោមក្លាយទៅជាខ្សោយដោយសារតែលាតសន្ធឹងជ្រុលពេក ហើយមិនអាចឆ្លើយតបទៅនឹងសញ្ញារបស់ខួរក្បាលអំពីពេលវេលាដែលត្រូវនោមបាន។ ការលេចនោមដាក់ខោ នៅពេលដែលប្លោកនោមអសកម្មជ្រុល បណ្ដាលមកពីប្លោកនោមពេញពេក និងហៀរចេញ។ ឪពុកម្តាយគួរឲ្យកូនទៅនោមរៀងរាល់ពីរបីម៉ោងម្ដង ទោះបីជាពួកគេមិនឈឺនោមក៏ដោយ ពីព្រោះវាអាចជួយឲ្យប្លោកនោមរបស់ក្មេងមិនលាតសន្ធឹងជ្រុល ព្រមទាំងអាចជួយជួសជុលសាច់ដុំរបស់ក្មេងឡើងវិញ។
៤.ទល់លាមកញឹកញាប់ និងលេចនោមនៅពេលថ្ងៃ
ភាគច្រើន កុមារដែលមានបញ្ហាពិបាកនោម ច្រើនតែកើតមានអាការៈទល់លាមក ឬពោះវៀនមិនដំណើរការ។ នៅក្នុងករណីជាច្រើន នៅពេលដែលការទល់លាមកត្រូវបានព្យាបាលជាសះស្បើយ រោគសញ្ញានៃប្លោកនោមរបស់ក្មេងក៏នឹងប្រសើរឡើងវិញដូចគ្នាដែរ។
៥.នោមដាក់ខោនៅពេលយប់ និងមានលេចលាមក
បន្ថែមពីនេះ ការនោមដាក់ពូកនៅពេលយប់ អាចបញ្ជាក់បានថាកុមារមានសរីរាង្គរបស់ប្រព័ន្ធទឹកនោមខុសប្រក្រតី ហើយពួកគេអាចមានលេចលាមកថែមទៀតផង។ នៅពេលដែលសញ្ញាទៅកាន់ប្លោកនោមត្រូវបានរាំងស្ទះ សរសៃប្រសាទដូចគ្នាដែលគ្រប់គ្រងការបន្ទោរបង់ ក៏អាចរងការប៉ះពាល់ ដែលធ្វើឲ្យក្មេងពិបាកក្នុងការទប់លាមក៕