ការឈឺចុកចាប់សន្លាក់មានច្រើនប្រភេទនិងកើតមានយ៉ាងច្រើនគួរអោយកត់សម្គាល់នៅក្នុងចំណោមមនុស្សចាស់ដោយបង្ករជាការឈឺចាប់ដែលអ្នកជំងឺពិបាកនឹងទ្រាំ។រោគប្រគ្រីវជាជំងឺឈឺសន្លាក់មួយប្រភេទដែលសម្បូរផងដែរនៅកម្ពុជាយើង។បើសិនជារូបអ្នកឬក្រុមគ្រួសាររបស់អ្នកណាម្នាក់មានជំងឺនេះ។អ្នកគួរតែយល់ដឹងអំពីព័ត៌មានជាមូលដ្ឋានដែលអាចជួយដល់សុខភាពរបស់អ្នកបាន ។
តើរោគប្រគ្រីវគឺជាអ្វី?
រោគប្រគ្រីវ ឬ ឈឺតាមសន្លាក់ឆ្អឹង (Gout) គឺជាប្រភេទមួយនៃជំងឺរលាកសន្លាក់ ។ វាអាច បណ្តាលអោយមានការឈឺចាប់ក្តៅៗ (burning pain), តឹង ឬ រឹង (stiffness), និងហើម (swelling) នៅក្នុងសន្លាក់ ជាពិសេសគឺនៅមេជើង ។ ការយាយីរំខាននេះអាចកើតមាន ឡើង រហូតទាល់តែរោគប្រគ្រីវត្រូវបានទទួលព្យាបាល ។ ព្យាបាលមិនទាន់ពេលវេលា, វាអាចនឹងធ្វើអោយអន្តរាយដល់សន្លាក់ (joints), សរសៃពួរ (tendons) និង ជាលិកា (tissues) ដទៃទៀត ។ ជាទូទៅ, វាច្រើនកើតលើបុរសភេទ ។
រោគប្រគ្រីវបណ្តាលមកពីអ្វី?
រោគប្រគ្រីវបណ្តាលមកពីមានជាតិអាស៊ីតអ៊ុយរិច (uric acid) ច្រើនពេកនៅក្នុងឈាម ។ ធម្មតា, ការមានអាស៊ីតនេះច្រើនក្នុងខ្លួនមិនបានចោទជាបញ្ហាអ្វីខ្លាំងនោះទេ ។ មនុស្ស ដែលមានកំរិតអាស៊ីតអ៊ុយរិចខ្ពស់ក្នុងឈាមក៏មិនមានរោគប្រគ្រីវនេះដែរ ។ ប៉ុន្តែ, នៅពេល ដែលអាស៊ីតអ៊ុយរិចមាននៅក្នុងឈាមច្រើនពេក, វាបានបំលែង ឬ បង្កើតទំរង់ខ្លួនដូចជា គ្រាប់គ្រីស្តាល់នៅក្នុងសន្លាក់របស់អ្នកអញ្ចឹង ។
ឳកាសដែលអាចកើតរោគប្រគ្រីវមានខ្ពស់ ប្រសិនបើអ្នកលើសទំងន់, ទទួលទានសុរាច្រើន ឬ បរិភោគសាច់ និង ត្រីដែលមានជាតិគីមី ហៅថា ព្យូរីន (purines) ។ ថ្នាំមួយចំនួនដូចជា ពពួកថ្នាំបញ្ចុះទឹកនោម (diuretics) ក៏អាចជាដើមហេតុនៃជំងឺនេះដែរ ។
តើវាមានរោគសញ្ញាអ្វីខ្លះ?
សញ្ញាដែលកើតឡើងញឹកញាប់បំផុតនោះគឺនៅពេលយប់ដែលមានដូចជា ឡើងហើម, ក្រហម និងឈឺចាប់នៅលើម្រាមមេជើង ហើយក៏អាចនៅលើជើង, កជើង ឬ ជង្គង់ផងដែរ ។ ការយាយីនេះអាចនឹងមាននៅយូរ ពីរបីថ្ងៃ ឬ ច្រើនសប្តាហ៍មុនពេលបាត់ការឈឺចាប់ ។ ការរំខានផ្សេងទៀតអាចនឹងមិនកើតមានឡើងជាច្រើនខែ ឆ្នាំ ។ សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ទោះបីជាអ្នកឈប់ឈឺចាប់ក៏ដោយ ។ ការ ផលិតអាស៊ីតអ៊ុយរិចនៅតែគំរាមកំហែងដល់សន្លាក់របស់អ្នក ។
គេធ្វើរោគវិនិច្ឆ័យរោគប្រគ្រីវដូចម្តេចទៅ?
វេជ្ជបណ្ឌិតនឹងសួរអ្នកអំពីរោគសញ្ញា និង ធ្វើការពិនិត្យទៅលើខ្លួនអ្នក ។ គាត់ក៏អាចធ្វើការ បូមយកជាតិទឹកដែលមាននៅក្នុងសន្លាក់របស់អ្នកផងដែរ ដើម្បីស្វែងរក គ្រាប់គ្រីស្តាល់ អាស៊ីតអ៊ុយរិច ។ នេះជាវិធីល្អបំផុតដើម្បីរកជំងឺប្រគ្រីវ ។ ការធ្វើតេស្តឈាម ដើម្បីអោយ ដឹងពីចំនួនអាស៊ីតអ៊ុយរិចក្នុងឈាមរបស់អ្នកត្រូវបានស្នើរសុំអោយធ្វើ ។
គេព្យាបាលរោគប្រគ្រីវដោយវិធីណា?
ដើម្បីបញ្ឈប់ការយាយីនៃរោគប្រគ្រីវ, វេជ្ជបណ្ឌិតអាចនឹងអោយអ្នកប្រើប្រាស់ថ្នាំពពួក គ័កទីកូអ៊ីត (corticosteroids) និង ថ្នាំមួយ ឬ ច្រើនផ្សេងទៀតក្នុងកំរិតមួយខ្ពស់ជាប្រចាំថ្ងៃ ។ កំរិតនៃការប្រើប្រាស់ថ្នាំនឹងត្រូវបានកាត់បន្ថយ ខណៈពេលដែលរោគសញ្ញារបស់អ្នក បានបាត់ ។ អ្នកនឹងបានធូរស្រាលមកវិញ ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ ប្រសិនបើអ្នក បានទទួលការព្យាបាលត្រឹមត្រូវ ។
ដើម្បីសំរួលការឈឺចាប់នៅពេលរោគនេះវាយប្រហារ, ចូរអ្នកសំរាក កុំប៉ះពាល់ត្រង់សន្លាក់ ដែលឈឺ ។ ញ៉ាំថ្នាំអ៊ីប៊ុយប្រូហ្វែន (ibuprofen) ឬក៏ថ្នាំបំបាត់ការរលាកផ្សេងៗទៀត (anti-inflammatory medicine) អាចអោយអ្នកមានអារម្មណ៍ប្រសើរឡើង ។ ប៉ុន្តែ ហាមប្រើ ដាច់ខាតចំពោះថ្នាំអាស្ពីរីន (aspirin) ព្រោះវាធ្វើអោយស្ថានភាពអ្នកកាន់តែអាក្រក់ឡើង ដោយសារការឡើងនូវអាស៊ីតអ៊ុយរិចក្នុងឈាម ។
ដើម្បីការពារការយាយីនេះនៅថ្ងៃក្រោយទៀត, វេជ្ជបណ្ឌិតអាចចេញវេជ្ជបញ្ជាអោយអ្នកនូវ ប្រភេទថ្នាំដើម្បីបន្ថយជាតិអាស៊ីតអ៊ុយរិចដែលមានក្នុងឈាម (អ្នកត្រូវតែអនុវត្តតាម) ។ មនុស្សជាច្រើនបានបន្ត និង ប្រើប្រាស់ថ្នាំនេះពេញមួយជីវិតរបស់ពួកគេ ។
ការយកចិត្តុកដាក់ទៅលើអ្វីដែលអ្នកទទួលទាន អាចជួយអោយអ្នកគ្រប់គ្រងរោគប្រគ្រីវ បាន ។ គួរតែបរិភោគអាហារដែលមានជីវជាតិល្អ លាយបញ្ចូលគ្នាដើម្បីរក្សាទំងន់ និង ទទួលបាននូវសារជាតិចិញ្ចឹមដែលអ្នកត្រូវការ ។ ចៀសវាងការទទួលទានសាច់, អាហារ សមុទ្រ, និង ជាតិអាល់កុល (ប៊ីយ៉ែ) រាល់ថ្ងៃ ។ ផឹកទឹកអោយបានច្រើន … ៕