ការសិក្សាថ្មីបានណែនាំថា ការសប្បាយរីករាយអាចបង្កើនសុខភាពរបស់អ្នកនិងធ្វើឱ្យអ្នករស់បានយូរ។អ្នកស្រាវជ្រាវបានមើលលើការសិក្សាផ្សេងៗច្រើនជាង ១៦០ ហើយបានរកឃើញថាអារម្មណ៍ល្អបង្កើននូវដំណើរការនៃប្រព័ន្ធភាពស៊ាំ, បន្ថយអ័រម៉ូនដែលពាក់ព័ន្ធនឹងភាពតានតឹង និងជួយធ្វើឱ្យបេះដូងឆាប់ដំណើរការវិញបន្ទាប់ពីការបញ្ចេញកម្លាំង។ ផ្ទុយទៅវិញ, United Press International បានរាយការណ៍ថា ភាពខ្វល់ខ្វាយ, ក្រៀមក្រំចិត្ត, គំនិតទុទិដ្ឋិនិយម និងគ្មានភាពរីករាយក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ នឹងធ្វើឱ្យមានអត្រាខ្ពស់នៃជំងឺនិងមានអាយុខ្លី។
អតីតសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Illinois, លោក Ed Diener បាននិយាយថា “ពួកយើងបានមើលលើការសិក្សាចំនួន ៨ ប្រភេទ ខុសៗគ្នាហើយសេចក្តីសន្និដ្ឋានទូទៅចំពោះប្រភេទនិមួយៗគឺ ភាពរីករាយរបស់អ្នក ដូចជា ការមានអារម្មណ៍ល្អពីជីវិតរបស់អ្នក, មិនមានភាពតានតឹង មិនក្រៀមក្រំចិត្ត នឹងធ្វើឱ្យអ្នកមានអាយុវែងនិងមានសុខភាពល្អជាងគេក្នុងចំណោមអ្នកដែលមានសុខភាពល្អ”។
សាស្ត្រាចារ្យ Diener បាន បន្តទៀតថា “សុភមង្គលមិនមែនជាថ្នាំទេពនោះទេ ប៉ុន្តែភស្តុតាងគឺច្បាស់លាស់ដែលវាផ្លាស់ប្តូរឱកាសនៃការមានជំងឺឬការស្លាប់ទាំងវ័យក្មេង”។