សម្តីដ៏រ៉ូម៉ែនទិចមួយឃ្លានិយាយថា “បេះដូងខ្ញុំលោតខ្លាំង នៅពេលជួបអ្នកប៉ុណ្ណោះ” ប៉ុន្តែបើសិនជាអ្នកមិនបានយកចិត្តទុកដាក់ ទៅលើសរីរាង្គដ៏សំខាន់មួយនេះទេ គូស្នេហ៍អ្នកអាចនឹងរកការឈឺចាប់បានជាពិសេស នៅពេលឡើងគ្រែតែម្តង។ មែនហើយ ជំងឺបេះដូង អាចធ្វើឲ្យអ្នកពិបាក ក្នុងការរួមភេទបាន។ ចូរចាំថា សុខភាពផ្លូវភេទ ក៏អាស្រ័យទៅលើសុខភាពបេះដូងសរសៃឈាមដែរ។ រាល់បញ្ហាសរសៃឈាមបេះដូងទាំងអស់ សុទ្ធតែអាចប៉ះពាល់ដល់លំហូរឈាមទៅប្រដាប់ភេទ ដែលនាំឲ្យធ្វើទុក្ខកាន់តែខ្លាំង ដល់ជីវិតផ្លូវភេទតែម្តង។ លំហូរឈាមទៅក្នុងប្រដាប់ភេទតិច អាចបណ្តាលឲ្យលិង្គមិនអាចងើបរួច។ ដូច្នេះ យើងខ្ញុំនឹងបកស្រាយ អំពីជំងឺបេះដូងមួយចំនួន ដែលកំពុងតែញ៉ាំញី ដល់ជីវិតផ្លូវភេទកាន់តែអួរអាប់បាន បើសិនជាមិនមានដំណោះស្រាយ ចំពោះវាសិនទេនោះ។
ជំងឺក្រិនរឹងសរសៃឈាម
វាគឺជាជំងឺមួយ ដែលសរសៃឈាមមានតួនាទី ដឹកនាំអុកស៊ីសែនចេញពីបេះដូង ទៅចិញ្ចឹមរាងកាយក្លាយទៅជារួមតូច ដោយសារតែមានកំណក។ ការរួមតូចរបស់រសៃឈាមបែបនេះ នឹងធ្វើឲ្យបេះដូងកាន់តែពិបាក ក្នុងការច្របាច់ឈាមចេញ របត់ឈាមរត់ខ្សោយ និងសម្ពាធឈាមឡើងខ្ពស់ទៀត។ បើសិនជាអ្នកកំពុងតែឆ្ងល់ថាតើ វាប៉ះពាល់ដល់ជីវិតផ្លូវភេទដូចម្តេចនោះ ចូរយល់ថា លំហូរឈាមដែលយឺត ចូលទៅក្នុងលិង្គបែបនេះ គឺធ្វើឲ្យលិង្គឡើងរឹងមិនកើន។ ជាមួយគ្នានេះដែរ សរសៃឈាមអាក់ទែដែលដឹកនាំឈាម ទៅក្នុងលិង្គនោះ អាចនឹងមានកំណក ដែលជាហេតុនាំឲ្យលំហូរឈាមកាន់តែតិចថែមទៀត។ ដូច្នេះ ជីវិតផ្លូវភេទរបស់បុរស នឹងរងហានិភ័យកាន់តែខ្លាំង។
លើសសម្ពាធឈាម
ទាំងជំងឺលើសសម្ពាធឈាម និងលិង្គមិនឡើងរឹង សុទ្ធតែមានទំនាក់ទំនងគ្នាជិតដឹតណាស់។ នេះគឺជាប្រភេទកត្តាប្រឈម នឹងជំងឺបេះដូងសរសៃឈាមមួយប្រភេទ ដែលនាំឲ្យកើតជំងឺក្រិនរឹងសរសៃឈាមបាន។ ជំងឺលើសសម្ពាធឈាម អាចបណ្តាលឲ្យលលិង្គមិនអាចឡើងរឹងបាន ដោយសារតែលំហូរឈាម ត្រូវបានរាំងស្ទះ ព្រោះតែសរសៃឈាមខូចខាត។ យ៉ាងណាមិញ ការមិនឡើងរឹងរបស់លិង្គ ក៏អាចចាត់ទុកជារោគសញ្ញាដំបូង របស់ជំងឺលើសសម្ពាធឈាម ដែលជាឃាតករឈាមត្រជាក់នោះដែរ។
កូឡេស្តេរ៉ុលឡើងខ្ពស់
ខណៈពេលដែលមនុស្សភាគច្រើនយល់ថា ការមិនឡើងរឹងរបស់លិង្គ គឺជាបញ្ហាមួយនៃជីវិតផ្លូវភេទរបស់បុរសនោះ តែអ្វីដែលជាបញ្ហាកាន់តែធំនោះ គឺសរសៃឈាមតែម្តង មានន័យថា សរសៃឈាមអាចនឹងរងការរួមតូច ដោយសារតែកកកូឡេស្តេរ៉ុលច្រើន ក្នុងជញ្ជាំងខាងក្នុង របស់រសៃឈាមនោះតែម្តង ឬអាចនិយាយបានថា ជំងឺសរសៃឈាម។ តាមពិត ការកកកុញកូឡេស្តេរ៉ុល អាចកើតមានក្នុងសរសៃឈាមបេះដូង និងសរសៃឈាមនៅលិង្គដែរ។ ដូច្នេះ វានឹងកាត់បន្ថយលំហូរឈាម ទៅក្នុងលលិង្គទៀត។ ការសិក្សាបង្ហាញថា ការប្រើថ្នាំដើម្បីបញ្ចុះកូឡេស្តេរ៉ុល ក៏អាចជួយទប់ស្កាត់រោគសញ្ញា នៃបញ្ហាលិង្គមិនឡើងបានដែរ៕