ការប្រែប្រួលទៅជារឹងនៃសុដន់អាចធ្វើឱ្យមានការឈឺចាប់ខ្លាំង ប៉ុន្តែវាមិនមែនជាអ្វីដែលមិនប្រក្រតីនោះទេ។ តាមការប៉ាន់ស្មាន ស្ត្រីអាមេរិកខាងជើង ប្រហែលជា ៧០ភាគរយ ដែលជួបប្រទះនឹងបញ្ហាការឈឺចាប់សុដន់នេះ ក្នុងពេលណាមួយនៃជីវិតរបស់ពួកគេ ដែលច្រើនតែក្នុងកំឡុងពេលមានគភ៌ និងមុនពេលមករដូវ។
ភាពឡើងរឹងនៃសុដន់នេះកើតឡើងដោយសារតែវដ្តធម្មជាតិនៃអរម៉ូនបង្កកំណើតគឺ estrogen និង progesterone។ អរម៉ូនទាំងនេះនឹងបង្កឱ្យមានការលូតលាស់នៃកោសិកាបំពង់ផលិតទឹកដោះ ដែលទាមទារសារធាតុចិញ្ចឹមពីឈាម និងសារធាតុរាវផ្សេងទៀត ដែលបំពេញនៅតំបន់ជិតៗនោះ។ ជាលិកាដែលត្រូវបានរាំងស្ទះដោយសារធាតុរាវនេះអាចបត់បែនសរសៃប្រព័ន្ធប្រសាទ ដែលបង្កឱ្យមានការឈឺចាប់ និងភាពរឹង។
មូលហេតុមួយទៀតដែលបង្កឱ្យមានការឈឺចាប់សុដន់គឺការប្រែប្រួល fibrocystic ដែលរួមមាន ដុំពក និងប្លោក។ ការប្រែប្រួលទាំងនេះច្រើនតែប៉ះពាល់ទៅលើតំបន់សុដន់ដែលមិនធ្វើការ ដូចជា កោសិកាខ្លាញ់ ជាលិកាសរសៃឆ្មារៗ និងផ្នែកផ្សេងទៀតដែលមិនទាក់ទងទៅនឹងការផលិតឬបញ្ជូនទឹកដោះ។
ទោះក្នុងករណីណាក៏ដោយ អ្នកជំនាញនិយាយថា យុទ្ធសាស្ត្រណែនាំខាងក្រោមអាចជួយបំបាត់ការឈឺចាប់ និងជួយបង្កើនការជាសះស្បើយ។
ផ្លាស់ប្តូររបបអាហារ៖ ចូរផ្លាស់ប្តូរទៅរបបអាហារដែលមានជាតិខ្លាញ់ទាប និងមានជាតិសរសៃខ្ពស់ដោយការបរិភោគគ្រាប់ធញ្ញជាតិ បន្លែ និងសណ្តែកឱ្យបានច្រើន។ ការសិក្សាស្រាវជ្រាវមួយនៅសាលាមហាវិទ្យាល័យ Tufts ផ្នែកវេជ្ជសាស្ត្រ នៅ Boston បានរកឃើញថា ស្ត្រីដែលបរិភោគអាហារប្រភេទនេះ បានបំលែង estrogen ខុសពីអ្នកដទៃ។ វេជ្ជបណ្ឌិត Christiane Northrup និយាយថា អរម៉ូន estrogen ត្រូវបានបញ្ចេញចោលតាមលាមកច្រើនជាងធម្មតា ដែលបន្សល់អរម៉ូននេះតិចក្នុងឈាម។
រក្សារូបរាងឱ្យបានល្អ៖ វេជ្ជបណ្ឌិត Kerry McGinn និយាយថា ចូររក្សាទម្ងន់របស់អ្នកក្នុងកម្រិតមួយដែលសាកសមនឹងកម្ពស់របស់អ្នក។ ចំពោះស្ត្រីដែលធាត់ខ្លាំងពេក ការសម្រកទម្ងន់អាចជួយបំបាត់ការឈឺចាប់សុដន់។
ចំពោះស្ត្រី ជាតិខ្លាញ់ដើរតួជាបំពង់ដែលលើស ដែលផលិតនិងរក្សាទុកអរម៉ូន estrogen។ ប្រសិនបើអ្នកមានខ្លាញ់រាង្គកាយច្រើនពេក អ្នកប្រហែលជាមានអរម៉ូន estrogen ច្រើនជាងធម្មតារត់នៅក្នុងឈាម។ វេជ្ជបណ្ឌិត Gregory Radio និយាយថា ជាលិកាសុដន់ ងាយនឹងមានប្រតិកម្មទៅនឹងអរម៉ូនណាស់។
វីតាមីន៖ វេជ្ជ. Northrup និយាយថា ចូរបរិភោគអាហារដែលសម្បូរទៅដោយវីតាមីន C, កាល់ស្យូម, ម៉ាញេស្យូម, និងពពួកវីតាមីន B។ វីតាមីន និងសារធាតុខនិជទាំងនេះ ជួយគ្រប់គ្រងការផលិតនៃអរម៉ូន prostaglandin E ដែលនឹងជម្រុញអរម៉ូន prolactin ដែលជាអរម៉ូនបើកជាលិកាសុដន់។
បញ្ឈប់ការប្រើជាតិខ្លាញ់ពីប្រេងរុក្ខជាតិនិងប្រេងលាយអ៊ីដ្រូហ្សែនផ្សេងៗ៖ វេជ្ជ. Northrup និយាយថា ខ្លាញ់លាយអ៊ីដ្រូហ្សែនប៉ះពាល់សមត្ថភាពរាង្គកាយរបស់អ្នកក្នុងការបំលែងជាតិខ្លាញ់សំខាន់ៗពីអាហារទៅជាអាស៊ីត gamma linoleic។ អាស៊ីតនេះមានសារសំខាន់ណាស់ ព្រោះវានាំឱ្យមានការផលិតនៃ prostaglandin E។ ហើយ prostaglandin E ប្រហែលជាអាចជួយរក្សា prolactin។
រក្សាភាពស្ងៀមស្ងាត់៖ វេជ្ជ. Northrup និយាយថា Epinephrine ដែលជាសមាសធាតុដែលផលិតឡើងដោយបំពង់ adrenal ក្នុងកំឡុងពេលមានអារម្មណ៍តានតឹង (ស្ត្រេស) ក៏អាចប៉ះពាល់ទៅលើការបំលែងអាស៊ីត gamma linoleic បានដែរ។
បញ្ឈប់រាល់ការទទួលទានជាតិកាហ្វេអ៊ីន៖ តួនាទីរបស់ជាតិកាហ្វេអ៊ីនក្នុងការបង្កឱ្យមានការឈឺចាប់សុដន់គឺមិនមានភស្តុតាងបញ្ជាក់នោះទេ។ ការសិក្សាស្រាវជ្រាវមួយចំនួននិយាយថាវាបង្កឱ្យមានការឈឺចាប់ ប៉ុន្តែការសិក្សាស្រាវជ្រាវមួយចំនួនទៀតមិនអាចធ្វើសេចក្តីបញ្ចប់បាន។ ប៉ុន្តែវេជ្ជបណ្ឌិត Thomas J. Smith នៅតែណែនាំយ៉ាងខ្លាំងថាគួរតែបញ្ឈប់រាល់ការទទួលទានជាតិកាហ្វេអ៊ីន។
គាត់និយាយថា “ខ្ញុំបានឃើញស្ត្រីដែលមានការឈឺចាប់និងរោគសញ្ញាផ្សេងៗនៃអាការៈសុដន់ឡើងរឹង ដែលគាត់មានភាពប្រសើរឡើងយ៉ាងច្រើនក្រោយពីគាត់ឈប់ទទួលទានជាតិកាហ្វេអ៊ីន”។ ប៉ុន្តែការបញ្ឈប់ទទួលទានកាហ្វេតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ។ គាត់និយាយបន្តថា “អ្នកត្រូវតែបញ្ឈប់រាល់ជាតិកាហ្វេអ៊ីនទាំងអស់”។ នេះមានន័យថា ឈប់ទទួលទានភេសជ្ជៈ សូកូឡា ផលិតផលការ៉េម តែ និងថ្នាំបំបាត់ការឈឺចាប់ដែលទិញបានដោយគ្មានវេជ្ជបញ្ជាដែលមានផ្ទុកជាតិកាហ្វេអ៊ីន ដូចជា ថ្នាំ Excedrin។
ជៀសវាងអាហារប្រៃ៖ វេជ្ជបណ្ឌិត Yvonne Thornton និយាយថា អាហារដែលមានរសជាតិប្រៃខ្លាំងអាចធ្វើឱ្យអ្នកឡើងប៉ោង។ ការដាក់កំហិតទៅលើការបរិភោគជាតិប្រៃមានសារសំខាន់ណាស់ជាពិសេសនៅមុនពេលមករដូវពី ៧ ទៅ ១០ថ្ងៃ ដែលត្រូវនឹងមុនពេលដែលការប្រែប្រួលអរម៉ូនប្រចាំខែកើតឡើង។
ជៀសវាងសារធាតុដែលធ្វើឱ្យមានទឹកនោមច្រើន៖ វាគឺជាការពិតដែល diuretic (សារធាតុដែលធ្វើឱ្យមានទឹកនោមច្រើន) អាចលាងសម្អាតសារធាតុរាវចេញពីរាង្គកាយរបស់អ្នក។ ហើយវាអាចជួយកាត់បន្ថយការឈឺចាប់នៃការហើមក្នុងសុដន់របស់អ្នក។ ប៉ុន្តែ វេជ្ជ. Thornton និយាយថា ការបំបាត់ការឈឺចាប់ភ្លាមៗនឹងមានផលវិបាក។ ការប្រើ diuretic ច្រើនពេក អាចបង្កឱ្យមិនមានលំនឹងនៃប្រព័ន្ធអេឡិចត្រូលីត និងនាំឱ្យមានបញ្ហាកង្វះជាតិទឹកនិងការចុះខ្សោយនៃសាច់ដុំ។
រកថ្នាំបំបាត់ការឈឺចាប់ដែលទិញបានដោយគ្មានវេជ្ជបញ្ជា៖ វេជ្ជបណ្ឌិត Sandra Swain ណែនាំឱ្យប្រើថ្នាំ ibuprofen ដើម្បីបំបាត់ការឈឺចាប់សុដន់។ គាត់បញ្ជាក់ថា “ជៀសវាងការប្រើថ្នាំលាបប្រឆាំងការរលាក”។ ជាការពិតណាស់ ស្ត្រីមានផ្ទៃពោះមិនគួរប្រើថ្នាំណាមួយដោយមិនមានការអនុញ្ញាតិពីគ្រូពេទ្យនោះទេ។
ប្រើ evening primrose៖ ប្រេង evening primrose គឺជាសារធាតុប្រឆាំងការរលាកដែលអាចជួយព្យាបាលការ ឈឺចាប់ និងធ្វើឱ្យដុំពករួមតូច។ អ្នកជំនាញណែនាំឱ្យលេបប្រេង evening primrose មួយ ឬ ពីរគ្រាប់ (៥០០ ឬ ១.០០០ មីលីក្រាម, មនុស្សជាច្រើនចូលចិត្តប្រើ ១.០០០មីលីក្រាម) បីដងក្នុងមួយថ្ងៃ ឱ្យបានពីរឬបីខែ។
ទឹកត្រជាក់៖ វេជ្ជ. McGrinn និយាយថា ស្ត្រីមួយចំនួនរកឃើញថាអាចបំបាត់ការឈឺចាប់បានដោយការជ្រលក់ដៃរបស់ពួកគេនៅក្នុងទឹកត្រជាក់ និងដាក់វាស្អំសុដន់។
សាកល្បងប្រើកម្តៅ៖ វេជ្ជ. McGrinn និយាយបន្តថា ស្ត្រីមួយចំនួនទៀតអាចកាត់បន្ថយការឈឺចាប់បានដោយប្រើបន្ទះកម្តៅ ឬដបទឹកក្តៅ ឬការមុជទឹកក្តៅឧណ្ហៗ។ ហើយក៏នៅមានស្ត្រីមួយចំនួនទៀតឃើញថាការប្រើឆ្លាស់គ្នារវាងទឹកក្តៅនិងទឹកត្រជាក់មានប្រសិទ្ធភាពបំផុត។
ប្រើអាវក្នុងដែលទ្រសុដន់បានល្អ៖ អាវក្នុងរឹងម៉ាំ ដូចអាវដែលផលិតឡើងសម្រាប់អ្នករត់ អាចជួយបង្ការសរសៃរប្រព័ន្ធប្រសាទដែលយឺតស្រាប់ដោយសារជាលិការាំងស្ទះសារធាតុរាវហើយនោះ ពីការយឺតកាន់តែខ្លាំងជាងមុន។ វេជ្ជ. Radio និយាយថា ស្ត្រីមួយចំនួននិយាយថាការពាក់អាវក្នុងគេងនៅពេលយប់អាចជួយកាត់បន្ថយការឈឺចាប់បាន។
ពិចារណាជាថ្មីពីការប្រើប្រាស់ថ្នាំ៖ វេជ្ជ. Radio និយាយថា កម្រិតនៃអរម៉ូន estrogen ក្នុងថ្នាំលេបពន្យារកំណើតអាចជួយឬបំផ្លាញការគ្រប់គ្រងលើការប្រែប្រួលសុដន់ អាស្រ័យទៅលើស្ថានភាពជាក់ស្តែងរបស់អ្នក។ ជាទូទៅ ថ្នាំដែលមានកម្រិតអរម៉ូន estrogen ទាប អាចជួយព្យាបាលជំងឺថង់ទឹកជាលិកាសរសៃបាន ប៉ុន្តែវានឹងបង្កើនគ្រោះថ្នាក់នៃជំងឺដុំពកដែលបង្កឡើងដោយជាលិកាសរសៃនិងក្រពេញ។
សាកល្បងម៉ាស្សាដើម្បីសម្រួលការកើនឡើយនៃសារធាតុរាវ៖ វេជ្ជ. McGinn និយាយថា មនុស្សស្រីមួយចំនួនអាចកាត់បន្ថយការឈឺចាប់បានដោយការម៉ាស្សាសុដន់ថ្នមៗដោយខ្លួនឯង ដែលអាចជួយសារធាតុរាវដែលលើសក្នុងសុដន់វិលទៅកន្លែងវាវិញ។
បំបាត់ការឈឺចាប់ដោយប្រើផ្លែស្រល់៖ ជនជាតិដើមអាមេរិកបានប្រើផ្លែស្រល់មកស្អំដើម្បីបំបាត់ការឈឺចាប់និងការរលាក។ វេជ្ជបណ្ឌិត Ellen Kamhi ណែនាំថា ដើម្បីសាកល្បងប្រើវាតាមវិធីសាស្ត្របច្ចុប្បន្ន អ្នកអាចប្រើសាប៊ូដែលផលិតពីជ័រស្រល់ដុសលើសុដន់របស់អ្នក។
ប្រេងល្ហុង៖ វេជ្ជ. Northrup និយាយថា ដើម្បីកាត់បន្ថយការឈឺចាប់ដែលបង្កឡើងដោយការរលាក អ្នកអាចសាកល្បងប្រើប្រេងល្ហុង។ វាក៏ជួយព្យាបាលការឆ្លងមេរោគតិចតួចរបស់សុដន់បានផងដែរ។
អ្នកត្រូវការប្រេងល្ហុង, ក្រណាត់, បន្ទះផ្លាស្ទិក, និងបន្ទះកម្តៅ។
បត់ក្រណាត់ជាបួនស្រទាប់ ហើយចាក់ប្រេងល្ហុងឱ្យសើមក្រណាត់ ប៉ុន្តែមិនត្រូវជោគពេករហូតមានប្រេងស្រក់ចុះមកនោះទេ។ ដាក់ក្រណាត់នៅលើសុដន់ ហើយដាក់បន្ទះផ្លាស្ទីកពីលើ បន្ទាប់មកដាក់បន្ទះកម្តៅ។ ដាក់វាស្អំរយៈពេលមួយម៉ោង។
វេជ្ជ. Northrup និយាយថា ប្រេងល្ហុងមានផ្ទុកសារធាតុម្យ៉ាងដែលអាចបង្កើនដំណើរការ T11 lymphocyte។ វាជួយបង្កើនល្បឿនជាសះស្បើយនៃការឆ្លងគ្រប់ប្រភេទ។
អ្នកអាចនឹងត្រូវអនុវត្តការស្អំនេះពី ៣ ទៅ ៧ថ្ងៃ ដើម្បីឃើញលទ្ធផលរបស់វា។ គាត់និយាយបន្តថា “វាក៏ប្រហែលជាមានសារសំខាន់ក្នុងការបំបាត់ការឈឺចាប់ផងដែរ”។
ពេលដែលត្រូវរកគ្រូពេទ្យ៖ នៅពេលដែលអ្នកឃើញមានដុំពកក្នុងកំឡុងពេលដែលអ្នកពិនិត្យដោយខ្លួនឯងប្រចាំខែ ចូរពិភាក្សាជាមួយគ្រូពេទ្យ មិនថាដុំពកដែលមានពីមុនត្រូវបានធ្វើរោគវិនិច្ឆ័យថាជាដុំពកមិនមានគ្រោះថ្នាក់ឬយ៉ាងណានោះទេ។ គ្រូពេទ្យអាចនឹងកាត់សាច់យកទៅពិសោធន៍ ឬប្រើម្ជុលដើម្បីចាក់សារធាតុរាវឱ្យចេញពីដុំគីស។
វេជ្ជ. McGinn និយាយថា ដុំពកក្នុងសុដន់ប្រហែលជា ៩០ភាគរយ មិនមែនត្រូវបានរកឃើញដោយគ្រូពេទ្យ ឬការថតមើលនោះទេ ប៉ុន្តែវាត្រូវបានរកឃើញដោយការពិនិត្យមើលដោយខ្លួនឯងរបស់ស្ត្រី។
ពេលវេលាល្អបំផុតសម្រាប់ការពិនិត្យមើលដោយខ្លួនឯងគឺ ១សប្តាហ៍ក្រោយពេលចាប់ផ្តើមមករដូវ។ នេះដោយសារតែដុំពកមួយចំនួនដែលពេលខ្លះកើតមានឡើងមុនពេលមករដូវនឹងបាត់ទៅវិញភ្លាមៗក្រោយពេលអស់រដូវ។