តើអ្វីដែលធ្វើឲ្យទល់លាមក?
កូនរបស់លោកអ្នកអាចនឹងមានទល់លាមកកាលណាគេមិនបានផឹកទឹក ទឹកដោះ ឬអង្គធាតុរាវឯទៀត ឬមិនបានបរិភោគរបបអាហារដែលមានសរសៃឲ្យបានគ្រប់គ្រាន់ទេ។ សរសៃមាននៅក្នុងចំណីដូចជាធញ្ញជាតិ គ្រាប់រុក្ខជាតិ ផ្លែឈើ និងបន្លែបង្កា។ បើសិនជាកូនរបស់លោកអ្នកបរិភោគរបបអាហារដែលសំបូរទៅដោយខ្លាញ់ ជាតិស្ករចម្រាញ់(ស្ករគ្រាប់ បង្អែម) នោះគេមិនបានបរិភោគសរសៃឲ្យបានគ្រប់គ្រាន់ទេ ហើយអាចមានទល់លាមកហើយ។
កូនលោកអ្នកក៏អាចទល់លាមកបានដែរនៅពេលដែលលោកអ្នកចាប់ផ្តើមផ្លាស់ប្តូរពីការបំបៅដោយទឹកដោះម្តាយឲ្យទៅបៅទឹកដោះគោវិញ ឬប្តូរពីការផ្តល់ចំណីអាហារទន់ទៅជាចំណីអាហាររឹងវិញ។ ជួនកាលកូនរបស់លោកអ្នកអាចទល់លាមកបន្ទាប់ពីបានឈឺ ឬប្រើប្រាស់ឱសថផ្សេងៗ។ លោកអ្នកមិនត្រូវបារម្ភទេបើសិនជាកូនទល់លាមកតែប៉ុន្មានថ្ងៃ។ ការទល់លាមកតែងតែកើតមានចំពោះកុមារតែដូច្នេះ ហើយអាចបាត់ទៅវិញឯងៗ។
កុមារតូចៗដែលមានទល់លាមកធ្ងន់ធ្ងរមិនបានដឹងអំពីការធ្វើចលនារបស់ពោះវៀនទេ។ កុមារអាចមិនចង់ឈប់លេង ឬខ្លាច ឬទើសទាល់មិនហ៊ានប្រាប់គ្រូ ឬមិនចេះប្រើប្រាស់បង្គន់សាធារណ:។ កាលណាកុមារតមិនព្រមទៅបន្ទោរបង់លាមទេនោះ លាមកវាទៅប្រមូលផ្តុំនៅក្នុងពោះវៀនធំ ហើយចាប់កកធំឡើងៗនិងរឹងទៅៗ។ ការបន្ទោរបង់អាចមានការឈឺចាប់ ធ្វើឲ្យកុមារមិនចង់ទៅបន្ទោរបង់លាមក។
តើខ្ញុំអាចធ្វើអ្វីបានកាលណាកូនទល់លាមក?
លោកអ្នកអាចធ្វើបានច្រើនយ៉ាងដើម្បីជួយកូនរបស់លោកអ្នក។
- របបអាហារ អ្នកអាចចាប់ផ្តើមបង្កើនបរិមាណទឹកដែលកូនរបស់លោកអ្នកផឹកក្នុង១ថ្ងៃៗ។ បើកូនធំហើយ សូមជម្រុញឲ្យគេផឹកទឹកឲ្យបានច្រើន។សូមបន្ថយបរិមាណស្ករគ្រាប់និងចំណីមានជាតិស្ករនៅក្នុងរបបអាហាររបស់កូនលោកអ្នក។
- ការបង្រៀនអំពីទម្លាប់បន្ទោរបង់លាមក អ្នកត្រូវណែនាំកូនឲ្យយល់ដឹងអំពីការបន្ទោរបង់ ហើយកុំឲ្យបង្អែបង្អង់ក្នុងការបន្ទោរបង់។ ដើម្បីបង្កើតទម្លាប់នៅក្នុងការបន្ទោរបង់ សូមឲ្យកូនលោកអ្នកអង្គុយលើបង្គន់ឲ្យបានយ៉ាងតិច១០នាទីជារៀងរាល់ថ្ងៃ ជាពិសេសក្រោយការបរិភោគចំណីអាហារ។ ក្នុងពេលអង្គុយលើបង្គន់ អ្នកអាចឲ្យកូនអានសៀវភៅឬស្តាប់វិទ្យុបាន។
- ឱសថ មានឱសថបញ្ចុះលាមកជាច្រើនសម្រាប់ព្យាបាលការទល់លាមករបស់កុមារ។ អ្នកអាចជ្រើសរើសយកឱសថណាមួយអាស្រ័យទៅតាមអាយុរបស់កូន និងទៅតាមសភាពនៃការទល់លាមក។ សូមសាកសួរគ្រូពេទ្យរបស់លោកអ្នកអំពីឈ្មោះនិងរបៀបប្រើឱសថ។
- ចាប់ផ្តើមកម្មវិធីលើកទឹកចិត្ត លើកទឹកចិត្តកូនរបស់លោកអ្នកកាលណាគេអង្គុយចុះលើបង្គន់។ ឧទាហរណ៍ ដាក់កម្មវិធីឲ្យកូនអង្គុយលើបង្គន់តាមកាលកំណត់ រួចផ្តល់រង្វាន់លើកទឹកចិត្តឲ្យ។ កាលណាកូនបន្ទោរបង់លាមករួច និយាយសរសើរ រួចឲ្យរង្វាន់។
- សូមយកកូនរបស់លោកអ្នកទៅជួបជាមួយគ្រូពេទ្យកាលណាការទល់លាមករបស់គេមិនអន់ថយទេ ឬកាលណាលោកអ្នកគិតថាកូនមានទល់លាមកធ្ងន់ធ្ងរ។ ជួនកាលការទល់លាមកអាចជាសញ្ញាបញ្ជាក់អំពីលក្ខណ្ឌធ្ងន់ធ្ងរខាងសុខភាពណាមួយ