“ខ្ញុំទៅចូលរួមកម្មវិធី ហើយខ្ញុំនៅចាំពាក្យដែលម៉ាក់បាននិយាយប្រាប់ ថាកុំឱ្យខ្ញុំញ៉ាំស្រា។ ខ្ញុំមិនញ៉ាំស្រាទេ ខ្ញុំញ៉ាំទឹកផ្លែឈើវិញ។ ខ្ញុំមានមោទនភាពនឹងខ្លួនឯងណាស់ ព្រោះម៉ាក់ប្រាប់ថាខ្ញុំត្រូវតែដូច្នេះ។ ម៉ាក់ផ្តាំហើយផ្តាំទៀតថា កុំឱ្យញ៉ាំស្រាហើយបើកឡាន ខុសពីអ្វីដែលមិត្តភក្តិខ្ញុំប្រាប់ពីមុន។ ខ្ញុំបានសម្រេចប្រកាន់យកឥរិយាបទដែលមានសុខភាព ព្រោះពាក្យផ្តាំផ្ញើរបស់ម៉ាក់ពិតជាត្រឹមត្រូវ។ ពេលកម្មវិធីចប់ គេនាំគ្នាបើកឡានចេញទៅ ទាំងអ្នកខ្លះស្រវឹងមិនអាចបើកបរបានល្អទេ។ ខ្ញុំដើរមក រកឡានរបស់ខ្ញុំ ដោយមានជំនឿថាខ្ញុំនឹងត្រលប់មកផ្ទះវិញដោយសុវត្ថិភាព។ ក៏ប៉ុន្តែ ម៉ាក់អឺយ កូនមិនបានដឹងថាគ្រោះអាក្រក់នៅរង់ចាំកូនទេ! ពេលនេះខ្ញុំអង្គុយនៅលើផ្លូវថ្នល់ដោយអស់សង្ឃឹមខ្លាំងណាស់ ស្តាប់សំដីរបស់នគរបាលម្នាក់ដែលនិយាយថា “ក្មេងប្រុសដែលបង្កគ្រោះថ្នាក់នេះបានផឹកស្រាទាល់តែស្រវឹង”។ ម៉ាក់អឺយ សម្លេងរបស់គាត់ឮល្វើយៗនៅឆ្ងាយណាស់។ ឈាមរបស់ខ្ញុំហូរស្រោចពាសពេញដី តែខ្ញុំខំប្រឹងទប់ មិនយំទេ។ ខ្ញុំបានឮគ្រូពេទ្យនិយាយថា “ក្មេងស្រីនេះមិនរស់ទេ”។ វាហាក់ដូចជាថា ក្មេងប្រុសដែលបើកឡានយ៉ាងលឿននោះបានសម្រេចចិត្តថា ត្រូវតែផឹកស្រារួចបើកឡានឱ្យលឿន ហើយខ្ញុំត្រូវតែស្លាប់ អីចឹង។ ម៉ាក់អឺយ ហេតុអ្វីក៏គេធ្វើបែបនេះ បើដឹងហើយថាវាបំផ្លាញជីវិតមនុស្សច្រើនណាស់? ខ្ញុំឈឺចាប់ពេញខ្លួន បីដូចជាមានគេយកកាំបិតមកកាប់ចិញ្ច្រាំរាប់រយកាំបិតអីចឹង។ សូមម៉ាក់ប្រាប់ប្អូនស្រីថាកុំឱ្យវាយំអី ហើយប្រាប់ប៉ាផងថាត្រូវរឹងមាំឡើង។ កាលណាកូនបានទៅដល់ស្ថានសួគ៌ កូននឹងបែរមកថែទាំអ្នកទាំងអស់គ្នាវិញ។ វាគួរតែមានអ្នកណាម្នាក់បង្រៀនក្មេងប្រុសនោះ ថាការផឹកស្រាស្រវឹងរួចបើកបរ មិនត្រឹមត្រូវទេ។ បើសិនជាម្តាយឪពុកគាត់បានប្រាប់គាត់ ប្រហែលជាខ្ញុំមិនត្រូវស្លាប់បែបនេះទេ។ ដង្ហើមខ្ញុំកាន់តែខ្សោយទៅៗហើយ។ ម៉ាក់អឺយ នេះគឺជាពេលចុងក្រោយដែលកូនអស់សង្ឃឹមជាទីបំ ផុត។ កូនចង់ឱបម៉ាក់ក្នុងពេលដែលកូនដេកស្លាប់នៅទីនេះ។ កូនចង់និយាងប្រាប់ម៉ាក់ថា កូនស្រឡាញ់ម៉ាក់ខ្លាំងណាស់! ម៉ាក់ កូនស្រលាញ់ម៉ាក់។ លាហើយ!” ពាក្យប៉ុន្មានឃ្លានេះសរសេរឡើងដោយអ្នកសារព័ត៌មានម្នាក់ ដែលបានឃើញគ្រោះថ្នាក់។ នៅពេលដែលនាងជិតស្លាប់ ក្មេងស្រីនោះបាននិយាយពាក្យប៉ុន្មានឃ្លានេះ ហើយអ្នកសារព័ត៌មានបានយកមកសរសេរ ដោយប្រុងប្រយ័ត្ន។ រួចអ្នកសារព័ត៌មានដដែលនោះក៏បានចាប់ផ្តើមធ្វើការឃោសនាផ្សព្វផ្សាយរឿងនេះឡើង។ សូមជួយផ្ញើអត្ថបទនេះទៅឱ្យមិត្តភក្តិ បងប្អូនរបស់អ្នក និងអ្នកនាំដែលអ្នកស្រលាញ់ផង ដើម្បីឱ្យជីវិតរបស់អ្នក ឬក៏ជីវិតរបស់មនុស្សដែលអ្នកស្រលាញ់បានរួចផុតពីគ្រោះថ្នាក់។ សូមកុំអនុញ្ញាតិឱ្យនរណាម្នាក់ផឹកស្រាហើយបើកបរឱ្យសោះ។ បើផឹកស្រា សូមហៅរកតាក់ស៊ី ឬពឹងពាក់មិត្តភក្តិឱ្យជួយ។
វេបសាយសុខភាព Health.com.kh យល់ថា អត្ថបទនេះមានប្រយោជន៍ និងបង្កប់ន័យល្អណាស់ សូមជួយធ្វើការចែករំលែកសារនេះជាបន្ត ដើម្បីឱ្យបានយល់ដឹងកាន់តែច្រើន គឺថា”កុំផឹកស្រារួចបើកបរ”។
ប្រែសម្រួលដោយសាស្ត្រាចារ្យ ម៉ែន សេដ្ឋារតន៍