ខ្នែងពោះវៀនមនុស្សយើងគឺជារចនាសម្ព័ន្ធមួយប្រភេទដែលមានលក្ខណៈដូចម្រាមដៃ ដែលវាលោយចេញពីគល់របស់ពោះវៀនធំ។ សព្វថ្ងៃនេះអ្នកវិទ្យាសាស្រ្តមិនទាន់ដឹងឲ្យប្រាកដថា ហេតុអ្វីបានជាមនុស្សយើងមានខ្នែងពោះវៀននេះឡើយ តែអ្វីដែលគេដឹងគឺវាអាចនឹងរងការរលាក ទៅជាជំងឺរលាកខ្នែងពោះវៀន ឬពោះវៀនដុះខ្នែង។
វាមិនមានមធ្យោបាយណាមួយច្បាស់លាស់ទេក្នុងការថែរក្សាខ្នែងពោះវៀនមួយនេះកុំឲ្យរងការរលាក និងកុំឲ្យវាបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ ប៉ុន្តែមានរឿងច្រើនណាស់ដែលអ្នកប្រហែលជាអាចធ្វើបានដើម្បីបន្ថយការប្រឈមនឹងជំងឺដ៏គ្រោះថ្នាក់នេះបាន។ ខាងក្រោមនេះគឺជារឿងខ្លះៗដែលអ្នកគួរតែសាកល្បង៖
ញ៉ាំផ្លែឈើ
ដើម្បីការពារកុំឲ្យកើតជំងឺរលាកខ្នែងពោះវៀន យកល្អគួរតែធ្វើយ៉ាងណាកុំឲ្យមានបញ្ហាទល់លាមក។ នេះដោយសារតែ ការទល់លាមកអាចធ្វើឲ្យការបញ្ចេញជាតិពុល និងកាកសំណល់ក្នុងពោះវៀន ធ្វើឡើងមិនបានល្អ ដែលជាហេតុនាំឲ្យខ្នែងពោះវៀនងាយនឹងរងការរលាកបាន។ ដើម្បីទប់ស្កាត់ការទល់លាមក គឺគ្មានអ្វីក្រៅពីញ៉ាំផ្លែឈើច្រើនៗជារៀងរាល់ថ្ងៃឡើយ។ ការដែលញ៉ាំផ្លែឈើច្រើន មិនត្រឹមតែអាចបង្ការការទល់លាមក និងរលាកខ្នែងពោះវៀនទេ តែក៏អាចបន្ថយការប្រឈមនឹងការបង្ករោគបានដែរ។
ញ៉ាំបន្លែ
ការដែលប្រាកដថា អ្នកបានញ៉ាំបន្លែជារៀងរាល់ថ្ងៃ គឺជាទង្វើរមួយដ៏ល្អដែរ។ វាមិនខុសគ្នានឹងផ្លែឈើឡើយ ព្រោះបន្លែសម្បូរជាតិសរសៃដូចគ្នា ដែលវានឹងជួយបោសសម្អាតអ្វីៗដែលមានក្នុងពោះវៀនបានល្អ។ អ្នកជំនាញបានណែនាំថា ការដែលញ៉ាំបន្លែស្រស់ៗនិងបន្លែសរីរាង្គគឺជាមធ្យោបាយដ៏ល្អក្នុងការបង្ការជំងឺរលាកខ្នែងពោះវៀន ព្រមទាំងបញ្ហាសុខភាពផ្សេងៗទៀត។
ញ៉ាំទឹក
វាមិនគ្រប់គ្រាន់ទេដែលថា អ្នកត្រូវបញ្ចូលអាហារសម្បូរជាតិសរសៃក្នុងរបបអាហារប្រចាំថ្ងៃនោះ។ ការញ៉ាំទឹកច្រើនៗក្នុងមួយថ្ងៃក៏ជារឿងដ៏សំខាន់បំផុតក្នុងការបង្ការការទល់លាមកដែរ។ ការដែលញ៉ាំទឹកបានគ្រប់គ្រាន់នឹងជួយថែរក្សារាងកាយពីការខ្សោះជាតិ។ អ្នកគួរតែញ៉ាំទឹកប្រហែល ២លីត្រក្នុងមួយថ្ងៃ។ អ្នកក៏ប្រហែលជាត្រូវមើលទឹកនោមផង។ បើសិនជាទឹកនោមចេញជាពណ៌លឿងចាស់ មានន័យថាអ្នកត្រូវការញ៉ាំទឹកច្រើនជាងធម្មតា។
ហាត់ប្រាណ
ជឿអត់ថា ការដែលហាត់ប្រាណទៀងទាត់ក៏ប្រហែលជាជួយបន្ថយការប្រឈមនឹងការរលាកខ្នែងពោះវៀនដែរ។ នេះដោយសារតែ ការហាត់ប្រាណនឹងជំរុញដល់ចលនាពោះវៀនក្នុងការបញ្ចេញចោលជាតិពុល និងកាកសំណល់កាន់តែមានប្រសិទ្ធភាព។ ម៉្យាងវិញទៀត ការហាត់ប្រាណក៏ជួយបំបាត់ការទល់លាមកដែរ។
បន្ថយស្រ្តេស
ដោយសារតែការរលាកខ្នែងពោះវៀនគឺជាការបង្ករោគមួយប្រភេទ ដូច្នេះវាគឺជារឿងដែលល្អមួយដែលអ្នកគួរតែពង្រឹងប្រព័ន្ធភាពស៊ាំដើម្បីបន្ថយការប្រឈមនឹងជំងឺនេះ។ រឿងមួយដែលអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយនោះគឺ ស្រ្តេសខ្លាំង។ ក្រៅពីបំបាត់មូលហេតុនាំឲ្យស្រ្តេស អ្នកក៏គួរតែកាត់បន្ថយការស្រ្តេសតាមរយៈសកម្មភាពបន្ថយស្រ្តេសផ្សេងៗទៀតដូចជា ការតាំងសមាធិ ហាត់យូហ្គា ឬម៉ាស្សាជាដើម។
ញ៉ាំអាហារសម្បូរវីតាមីន C
មធ្យោបាយមួយផ្សេងទៀតក្នុងការពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ដើម្បីកុំឲ្យកើតជំងឺរលាកខ្នែងពោះវៀន គឺបញ្ចូលអាហារណាដែលសម្បូរវីតាមីន C ទៅក្នុងរបបអាហារប្រចាំថ្ងៃ។ បន្លែពណ៌បៃតងចាស់ និងផ្លែឈើជូរៗ គឺជាប្រភពចំបងមួយនៃវីតាមីន C៕