ខួរក្បាល គឺជាសរីរាង្គដ៏សំខាន់ និងស្មុគស្មាញបំផុតមួយក្នុងរាងកាយមនុស្ស ហើយមានតួនាទីចាំបាច់គ្រប់គ្រងលើសឹងគ្រប់សកម្មភាពទាំងអស់នៃរាងកាយ។ (អាន ៖ ឈប់ខ្វល់រឿងដេកមិនលក់ នៅពេលដឹងរឿងទាំងនេះ) មិនថា ការគិត, ការចងចាំ, ការនិយាយ ឬចលនានៃដៃជើងរួមទាំងមុខងារនៃសរីរាង្គផ្សេងទៀតជាច្រើន គឺសុទ្ធតែស្ថិតក្រោមការគ្រប់គ្រងរបស់ខួរក្បាល។ ដូច្នេះហើយទើបការរក្សាបាននូវខួរក្បាលដែលមានសុខភាពល្អ គឺជារឿងសំខាន់ណាស់។ ទោះជាយ៉ាងណា ខួរក្បាល ក៏ងាយនឹងទទួលរងការខូចខាត ឬបំផ្លាញ តាមរយៈសកម្មភាពធម្មតាមួយចំនួនផងដែរ។ ប៉ុន្តែថាតើសកម្មភាព ឬទម្លាប់ណាខ្លះទៅដែលមិនល្អចំពោះខួរក្បាល? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីទម្លាប់មួយចំនួនដែលអ្នកគួរបញ្ឈប់ ឬផ្លាស់ប្ដូរចេញភ្លាម ប្រសិនបើចង់រក្សាបាននូវខួរក្បាលដែលមានសុខភាពល្អប្រសើរ ៖
១. មិនទទួលទានអាហារពេលព្រឹក ៖ អ្នកដែលមិនទទួលទានអាហារពេលព្រឹក គឺងាយនឹងជួបប្រទះបញ្ហាកម្រិតជាតិស្ករក្នុងឈាមចុះទាបដែលអាចបណ្ដាលឲ្យមានការផ្គត់ផ្គង់សារធាតុចិញ្ចឹមចាំបាច់មិនបានគ្រប់គ្រាន់ទៅកាន់ខួរក្បាល។ ជាលទ្ធផលបញ្ហានេះនាំឲ្យខូចខួរក្បាល។
២. ទទួលទានច្រើនលើសពេក ៖ វាបណ្ដាលឲ្យសសៃឈាមខួរក្បាលរឹងក្រិន បង្កជាបញ្ហានៃការថយចុះនូវថាមពលផ្លូវចិត្ត, ការចងចាំ និងខ្សោយបញ្ញា។
៣. ការជក់បារី ៖ វាបណ្ដាលឲ្យខួរក្បាលប្រែជារួញ ហើយអាចបង្កជាជំងឺភ្លេចភ្លាំង។
៤. ការទទួលទានអាហារដែលមានជាតិស្ករខ្ពស់ពេក ៖ ការទទួលទានជាតិស្ករច្រើនពេកនឹងរារាំង ឬផ្ដល់ការរំខាន់ចំពោះការស្រូបយកនូវជាតិប្រូតេអ៊ីន និងសារធាតុចិញ្ចឹមច្រើនផ្សេងទៀតនៃរាងកាយ ហើយបង្កជាបញ្ហាកង្វះអាហារូបត្ថម្ភ និងប៉ះពាល់ដល់ការអភិវឌ្ឍន៍ខួរក្បាល។
៥. ការស្រូបខ្យល់ពុល ៖ ខួរក្បាល គឺសរីរាង្គដែលស្រូបយក និងប្រើប្រាស់អុកស៊ីសែនច្រើនបំផុតមួយនៅក្នុងរាងកាយ។ ការស្រូបយកខ្យល់ពុលកាត់បន្ថយការផ្គត់ផ្គង់អុកស៊ីសែនទៅកាន់ខួរក្បាល ជាហេតុនាំឲ្យប្រសិទ្ធិភាពសមត្ថភាពមុខងារនៃខួរក្បាលត្រូវថយចុះ។
៦. គេងមិនគ្រប់គ្រាន់ ៖ ការគេង គឺប្រៀបបាននឹងការផ្ដល់ពេលឲ្យខួរក្បាលបានសម្រាកខ្លះ។ ហើយការគេងមិនបានគ្រប់គ្រាន់អស់រយៈពេលយូរនឹងធ្វើឲ្យកោសិកាខួរក្បាលឆាប់ស្លាប់។
៧. ការគ្របក្បាល កំឡុងពេលគេង ៖ ការគេងគ្របក្បាលជិត គឺបង្កើនកំហាប់នៃកាបូនឌីអុកស៊ីត ហើយកាត់បន្ថយបរិមាណអុកស៊ីសែនក្នុងខួរក្បាលដែលអាចនាំឲ្យខួរក្បាលទទួលរងការបំផ្លាញគួរឲ្យព្រួយបារម្ភ។
៨. ប្រើប្រាស់ខួរក្បាលទាំងឈឺ ៖ ការខំប្រឹងធ្វើការ ឬរៀនទាំងកំពុងឈឺ គឺអាចនាំឲ្យកើតមានបញ្ហានៃការថយចុះនូវសមត្ថភាពប្រសិទ្ធភាពដ៏ប្រសើររបស់ខួរក្បាល ក៏ដូចជាធ្វើឲ្យខួរក្បាលឆាប់ខូចផងដែរ។
៩. កង្វះការគិត ឬប្រើប្រាស់ខួរក្បាល ៖ ការគិត គឺវិធីដ៏ល្អប្រសើរបំផុតមួយដើម្បីហ្វឹកហាត់សមត្ថភាពរបស់ខួរក្បាល ហើយកង្វះនៃការគិតអាចនាំឲ្យខួរក្បាលរួញស្វិត៕